អភិបាលក្រុងបាសេឡូណា ដែលជាទីក្រុងធំបំផុតនៅក្នុងតំបន់កាតាឡូនៀ បានអំពាវនាវ ដល់មេដឹកនាំតំបន់ មិនត្រូវប្រកាសឯកតោភាគី ចាកចេញពីប្រទេសអេស្ប៉ាញនោះឡើយ ដោយសកម្មភាពនេះ អាចគំរាមកំហែងដល់ការបែកបាក់ក្នុងសង្គម។
ជាមួយនឹងលទ្ធផលបោះឆ្នោតប្រជាមតិដែលត្រូវហាមប្រាមកាលពីថ្ងៃទី១ ខែតុលា មិនគ្រប់លក្ខណៈ ដើម្បីប្រកាសឯករាជ្យនោះឡើយ។ សារព័ត៌មាន AFP បានដកស្រង់សម្តី លោកស្រី Ada Colau អភិបាលក្រុងបាសេឡូណា ស្ថិតនៅក្នុងតំបន់កាតាឡូនៀ បានបញ្ជាក់កាលពីថ្ងៃទី៩ ខែតុលាថា មេដឹកនាំតំបន់នេះ គឺលោក Carles Puigdemont មិនត្រូវប្រកាសជាឯកតោភាគីចាកចេញពីប្រទេសអេស្ប៉ាញនោះឡើយ។
អភិបាលក្រុងបាសេឡូណា មានបំណងចង់ឲ្យនាយករដ្ឋមន្ត្រីអេស្បាញ និងមេដឹកនាំតំបន់កាតាឡូនៀ រួមគ្នាដោះស្រាយកាត់បន្ថយភាពតានតឹង។ លោកស្រីបន្តទៀតថា ការប្រឈមមុខតានតឹងដាក់គ្នា មិនបាននាំមកនៅផលប្រយោជន៍ដល់ភាគីណាមួយនោះឡើយ។
អភិបាលក្រុងបាសេឡូណាបញ្ជាក់ថា អេស្ប៉ាញកំពុងធ្លាក់នៅក្នុងវិបត្តិ អាក្រក់បំផុត មិនធ្លាប់មានចាប់តាំងពីប្រទេសនេះ ដើរតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះរដ្ឋាភិបាល និងក្រុមទាមទារផ្តាច់ខ្លួន ត្រូវតែរកដំណោះស្រាយឲ្យបានសមស្រប់បំផុត ដើម្បីជាតិសាសន៍។
សភាតំបន់កាតាឡូនៀ អាចប្រកាសឯករាជ្យចាកចេញពីប្រទេសអេស្ប៉ាញនៅក្នុងកិច្ចប្រជុំ នាយប់ថ្ងៃទី១០ ខែតុលា ដោយទទួលស្គាល់លទ្ធផលបោះឆ្នោតជាការស្របច្បាប់។ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Rajoy កាលពីថ្ងៃទី៩ ខែតុលាបានប្រកាសថា អេស្ប៉ាញមិនអាចកាត់ផ្តាច់ដោយការប្រកាសឯករាជ្យរបស់តំបន់កាតាឡូនៀ។
កន្លងមកពលរដ្ឋនៅទីក្រុងបាឡេសឡូណា និងអេស្ប៉ាញបានធ្វើបាតុកម្មប្រឆាំងនឹងគម្រោងប្រកាសឯករាជ្យរបស់តំបន់កាតាឡូនៀ។ ពលរដ្ឋរាប់សិបមុឺននាក់ បានដង្ហែក្បួនបាតុកម្មប្រឆាំងនឹងឯករាជ្យតំបន់កាតាឡូនៀចេញពីប្រទេសអេស្ប៉ាញ។ បាតុកម្មធ្វើឡើងក្នុងគោលដៅប្រឆាំងនឹងមេដឹកនាំតំបន់កាតាឡូនៀលោក Carles Puigdemont ដែលមានគម្រោងប្រកាសឯករាជ្យចេញពីអេស្ប៉ាញ។
ក្រុមបាតុករបានបង្ហាញពាក្យស្លោកថា «ខ្ញុំស្រឡាញ់កាតាឡូនៀ និងរួមគ្នា យើងនឹងកាន់តែខ្លាំងជាងនេះ»។
ក្នុងពេលជាមួយគ្នានេះ ក្រុមទាមទាឯករាជ្យចេញពីប្រទេសអេស្ប៉ាញបានបញ្ជាក់ថា តំបន់កាតាឡូនៀប្រឈមនឹងការខាតបង់ជាច្រើនដែលត្រូវបង់ពន្ធឲ្យរដ្ឋាភិបាលទីក្រុងម៉ាឌ្រីត។ ពលរដ្ឋប្រឆាំងបាននិយាយថា ការចាកចេញពីអេស្ប៉ាញក៏មិនមាននាំមកនៅផលប្រយោជន៍ដល់សេដ្ឋកិច្ចតំបន់កាតាឡូនៀនោះដែរ។ កន្លងមកថ្មីៗមានក្រុមហ៊ុនជាច្រើនបានផ្លាស់ទីតាំងចេញពីតំបន់កាតាឡូនៀទៅកាន់ទីតាំងសេដ្ឋកិច្ចផ្សេងទៀត ពេលដែលតំបន់ប្រឈមនឹងវិបត្តិដោយការទាមទារផ្តាច់ខ្លួន៕ ម៉ែវ សាធី