ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យជាង៥០០គ្រួសារនឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ នៅពេលដែលការស្ថាបនាប្រឡាយនិងផ្លូវអមសងខាងប្រឡាយនេះ ស្ថានាបានរួចរាល់។ មិនត្រឹមតែប៉ុណ្ណឹងទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំតបណ្តាញទឹកស្អាត ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ រួមនឹងការដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ដើម្បីអោយតំបន់នេះក្លាយជាទីក្រុងស្ទឹងមានជ័យ ។
អាជ្ញាធររាជធានីភ្នំពេញបានបង្ហាញពីគម្រោងនេះកាលពីព្រឹកថ្ងៃទី០៦ តុលា ឆ្នាំ២០១៧ ក្នុងវេទិកា សាធារណៈស្តីពីគម្រោងស្តារនិងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ដែលមានប្រជាពលរដ្ឋរងផល ប៉ះពាល់ជាង៥០០គ្រួសារ នៅក្នុងទីអារាមវត្តស្ទឹងមានជ័យ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍនេះមានប្រវែង១៣៥០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។ ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ។ ប្រឡាយស្ទឹងមានជ័យនេះបានដើរតួយ៉ាង សំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។
ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្ចើម ២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ ។ មន្ត្រីដដែលបានបន្តថា បើសំណង់នៅតែមិនរៀបរយបែបនេះ វានឹងបង្កអោយមានហានិភ័យច្រើនណាស់ ដូចជាមានអគ្គីភ័យយើងជួយមិនបាន ដោយឡានទឹកចូលមិនរួច និងប៉ះពាល់អនាម័យបរិស្ថានធ្ងន់ធ្ងរ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញដាច់ខាតត្រូវតែធ្វើការអភិវឌ្ឍន៍ និងទទួលបានផលប្រយោជន៍ឈ្នះទាំងអស់គ្នា។
លោក មាន ចាន់យ៉ាដា បានបន្ដថា៖ ការបើកអោយមានវេទិកាសាធារណៈនេះឡើង មានគោលបំណង់ចង់អោយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នៃគម្រោងខាងលើនេះបានបញ្ចេញមតិ យោបល់និងការកង្វល់របស់ពួកគាត់ ដើម្បីអោយ អាជ្ញាធរបានជួយដោះស្រាយនិងសម្រួលជូនពួកគាត់ មុននឹងការដ្ឋាននេះចាប់ផ្តើមដំណើរការឡើង ។
លោកបន្ដថា៖ ជាគម្រោងការបើកការដ្ឋាននឹងត្រូវធ្វើឡើងជាតំណាក់ការៗ ហើយផ្ទះប្រជាពលរដ្ឋក៏ត្រូវរុះរើមកស្នាក់នៅជាបណ្តោះអាសន្ននៅតាមតង់ជាតំណាក់ការផងដែរ ពោលគឺអាចប្រមាណ១០០គ្រួសារម្តង ។ចំពោះពេលវេលាប្រជាពលរដ្ឋអាចស្នាក់នៅជាបណ្តោះអាសន្ននៅតាមតង់នេះប្រមាណ២ទៅ៣ខែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តីពាក់ព័ន្ធនិងបញ្ហានេះ លោក មាន ចាន់យ៉ាដាបានសំណូមអោយប្រជាពលរដ្ឋទាំអស់ចូលរួមជាមួយអាជ្ញាធរទាំងអស់គ្នាដើម្បីជម្រុញការដ្ឋាននេះអោយបានលឿននិងឆាប់បានទទួលប្លង់កម្មសិទ្ធិស្របច្បាប់។
សូមបញ្ជាក់ថា៖ ក្នុងវេទិកាសាធារណៈស្តីពីគម្រោងស្តារនិងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យនេះ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់បាន គាំទ្រយ៉ាងពេញទំហឹង និងជម្រុញអោយអាជ្ញាធរអនុវត្តការងារនេះអោយបានឆាប់ បើទោះបីពួកគាត់ ប្រឈមនិងការលំបាកមួយចំនួននៅពេលរុះរើផ្ទះរបស់ពួកគាត់ក៏ដោយ៕ សំរិត