ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រ និងអ្នកក្នុងចង្កោមសិល្បៈក្រោយពីគេលេចចេញដំណឹងថា តារាស្រីលំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា ត្រៀមចូលរោងការជាមួយកូនប្រុសថៅកែផលិតកម្មហង្សមាស។ ទោះជាយ៉ាងណា ការលើកឡើងនេះ ត្រូវបានម្តាយតារាស្រីរូបនេះចេញមុខបដិសេធមិនទទួលស្គាល់ ហើយចាត់ទុកថាជាការកេងចំណេញពីដំណឹងខាងលើតែប៉ុណ្ណោះ។
ក្នុងវ័យ៣០ឆ្នាំ ហើយ ឱក សុគន្ធកញ្ញា នៅតែមិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីជាផ្លូវការនៅឡើយ ក្រោយពីបែកស្នេហ៍ជាមួយតន្ត្រីករលោក រ៉េត ធីដូណា អស់ជាច្រើនឆ្នាំមកនោះ។
ប៉ុន្តែថ្មីៗនាងបានធ្វើឲ្យគេចាប់អារម្មណ៍ក្រោយពីលេចេញដំណឹងជាមួយនឹងរូបថតរួមគ្នាជាមួយកូនប្រុសថៅកែផលិតកម្មក្នុងថ្ងៃខួបកំណើតនាង ហើយត្រូវបានអ្នកធ្វើការក្នុងផលិតកម្មខាងលើលើកឡើងថា ពួកគេបានភ្ជាប់ទំនាក់ទំនងស្នេហ៍នឹងគ្នារហូតភ្ជាប់ពាក្យរួចហើយដែរ។ កូនប្រុសថៅកែផលិតកម្មហង្សមាស និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះម្នាក់ដែរនោះគឺលោក អ៊ឹង សុខលី ។ ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលីធ្លាប់បែកធ្លាយដំណឹងស្នេហាម្ដងរួចមកហើយកាលពី៥ឆ្នាំមុន អំឡុងពេលតារាចម្រៀងល្បីឈ្មោះរូបនេះ បានចែកផ្លូវគ្នាជាមួយអតីតសង្សារជាតន្ត្រីករ។
អ្នកស្រី អ៊ឹង ថាច ត្រូវជាម្ដាយរបស់តារាចម្រៀងនាង ឱក សុគន្ធកញ្ញា បានចេញមុខបញ្ជាក់ជំនួសកូនស្រីថា រឿងកំពុងផ្ទុះរវាងកូនស្រីរបស់ខ្លួន និងអ្នកដឹកនាំល្បីឈ្មោះរបស់ទូរទស្សន៍ ហង្សមាស គឺជារឿង មិនពិតនោះទេ ពោលគឺមានអ្នកបំភ្លៃដើម្បីផលចំណេញ និងចង់បំបាក់មុខកូនស្រីរបស់អ្នកស្រី។
អ្នកស្រីបញ្ជាក់ថា គឺគ្មានអ្វីត្រូវលាក់បាំងនោះទេ ប្រសិនបើវាជាការពិតមែន តើឲ្យអ្នកស្រីត្រូវប្រាប់យ៉ាងម៉េច។ ទោះជាបែបនេះក្ដី អ្នកស្រីអះអាងថា ដំណឹងភ្ជាប់ពាក្យ ឬអាចចូលរោងការជាមួយអ្នកដឹកនាំល្បីឈ្មោះរូបនេះទៅថ្ងៃមុខមានភាព ប្រែប្រួលយ៉ាងណា អ្នកស្រីមិនអាចបញ្ជាក់បានទេ ដោយទុកឲ្យកូនស្រី ជាអ្នកសម្រេចចិត្ត។
ដោយឡែក លោក អ៊ឹង សុខលី ដែលជាអ្នកដឹកនាំល្បីឈ្មោះរបស់ស្ថានីយទូរទស្សន៍ ហង្សមាស មិនអាចសុំការបញ្ជាក់បានទេ ចំពោះដំណឹងភ្ជាប់ពាក្យជាមួយតារាចម្រៀងស្រីឈានមុខ របស់ផលិតកម្ម រស្មីហង្សមាសរូបនេះ។
គួរបញ្ជាក់ដែរថា ដំណឹងប្លែកធ្លាយការភ្ជាប់ពាក្យរបស់ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បានកើតឡើងកាលពីពេលថ្មីៗ ខណៈ សុគន្ធកញ្ញា បានប្រារព្ធកម្មវិធីគម្រប់ខួប ៣០ឆ្នាំរបស់ខ្លួន។ ក្នុងនោះកញ្ញាបានបង្ហោះ រូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយអ្នកដឹកនាំសម្ដែងលោក អ៊ឹង សុខលី រហូតដល់បានអ្នកសិល្បៈខ្លះអះអាងថា អ្នកទាំងពីរ បានភ្ជាប់ពាក្យជាមួយគ្នារួចទៅហើយដែលរង់ចាំតែថ្ងៃមង្គលការ កើតឡើងនាឆ្នាំ២០១៨ ៕ វឌ្ឍនា