ព័ត៌មានទាន់ហេតុការណ៍៖

ស៊ើបសួរ​ជាង​មួយ​ខែ​ប៉ុណ្ណោះ​ តុលាការ​ខេត្ត​កណ្ដាល​ សវនាការ​រឿង​ក្ដី​ជនជាតិ​ចិន​លួច​​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​បម្រើ​ឱ្យ​ការ​ចាប់​ជំរិត​ ក្នុង​សណ្ឋាគារ​ត្រានីកា​

ចែករំលែក៖

ខេត្តកណ្ដាល​៖ លោក​ផូង​ វណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​បិទ​ការ​ស៊ើបសួរ​រឿង​ក្ដីបុរស​ជនជាតិ​ចិន​ម្នាក់​ដែល​លួច​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​បម្រើ​ឱ្យ​ការ​ចាប់​ជំរិត​នៅ​សណ្ឋាគារ​ត្រានីកា​ ក្រុង​តាខ្មៅ​ ​រួចបញ្ជូន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​ ។​ ការ​ស៊ើបសួរ​នេះ​ ប្រើ​រយៈពេល​ជាង​មួយ​ខែ​ប៉ុណ្ណោះ​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ បុរស​ជនជាតិ​ឈ្មោះ​ ZHU CHULE ​អាយុ៣១ឆ្នាំ​​ ត្រូវ​បាន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​ថ្ងៃទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៧​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”បង្កើតប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​ដែលដំណើរការជាមួយបណ្តាញទូរគមនាគមន៍សម្រាប់ប្រើប្រាស់ក្នុងគោលបំណងគេចវេះពីការទូទាត់ប្រាក់និងកេងចំណេញលើបរិមាណនៃការផ្តល់សេវាទូរគមនាគមន៍​ ប្រព្រឹត្ត​នៅចំណុចសណ្ឋាគារ ត្រានីកា ក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ តាម​មាត្រា៨៥នៃច្បាប់ស្តីពីទូរគមនាគមន៍”។

បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២លាន​រៀល​ទៅ​១០លាន​រៀល​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៧​ សាលា​ដំបូង​ខេត្ត​កណ្ដាល​ បាន​លើក​យក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំជម្រះ​ ដោយ​មាន​លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​ ឯក​ ស៊ុន​រស្មី​ ជា​តំណាង​អយ្យការ​ ។

ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ខាងមុខ​នេះ​វិញ​ ៕ចេស្តា


ចែករំលែក៖