ក្រុមភេរវកម្មពិបាកក្នុងការរក្សាទីតាំងគ្រប់គ្រងរបស់ខ្លួនទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្រោយពេលដែលរងការវាយប្រហារយ៉ាងខ្លាំងពីទាហាន រដ្ឋាភិបាលក្នុងតំបន់ ។ កន្លងមក កម្លាំងទាហានអ៊ីរ៉ាក់ដណ្តើមបានទីតាំងប្រេងដ៏សំខាន់របស់ក្រុមនេះ ដែលជាប្រភពចំណូលសំខាន់បំផុត។
ការបាត់បង់ប្រភពចំណូលនឹងធ្វើឲ្យក្រុមភេរវកម្ម IS មិនអាចរក្សាទីតាំងរបស់ខ្លួនបានឡើយ ។ ក្រុមនេះនឹងត្រូវបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ។ សារព័ត៌មានស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ថា យោធាអ៊ីរ៉ាក់បានឲ្យដឹងថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ បានធ្វើឲ្យតំបន់ Hawijah មាន សេរីភាព ពេញទីវិញហើយ ពីក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) ជាទីក្រុងស្ថិតនៅប៉ែកខាងលិច Kirkuk ដែលជាតំបន់ ប្រេងកាតដ៏សំខាន់មួួយ ។
លោក Abdul Amir Yarallah មេបញ្ជាការយោធា ដែលបំពេញប្រតិបត្តិការនៅតំបន់ Hawijah បានលើកឡើង ឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយដោយខ្លីថា យោធាអ៊ីរ៉ាក់ ក្រុមសេវាកម្មប្រឆាំងនឹងអំពើភេរវកម្ម (CTS) និងប៉ូលិសសហព័ន្ធ កងកុម្ម៉ង់ដូរបស់ក្រសួងមហាផ្ទៃ និងកងប៉ារ៉ា បានរួមគ្នាធ្វើឲ្យតំបន់ Hawijah ទទួលបាន សេរីភាពពេញលេញមកវិញពីក្រុមរដ្ឋឥស្លាម ។
គួរបញ្ជាក់ថា ប្រតិបត្តិការនៅតំបន់ Hawijah ដែលធ្វើឲ្យមានសេរីភាពពេញទីឡើងវិញនោះ ក្រោយពីមានភាព តានតឹងដាក់គ្នា រវាងក្រុមផ្តាច់ខ្លួន នៅតំបន់ស្វ័យយ័តឃឺដ និងក្រុងបាដាដ ។
ការដែលក្រុមភេរវកម្ម IS បរាជ័យជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ីរី និងធ្វើឲ្យក្រុមនេះ «បែកហ្វូង» ទៅបង្ករការវាយប្រហារអត្តឃាត់នៅគ្រប់ទិសទីជុំវិញពិភពលោក ដែលជាក្តីបារម្ភយ៉ាងខ្លាំង ដល់សន្តិសុខសុវត្ថភាពពលរដ្ឋពិសេសគឺនៅប្រទេសដែលបានចូលរួម ក្នុងសង្គ្រាមប្រឆាំងភេរវកម្ម ដូចអឺរ៉ុបនិងរុស្ស៊ីជាដើម៕ ម៉ែវ សាធី