ព័ត៌មានទាន់ហេតុការណ៍៖

ប្រជុំវេទិកាដោះស្រាយបញ្ហាប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ និងជាពិសេសពលរដ្ឋ ដែលរស់នៅលើប្រឡាយ និងនៅតាមមាត់ប្រឡាយជាច្រើនគ្រួសារបានចូលរួមវេទិកាសាធារណៈ ដែលបានរៀបចំឡើងដោយសាលាខណ្ឌមានជ័យនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យគោលបំណងពន្យល់ដោះស្រាយជូនដល់ពលរដ្ឋប្រឈមរាល់កង្វះខាត និងផលប៉ះពាល់ដល់ពលរដ្ឋរស់នៅលើ ប្រឡាយស្ទឹងមានជ័យនេះ។ វេទិកានេះក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក មាស ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងលោក សាំ ពិសិដ្ឋ ប្រធានសាធារណៈការក្រុង ព្រមទាំងអស់លោក លោកស្រីជាអភិបាលរងខណ្ឌផងដែរ និងប្រជាពលរដ្ឋប្រមាណជាង៥០០នាក់។

ជាការពិតណាស់ ក្នុងរយៈពេលកន្លងមកនេះនៅរាជធានីភ្នំពេញដោយ សារមានកំណើនប្រជាពលរដ្ឋចូលមកយ៉ាងគំហុកតាមរយៈការស្រូបយកកំលាំងពលកម្មធ្វើឲ្យទីក្រុងភ្នំពេញប្រឈមនឹងបញ្ហាសណ្តាប់ធ្នាប់នៃការរស់នៅ និងរស់នៅដោយមិនរៀបរយ ដែលធ្វើឲ្យការរស់នៅបណ្តោះអាសន្នប៉ះពាល់ទៅដល់ទ្រព្យសម្បតិ្តរដ្ឋ និងទ្រព្យឯកជន ហើយក្នុងនោះទ្រព្យរដ្ឋក៏មានច្រើនកន្លែងដែរ ទោះបីយើងបានចុះបញ្ជីសារពើភ័ណ្ឌហើយក៏ដោយចុះ ប៉ុន្តែប្រជា ពលរដ្ឋមករស់នៅ២ឬ៣ទស្សវត្សនេះ យើងនៅតែដោះស្រាយមិនទាន់បាន។

ជាមួយគ្នានេះផងដែរ អាជ្ញាធរក៏មានវិធានការជាច្រើនរយៈពេលកន្លងមក ដូចជាការដោះស្រាយតំបន់អភិវឌ្ឍន៍ជាច្រើន ដែលប្រឈមជាមួយនឹងបញ្ហា ដែលបង្កើតជាបញ្ហា បាតុកម្ម ការទាមទារជាបន្តបន្ទាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដូចជាករណីបឹងកក់ បុរីកីឡា តំបន់ជ្រោយចង្វា ឬក៏តំបន់ពោងពាយ និងតំបន់ផ្សេងៗទៀត។ ដោយឡែកកន្លែងណាដែលមិនល្អ ក្លិនស្អុយអាជ្ញាធរត្រូវតែរុះរើហើយ ដើម្បីរៀបចំ អាជ្ញាធរប្រកាន់ខ្ជាប់វិធានការរដ្ឋបាលដើម្បីគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ គឺជាទង្វើត្រឹមត្រូវស្របច្បាប់។

ទន្ទឹមនឹងនេះផងដែរ លោកអភិបាលរងខណ្ឌមានជ័យក៏បានមានប្រសាសន៍ថា ប្រឡាយស្ទឹងមានជ័យមានទទឹង៣០ម៉ែត្រ ផ្អែកតាមសំណើរប្រ ជាពលរដ្ឋស្នើសុំស្តារប្រឡាយត្រឹមទទឹង៨ម៉ែត្រ នឹងធ្វើផ្លូវអមប្រឡាយ៦ម៉ែត្រ សល់ពីនោះទុកសង់ផ្ទះ។ ចំពោះសហគមន៍ព្រែកតាគង់ ពលរដ្ឋស្នើសុំអភិវឌ្ឍន៍នៅនឹងកន្លែង ប៉ុន្តែខាងមន្ត្រីជំនាញថាជាប់ពាក់ព័ន្ធនឹងសារាចររដ្ឋាភិបាល។

ជាចុងក្រោយ លោក មាស ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីបានលើកឡើងថា ក្នុងនាមជាអាជ្ញាធរយើងត្រូវទទួលខុសត្រូវ ហើយក្នុងនោះយើងទទួលបានសំណូមពរពីពលរដ្ឋ១៥នាក់ក្នុងសហគមន៍យើង។

លោកបន្តថា នេះបានបង្ហាញជាគំរូមួយ ហើយបានបង្ហាញទៅដល់សហគមន៍ដទៃទៀតថាមុននឹងយើងធ្វើការសម្រេច គឺយើងត្រូវការពិគ្រោះយោបល់ និងចូលរួមឯកភាពពីសំណាក់បងប្អូនប្រជាពលរដ្ឋទើបគម្រោងរបស់យើងទទួលបានជោគជ័យ។ ដោយឡែកសំណួរដែលទទួលបានជាមួយនឹងក្រុមការងារទទួលបាននិងពិនិត្យទៅឃើញថាគឺថា សរុបសំណូមពរគឺត្រឹមត្រូវទាំងអស់មានការគាំទ្រជាឯកច្ឆ័យក្នុងការស្តារនឹងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យនេះ។ នេះគឺជាចំណុចធំក្នុងការធ្វើវេទិកាសាធារណៈនៅថ្ងៃនេះ គឺយើងបានការឯកភាពគ្នា ទាំងទៅលើលកិ្ខណៈបច្ចេកទេស ទាំងទៅលើការដោះស្រាយ នឹងទៅលើការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលបានឯកភាពទៅលើគម្រោងនេះ។ បងប្អូនបានលើកជាសំណួរជាច្រើនទាក់ទងទៅលើកង្វល់របស់ពលរដ្ឋលើការរុះរើផ្ទះសម្បែង និងទាក់ទងការស្នាក់នៅជាបណ្តោះអាសន្ន។

លោកអភិបាលរងក្រុងក៏បានបន្តថា បញ្ហានេះយើងនឹងព្យាយាមជាអតិ បរិមាដើម្បីធ្វើយ៉ាងដូចម្តេចឆ្លើយតបឲ្យបានច្រើនបំផុត កាត់បន្ថយឲ្យអស់លទ្ធភាពនូវកង្វល់របស់បងប្អូនទាក់ទងទៅនឹងតង់ស្នាក់នៅ ទាក់ទងទៅនឹងរឿងទឹកភ្លើង។

ក្នុងនោះផងដែរ លោកអភិបាលរងរាជធានីក៏បានស្នើឲ្យអាជ្ញាធរខណ្ឌ មានជ័យ ជាពិសេសលោក ពេជ្រ កែវមុនី អភិបាលខណ្ឌចុះទៅពិនិត្យមើលកន្លែងដែលត្រូវរុះរើផ្ទះសម្បែងរបស់ពលរដ្ឋនេះ ហើយកន្លែងស្នាក់នៅបណ្តោះអាសន្ននោះជួយឈួសឆាយឲ្យបានស្អាតដោយសហការជាមួយខាងមន្ទីរសាធារណៈការ ហើយរដ្ឋាករស្វយ័ត្នរាជធានីភ្នំពេញផងដែរដើម្បីដោះស្រាយជូនបងប្អូន។

ជាមួយគ្នានេះលោក មាស ចាន់យ៉ាដា អភិបាលរងក្រុងក៏សូមអំពាវនាវដល់ពលរដ្ឋផងដែរមេត្តាយោគយល់នូវចំណុចខ្វះខាត៕ តាឡឹម


ចែករំលែក៖