ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនធំពីរប្រកាសចាប់ដៃគ្នាអភិវឌ្ឍឌីជីថលនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ Sabay Digital Plus Co. Ltd បានចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Smart Axiata ដែលជាក្រុមហ៊ុនប្រតិបត្តិករទូរសព្ទឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីរ ជឿជាក់ថា ក្រៅពីពង្រឹងភាពនាំមុខគេផ្នែកឌីជីថលរបស់ម្ចាស់ភាគហ៊ុនទាំងពីរ ការសហការនេះ នឹងធ្វើឲ្យភាគីទាំងពីរបញ្ចេញសក្ដានុពលទាំងអស់ ដើម្បីផ្ដល់នូវការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ដល់ប្រជាជនកម្ពជា។

កិច្ចព្រមព្រៀង អាចសម្រេចទៅបានធ្វើឡើងកាលពីថ្ងៃទី០៩ តុលា ២០១៧ ដោយសារមានការសម្របសម្រួលពីលោក Subhadeep Chowdhury (Deep) ដែលជាប្រធានស្ថាបនិករបស់ក្រុមហ៊ុន Profitence (Cambodia) Co., Ltd ។Smart Axiata នឹងបោះទុន លើផ្នែកអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media) ជាមួយក្រុមហ៊ុនដែលទើបបង្កើតថ្មីរបស់ Sabay ដែលមានឈ្មោះថា Sabay Digital Plus។ ក្រោយពិធីចុះហត្ថការថ្ងៃនេះទៅ រយៈពេល ១ឆ្នាំ Smart Axiata នឹងបន្ថែមការវិនិយោគ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុន ចំនួន ៣០ភាគរយនៃក្រុមហ៊ុនថ្មីនេះ។

Sabay Digital Corporation នៅតែរក្សាអាជីវកម្មហ្គេមអនឡាញ របស់ខ្លួនដដែល។ ដោយឡែក Sabay Digital Plus នឹងដើរតួសំខាន់ចំពោះអាជីវកម្ម ព័ត៌មាន ការកម្សាន្ត ប្រព័ន្ធទូទាត់ទំនើប និងការផ្សព្វផ្សាយទីផ្សារ ជាមួយ Smart Axiata។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata ថ្លែងថា៖ “ការវិនិយោគក្នុង Sabay នេះ គឺស្របគ្នាជាមួយនឹងយុទ្ធសាស្ត្ររបស់យើង ដើម្បីបំពេញតម្រូវការកាន់ច្រើនរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតរបស់យើង។ ការរួមបញ្ចូលគ្នារវាងភាពនាំមុខគេផ្នែកអ៊ីនធឺណិតរបស់ Smart និង content ដ៏ចាប់អារម្មណ៍របស់ Sabay នឹងអនុញ្ញាតឲ្យយើងផ្ដល់នូវគំនិតជីវិតបែបស៊ីវិល័យកាន់តែសម្បូរបែប។ ការសហការនេះ គឺជាការច្របាច់បញ្ចូលគ្នាដ៏ស័ក្ដិសមបំផុតរវាងក្រុមហ៊ុនច្នៃប្រឌិតថ្មីបំផុតរបស់កម្ពុជាពីរ ដែលនឹងជួយឲ្យក្រុមហ៊ុនទាំងពីរលូតលាស់កាន់តែឆាប់រហ័ស។ ការវិនិយោគលើក្រុមហ៊ុនដូចជា Sabay មិនត្រឹមតែជា «ដៃគូដ៏សមសួនបំផុត» នោះទេ ថែមទាំងដើរតួជាគំរូដល់វិនិយោគិន និងសហគ្រិនផ្សេងៗទៀតលើអ្វីដែលជាឱកាសនៅក្នុងទីផ្សារយុវវ័យកម្ពុជា ជាមួយនឹងសក្ដានុពលដ៏អស្ចារ្យ”។

លោក ជី សិលា បានឲ្យដឹងថា កម្ពុជា ជាប្រទេសវ័យក្មេង និងរីកចម្រើនឆាប់រហ័ស ដូច្នេះវិស័យឌីជីថល នឹងលូតលាស់ឆាប់រហ័សជាងការគិត។នាយកប្រតិបត្តិ Sabay រូបនេះ បន្តថា ការសហការជាមួយ Smart នឹងជួយឲ្យក្រុមហ៊ុនទាំងពីរប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនឲ្យអស់លទ្ធភាព រាប់ចាប់ពីអតិថិជន ដល់ បច្ចេកវិទ្យា ហើយនឹងធ្វើការក្នុងទស្សនវិស័យរួមគ្នាក្នុងការផ្ដល់នូវឌីជីថលដ៏ទំនើប និង lnternet of Things។ “ការកិច្ចសហការនេះនឹងមានភាពយូរអង្វែង ហើយលទ្ធផលខ្លះ នឹងលើសពីការនឹកស្មាន។ យើងកាន់តែមានកម្លាំងចិត្ត ហើយ ចង់ចាប់ផ្ដើមភ្លាមៗ”៕ វឌ្ឍនា


ចែករំលែក៖