ការស្ទង់មតិនាពេលកន្លងមក លោក ពូទីនទទួលបានការគាំទ្ររហូតដល់ជាង ៧០ភាគរយ គឺជាចំនួនដ៏ច្រើនបំផុត ក្នុង ចំណោម ថ្នាក់ដឹកនាំរុស្ស៊ីនាពេលកន្លងមក ប៉ុន្តែ នៅក្នុងឱកាសខួបកំណើត៦៥ឆ្នាំរបស់ លោកពូទីន គឺមានពលរដ្ឋរាប់ពាន់នាក់ ធ្វើបាតុកម្មនៅទីក្រុងជាច្រើនក្នុងប្រទេស រុស្ស៊ីប្រឆាំងនឹងការដឹកនាំរបស់លោក។ ការធ្វើបាតុកម្មប្រឆាំងខាងលើជាសញ្ញា មួយមិនល្អឡើយសម្រាប់លោកពូទីន ពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសល់តែ៥ខែទៀតប៉ុណ្ណោះ។
ប៉ុន្តែ មកទល់ពេលនេះ លោកពូទីនមិនទាន់ប្រកាសជាផ្លូវការថា នឹងបន្តឈរ ឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឡើយ។ ប៉ុន្តែ ក្រុម អ្នកជំនាញបញ្ចាក់ថាលោកពូទីន អាចនឹងបន្តដឹកនាំរុស្ស៊ីមួយអាណត្តិទៀត។
នៅក្នុងក្បួនបាតុកម្មនាទីក្រុង Saint-Petersbourg ជាក្រុងកំណើត របស់លោក ពូទីន គឺ មានពលរដ្ឋរុស្ស៊ីបានរួមប្រជុំយ៉ាងច្រើនកុះករ។ក្រៅពីនេះនៅមានទីក្រុង ជាង ៨០ ក៏បានចូលរួមធ្វើបាតុកម្មប្រឆាំង តាមសេចក្តីអំពាវនាវ របស់លោក Alexei Navalny មេប្រឆាំងដែលមានប្រជាប្រិយ អាយុ៤១ឆ្នាំ ល្បីដោយសារអត្ថបទរបស់គាត់ប្រឆាំងនឹងអំពើពុករលួយ ហើយត្រូវ អាជ្ញាធរចាប់ខ្លួន រាប់សិបដង។ ចំណែក នៅរដ្ឋធានីមូស្គូ មានបាតុករជាង១.០០០ នាក់ ដែលភាគច្រើនជាយុវជន បានទៅ ជួបជុំគ្នានៅលើទីលាន នាម មហាកវីរុស្ស៊ី Pouchkine និងនៅតាមសរសៃផ្លូវដ៏ធំចំ កណ្តាលក្រុង ដែលបែកចេញពីវិមានក្រឹម ឡាំងតែម្តង ទោះបីមានការហាមឃាត់ពីខាងសាលាក្រុងក្តី។
ពួកគេ បាននាំគ្នាស្រែកបន្លឺឡើងនូវ ឃ្លាដៀមដាមសព្វបែបយ៉ាងដូចជា “ជូន ពរថ្ងៃកំណើតឬពូទីន ជាក្តីអាម៉ាស់របស់ ប្រទេសរុស្ស៊ី “។ នៅពីមុខមីក្រូអ្នកកាសែត នារី Maria Antonienko ជានិស្សិតអាយុ ១៨ឆ្នាំ បាននិយាយដូចតទៅថា ខ្ញុំចង់ បញ្ឈប់សកម្មភាពមិនគប្បីរបស់ពូទីន។ ខ្ញុំចង់ឲ្យរុស្ស៊ីប្រែក្លាយជាប្រទេសអឺរ៉ុប។ ខ្ញុំចង់រស់នៅដោយមានសេរីភាព។ ខ្ញុំមិន ត្រូវការទេរបបដូចនៅអាស៊ីឬកូរ៉េខាង ជើង។ ចំណែកនិស្សិត Vladimir Nemykh អាយុ១៨ ឆ្នាំដែរ អះអាងថា ខ្ញុំមិនខ្លាចត្រូវប៉ូលិសចាប់ខ្លួនឡើយ បើពួកគេចាប់រូបខ្ញុំ នោះខ្ញុំត្រៀមដេក ក្នុងគុកប៉ុន្មានយប់ក៏ ដោយ ដ្បិតខ្ញុំយល់ថាការប្រឆាំងរបស់ខ្ញុំគឺត្រឹមត្រូវ។
រីឯបុរស Orest Tchentchessov អាយុ ៤៣ ឆ្នាំ ដែលធ្លាប់បានត្រូវឃាត់ខ្លួននៅក្នុងបាតុកម្មកាលពីប៉ុន្មានខែមុន បានពន្យល់ ថា ខ្ញុំមិនអាចមិនមកចូលរួម ក្នុងមិទ្ទិញ លើកនេះឡើយ។ ខ្ញុំផ្ទាល់មិនគាំទ្រ លោក Navalny ទេ ប៉ុន្តែខ្ញុំមកទីនេះ ពីព្រោះខ្ញុំ យល់ថា គាត់មានសិទ្ធិឈរឈ្មោះជាបេក្ខ ជន ចូលប្រឡូកក្នុងការបោះឆ្នោតថ្ងៃមុខ។ ទោះជាយ៉ាងណាក្តី ក៏គជបដោយយោង លើច្បាប់រុស្ស៊ី បានប្រកាសតាំងពីខែមិថុនា ម៉្លេះថា មេប្រឆាំងឈ្មោះ Navalny មិន អាចក្លាយជាបេក្ខជន នៅក្នុងការបោះឆ្នោត ឆ្នាំក្រោយឡើយ ព្រោះគាត់ជាប់ឈ្មោះជា ទណ្ឌិតតាមបទគៃបន្លំលុយរដ្ឋ។
តាមតួលេខប៉ូលិស បាតុករទាំងនោះ មានចំនួនប្រមាណ ៧០០ នាក់។ អាជ្ញាធរ បានចាត់វិធានការសន្តិសុខ យ៉ាងម៉ឺងម៉ាត់ តាមវិធីពង្រាយកងកម្លាំងប្រឆាំងកុបកម្ម ឲ្យរក្សាសណ្តាប់ធ្នាប់។ មហាផ្ទៃមូស្គូ សង្កត់ធ្ងន់ថា ក្នុងមិទ្ទិញដែលបានប្រព្រឹត្ត ទៅ អស់ ២ម៉ោងកន្លះ គ្មានការឃាត់ខ្លួន បាតុករណាម្នាក់ឡើយ៕ ម៉ែវ សាធី