ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ បានជំរុញ ឲ្យមន្ទីរសាធារណការ និងមន្ត្រីពាក់ព័ន្ធ រួមជាមួយ អាជ្ញាធរ ដែនដី ត្រូវពន្លឿនការដ្ឋាន បុកស៊ីផាយប្រឡាយបឹងត្របែក ដើម្បីការពារការកុំឲ្យមានអ្នក រំលោភប្រឡាយ បឹងត្របែក បន្ដទៀត ដើម្បីទុកជាអាងសម្រាប់រំដោះទឹកជំនន់ទឹកភ្លៀងដែលជនលិចរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានជំរុញ បែបនេះនៅ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សា ពន្លឿនការរដ្ឋាន រៀបចំជញ្ជាំងបេតុងសងខាងមាត់ ប្រឡាយ និងអាងស្តុក ទឹកបឹងត្របែក ជាមួយមន្ទីរជំនាញ មានមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីររៀបចំដែនដីនគររូបនីយកម្មសំនង់និងសុរិយាដីរាជធានី និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ កាលរសៀលថ្ងៃទី ១០ តុលា ឆ្នាំ២០១៧ ។
តាមការបញ្ជាក់ឲ្យដឹងពី លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក្រោយកិច្ចប្រជុំនេះថា ៖ ប្រឡាយបឹងត្របែកត្រូវបានរដ្ឋបាលរាជធានីបាននឹងកំពុងបុកស៊ីផាយធ្វើជញ្ជាំងប្រឡាយ ហើយលើកកិច្ចការងារនេះ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្ដម អភិបាលរាជធានីបានជម្រុញអោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរពន្លឿនការបុកស៊ីផាយប្រឡាយបឹងត្របែកនិងការពារការរំលោភ ប្រឡាយនិងតួបឹងទាំងមូលអោយបាន ដើម្បីទុកជាអាងសម្រាប់រំដោះជំនន់ទឹកភ្លៀងដែលជនលិចរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ៖ តាមពិតទៅប្រជាពលរដ្ឋរស់នៅប្រឡាយនិងតួបឹងត្របែក ប្រមាណ៨០%គឺពួកគាត់សុទ្ធសឹងតែមកជួលផ្ទះគេស្នាក់នៅប៉ុណ្ណោះ ហើយអ្នកដែលរំលោភយកប្រឡាយនេះពិតប្រាកដគឺមិនបានស្នាក់នៅផ្ទះរបស់ខ្លួនដែលរំលោភនោះទេ ដោយពួកគេយកផ្ទះទាំងនោះទៅជួលអោយប្រជាពលរដ្ឋក្រីក្រជួលស្នាក់នៅ។
លោកបានបន្ដថា៖ អ្នកដែលរំលោភយកទ្រព្យសម្បត្តិសាធារណៈដើម្បីបម្រើផល ប្រយោជន៍ផ្ទាល់ខ្លួន ជារឿងខុសច្បាប់ ដែលប្រឈមនិងមានទោសទណ្ឌបើតាមច្បាប់។ ដូច្នេះទេអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវកាេពារប្រឡាយសាធារណៈរបស់រដ្ឋនេះអោយបាន ដើម្បីបម្រើផលប្រយោជន៍រួមទាំងអស់គ្នា៕ សំរិត