ជប៉ុននៅពេលនេះបានរំលាយរដ្ឋសភា នឹងរៀបចំការបោះឆ្នោត សភាថ្មី ដែលជា សកម្មភាពត្រូវបាន អ្នកឯកទេស បញ្ជាក់ ថា ជាការពង្រឹងអំណាចរបស់ នាយករដ្ឋ មន្ត្រីស៊ីនាហ្សូ អាបេ ក្នុងពេលដែលមាន ពលរដ្ឋគាំទ្រលោកកើនឡើងខ្ពស់។
លោកស៊ីនហ្សូ អាបេបានថ្លែងនៅក្នុង កម្មវិធីតស៊ូមតិតាមទូរទស្សន៍ជាមួយលោកស្រីយូរីកូ អភិបាលក្រុងតូក្យូ និងជាប្រធាន គណបក្សនយោបាយទើបបង្កើតថ្មីឈ្មោះគណបក្សនៃក្តីសង្ឃឹម នៅមុនការបោះ ឆ្នោតថា « ការដាក់គំនាបខ្លាំងលើកូរ៉េខាងជើងនឹងអាចបង្កើតឲ្យមានស្ថានការណ៍ មួយដែលបង្ខំរបបក្រុងព្យុងយ៉ាងឲ្យចូលតុចរចាក៏ដូចជាការផ្លាស់ប្តូរនយោបាយ » នេះ។ កម្មវិធីតស៊ូមតិរវាងលោកអាបេ នឹងលោកស្រីយូរីកូ ត្រូវបានធ្វើឡើងនៅក្នុង ក្របខ័ណ្ឌនៃយុទ្ធនាការឃោសនាបោះឆ្នោតសភាមុនកាលកំណត់ដែលគ្រោងរៀបចំនៅថ្ងៃទី២២ តុលាខាងមុខ។
គួររម្លឹកជូនថា លោកនាយករដ្ឋមន្រ្តី អាបេខ្លួនឯងបានប្រកាសក្នុងខែកញ្ញាកន្លងទៅពីការរៀបចំបោះឆ្នោតសភាមុនកាល កំណត់ដោយសង្ឃឹមថា នឹងអាចបន្តអាណត្តិរបស់លោកក្នុងពេលដែលភាពតានតឹងជាមួយកូរ៉េខាងជើងកំពុងឡើងខ្លាំង បន្ទាប់ពី របបក្រុងព្យុងយ៉ាងបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលបាលីស្ទិកចំនួនពីរគ្រាប់ហោះឆ្លងកាត់ទឹកដីជប៉ុន។ នៅក្នុងការបោះឆ្នោតសភាខាងមុខ គណបក្សសេរីប្រជាធិបតេយ្យរបស់លោកអាបេដែលធ្លាប់បានកាន់អំណាចច្រើនដងក្នុងសម័យក្រោយសង្រ្គាមបាននាំមុខគេ តែ មិនអាចធានាថានឹងទទួលបានអាសនៈ ២ភាគ៣ នៃ ៤៦៥អាសនៈនៅក្នុងសភា ទេ។
អ្វីដែលលោកអាបេសង្ឃឹម គឺទទួល បានអាសនៈ ២ភាគ៣ ដើម្បីអនុញ្ញាតឲ្យលោកកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជប៉ុនសព្វថ្ងៃ។ មានគណបក្សធំៗចំនួន ៣ ដែលកំពុងប្រជែងគ្នាខ្លាំងនាការបោះឆ្នោតសភាខាងមុខ គឺគណបក្សសេរីប្រជាធិប តេយ្យរបស់លោកអាបេ គណបក្សប្រជា ធិបតេយ្យ និងគណបក្សនៃក្តីសង្ឃឹមដែលទើបបង្កើតថ្មីរបស់លោកអភិបាលក្រុងតូក្យូយូរីកូ។ លោកស្រីយូរីកូ ដែលកំពុងមានប្រជាប្រិយភាពខ្លាំងបានបញ្ជាក់ថា លោកនឹងបិទបញ្ចប់ទំព័រសករាជនៃនយោបាយចាស់គំរឹល របស់គណបក្សសេរីប្រជាធិបតេយ្យ៕ ម៉ែវ សាធី