នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌិត គឺមានសារសំខាន់យ៉ាងខ្លាំង ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅតំបន់មជ្ឈិមបូព៌ា ពិសេសគឺនៅក្នុងប្រទេសស៊ីរីដែលសង្គ្រាមជិតបញ្ចប់ទៅហើយនោះ។
កាលពីថ្ងៃទី៥ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន បានទទួលស្វាគមន៍ សេ្ដចអារ៉ាប៊ីសាអ៊ូឌីត King Salman សម្រាប់កិច្ចពិភាក្សាគ្នាមួយនៅវិមានក្រឹមឡាំង ដើម្បីពង្រឹងមិត្តភាពដែលមានសារសំខាន់ ចំពោះតម្លៃប្រេងពិភពលោក និងអាចសម្រេចចិត្តចំពោះលទ្ធផលនៃជម្លោះនៅស៊ីរីផងដែរ។
ស្ដេច King Salman ដែលជាស្តេចអារ៉ាប៊ីសាអ៊ូឌីតដំបូងបំផុតធ្វើទស្សនកិច្ចនៅរុស្ស៊ីតាមសេចក្តីរាយការណ៍ បានដឹកនាំគណៈប្រតិភូទៅទីក្រុងមូស្គូយល់ស្របលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាមានតម្លៃរាប់ពាន់លានដុល្លារ ដោយបានផ្តល់នូវការវិនិយោគដ៏ចាំបាច់បំផុតសម្រាប់ប្រទេសរុស្ស៊ីសម្រាប់សេដ្ឋកិច្ចរុស្ស៊ី ដែលត្រូវបានញាំញីដោយតម្លៃប្រេងទាប និងទណ្ឌកម្មប្រទេសលោកខាងលិច។
យោងតាមប្រភពព័ត៌មានពីកាសែតរ៉យទើ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយលើការទិញយកប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ីហើយនោះក៏ជាការបង្ហាញឲ្យឃើញនូវការផ្លាស់ប្តូរសម្រាប់ព្រះរាជាណាចក្រដែលទិញយកសម្ភារយោធាភាគច្រើនពីសហរដ្ឋអាមេរិក និងអង់គ្លេស៕ ម៉ែវ សាធី