សារព័ត៌មាន sputnik បានផ្សាយថា ប្រធានាធិបតីទួរគីលោក Tayyip Erdogan ពេលថ្មីៗនេះបានប្រកាសថា ទួរគីមិនត្រូវការចូលជាសមាជិកអឺរ៉ុបទៀតឡើយ ក្រោយពិភាក្សាជាច្រើនឆ្នាំតែទួរគីនៅតែមិនអាចចូលជាមួយអឺរ៉ុប។ មិនមែនភាគីទួរគីជាអ្នកបោះបង់ឡើយ គឺអឺរ៉ុបជាអ្នកផ្តើម។
នៅក្នុងសុន្ទរកថានៅសភា ប្រធានាធិបតីទួរគីលោក Erdogan បានបញ្ជាក់ថា ទួរគីនឹងមិនបោះបង់គោលបំណងចូលជាសមាជិកអឺរ៉ុប ប៉ុន្តែអឺរ៉ុបដែលជាអ្នកបង្ខំឲ្យ ទួរគីត្រូវបោះបង់។ លោក អុីដូហ្គែន បន្តទៀតតថា «ខ្ញុំសូមនិយាយការពិត ពេលនេះយើងមិនត្រូវការទៀតឡើយ ក្នុងការក្លាយជាសមាជិករបស់អឺរ៉ុប»។
កាលពីខែកញ្ញាកន្លងទៅ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោកស្រី Angela MerKel បានបញ្ជាក់ថា លោកស្រីនឹងស្វែងរកវិធីសាស្ត្របញ្ចប់កិច្ចពិភាក្សាចូលជាសមាជិកអឺរ៉ុបរបស់ទួរគី។ នៅពេលនេះកិច្ចពិភាក្សាខាងលើ បានផ្អាកទៅហើយ ក្នុងពេលដែលប្រទេសសមាជិកអឺរ៉ុបរិះគន់យ៉ាងខ្លាំង ដល់ប្រធានាធិបតី អុីដូហ្គែន។
លោក អុីដូហ្គែន បញ្ជាក់ថា នៅពេលនេះ អឺរ៉ុបមិនគាំទ្រទួរគីក្នុងសង្គ្រាមប្រឆាំងភេរវកម្ម។ មិនតែប៉ុណ្ណោះ អឺរ៉ុបបានបង្ហាញការខកចិត្តចំពោះសកម្មភាពដែលរុស្ស៊ីវាយប្រហារទៅលើទីតាំងរបស់កក្រុម IS ។
ការដែលរដ្ឋាភិបាលទីក្រុង អង់ការ៉ា សម្រេចមិនចូលជាសមាជិកសហគមន៍អឺរ៉ុបដោយសារតែ មានទំនាក់ទំនងល្អជាមួយរុស្សីលើគ្រប់វិស័យ ក្រោយពេលមានតំណើរទស្សនកិច្ច របស់មេដឹកនាំទាំងពីរទៅវិញទៅមក។ កន្លងមកប្រមុខរដ្ឋរុស្ស៊ីធ្វើដំណើរទស្សនកិច្ច១ថ្ងៃទៅទីក្រុងអង់ការ៉ា ដើម្បីនិយាយពីវិបត្តិនយោបាយ និងសង្រ្គាមនៅអុីរ៉ាក់ និងនៅស៊ីរី។ ប្រមុខដឹកនាំរុស្ស៊ី និងទួរគីនឹងពិភាក្សាគ្នាផងដែរ ពីកិច្ចសន្យាទិញអាវុធសម្រាប់កងទ័ពទួរគី។
ទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីនៅរដ្ឋធានីអង់ការ៉ា ប្រទេសទួរគី បានបាំងបិទទាំងស្រុងវិបត្តិការទូត ដ៏ធ្ងន់ធ្ងរដែលប្រទេសទាំង២ធ្លាប់មាននឹងគ្នាកាលពី២ឆ្នាំមុន។ នៅឆ្នាំ២០១៦ ទំនាក់ទំនងរុស្ស៊ី និងទួរគី បានធ្លាក់ចុះសឹងដល់កម្រិតសូន្យ បន្ទាប់ពីទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី១គ្រឿង ដែលធ្វើប្រតិបត្តិការនៅព្រំដែនស៊ីរី ជាមួយទួរគីកាលពីខែវិច្ឆិកាឆ្នាំ២០១៥។
នៅក្នុងវិបត្តិស៊ីរីទួរគី និងរុស្ស៊ីមានជំហរមិនដូចគ្នានោះទេ។ អាចថា ភាគីទាំង២ត្រូវប្រឈមមុខដាក់គ្នាដោយខានមិនបាន ព្រោះថា រុស្ស៊ី និងអុីរ៉ង់ ធ្វើប្រតិបត្តិការយោធាការពារគាំទ្រប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ចំណែកទួរគីឯណោះ ផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាដល់ក្រុមទាហានប្រឆាំងស៊ីរី ដែលប្រយុទ្ធតតាំងនឹងទាហានរដ្ឋាភិបាលរបស់លោក បាស្សា អាល់អាសាដ។
ទោះមានជំហរមិនដូចគ្នា នៅក្នុងការដោះស្រាយវិបត្តិស៊ីរី ប៉ុន្តែទួរគី និងរុស្ស៊ីនៅតែអាចដាក់ការខ្វែងគំនិតគ្នានៅកន្លៀតជញ្ជាំង និងងាកត្រឡប់មកចរចាត្រូវរ៉ូវគ្នា រហូតបង្កើតបានតំបន់គ្មានការផ្ទុះអាវុធ នៅស៊ីរីនៅពាក់កណ្តាលខែកញ្ញានេះ។ ទួរគីបានលះបង់ចោលជំហររឹងត្អឹងរបស់ខ្លួន ដើម្បីងាករេទៅរករុស្ស៊ី បន្ទាប់ពីទួរគីកាន់តែលែងចុះសម្រុង និងថ្នាំងថ្នាក់កាន់តែខ្លាំង ជាមួយប្រទេសលោកខាងលិច ជាពិសេសអាមេរិក និងអាល្លឺម៉ង់។ ទួរគី ចាប់អាក់អន់ចិត្តនឹងអាល្លឺម៉ង់ នៅក្រោយអាល្លឺម៉ង់ រិះគន់នយោបាយបោសសម្អាត របស់រដ្ឋាភិបាលលោក អុីដូហ្គែន នៅក្រោយផែនការធ្វើរដ្ឋប្រហារយោធាមិនបានសម្រេច នៅទួរគី។ ការរឹតចំណងទួរគី និងរុស្ស៊ី រហូតដល់ការប្រកាសកិច្ចសន្យាទិញប្រព័ន្ធខែលមីស៊ីលរុស្ស៊ី ដើម្បីបំពាក់ឲ្យកងទ័ពទួរគី រឹតតែធ្វើឲ្យប្រទេសខាងលិចបារម្ភ និងអាចបង្កជាបញ្ហាចោទសម្រាប់ទួរគី ដែលជាសមាជិករបស់អង្គការអូតង់នាំមុខដោយអាមេរិក៕ ម៉ែវ សាធី