ព័ត៌មានទាន់ហេតុការណ៍៖

Trailer រឿង“សសរកន្លោង”ធ្វើឲ្យអ្នកទស្សនាកាន់តែព្រឺព្រួច

ចែករំលែក៖

ភ្នំពេញ៖ ក្រោយប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការនៃរឿង«សសរកន្លោង» រួចមក ផលិតផលិតកម្ម ឥន្ទ្រានិម្មិតបានបញ្ចេញឈុតឆាកខ្លីរបស់រឿង(Trailer)ហើយ ។ Trailer នេះបានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ព្រឺព្រួច ភ័យរន្ធត់ និងធ្វើឲ្យទស្សនិកជនកាន់តែចង់ទស្សនាភាពយន្តនេះកាន់តែខ្លាំង ។

រឿង“សសរកន្លោង”ប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ក្រោយពីបញ្ចប់ការផលិតអស់ជាច្រើនខែ ។ Trailer រយៈពេលជាងពីរនាទីដែលបានបង្ហោះលើគណនីយហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មខាងលើកន្ត្រាក់បានការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន គឺមានអ្នកទស្សនាប្រមាណជិត១០ម៉ឺនដងមកហើយ ត្រឹមតែរយៈពេលមួយយប់ ។ ឈុតឆាកព្រឺរន្ធត់ស្រៀវឆ្អឹងខ្នង ភ័យស្ទើរលស់ព្រលឹង លាយឡំនឹងឈុតឆាកកំប្លែងរបស់តារាប្រុស ស្រីល្បីឈ្មោះជាច្រើនរូបផងដែរ ។

អ្នកស្រីចាន់ ណាសុខឃីម បានបញ្ជាក់ថា ភាពយន្តនេះ ភាពយន្តនេះបានសម្រិតសម្រាំងគ្រប់ផ្នែកទាំងរូបភាពសំឡេង និងបច្ចេកទេសដើម្បីប្រាកដថា នឹងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ ។ អ្នកស្រីថា រឿងទីពីរបន្ទាប់ពីរឿង កំណត់ហេតុនាងនាថ នេះគឺជារឿងភ័យរន្ធត់ខ្លាំងដោយមានការច្នៃប្រឌិតរៀបចំឲ្យតួអង្គសម្តែងពិសេសតួខ្មោចគឺការតុបតែងប្លែកមានលក្ខណៈពិសេស និងប្លែកមិនធ្លាប់មាន និងមានបញ្ចូលឈុតឆាកកំប្លែងជាច្រើន ។ អ្នកស្រីបញ្ជាក់ដែរថា ភាពយន្តទីពីរនេះទទួលបានការសសើរច្រើនពីមន្ត្រីក្រសួង និងម្ចាស់រោងភាពយន្តថាជារឿងប្លែកមិនធ្លាប់មានកន្លងមកហើយវាគឺជាចំណុចដែលអ្នកស្រីដាក់ក្តីរំពឹងខ្ពស់ថា នឹងអាចស្រូបទាញអ្នកទស្សនាជាច្រើនពេលចាក់បញ្ចាំងនៅពេលខាងមុខនេះ ។

គួរបញ្ជាក់ដែរថារឿង សសររកន្លោងបានចាប់ផ្តើមផលិតកាលពីអំឡុងខែមីនាឆ្នាំ២០១៧ ។ ភាពយន្តនេះនិយាយអំពីផ្ទះវិឡាមួយដែលសាងសង់នៅឆ្នាំ១៩២៥ ហើយសមាជិកគ្រួសារបានចងកសម្លាប់ខ្លួននៅនឹងសសរកន្លោងក្លាយទៅជាវិញ្ញាណខ្មោចតៃហោងកាចសាហាវសណ្ឋិតនៅក្នុងសសរផ្ទះនោះរហូតផ្ទះនោះត្រូវបានបន្សល់ទុករហូតដល់បច្ចុប្បន្នហើយត្រូវបានគ្រួសារនាយវុធចូលទៅរស់នៅទីនោះវិញ្ញាណតៃហោងបានចេញពីសសរមកលងបន្លាចភាពភ័យខ្លាចរន្ទត់ញាប់ញ័រ ក៏បានកើតឡើងចំពោះពួកគេ៕ វឌ្ឍនា



ចែករំលែក៖