ព័ត៌មានទាន់ហេតុការណ៍៖

ផាយ ផេ និង ABAប្រកាសភាពជាដៃគូដែលអនុញ្ញាតឲ្យអតិថិជនភ្ជាប់គណនីទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ៖ ផាយ ផេ (Pi Pay)ដែលជាកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់ និងធនាគារ ABAជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ នៅថ្ងៃទី១១ ខែតុលា ដែលកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យអតិថិជនរបស់ភាគីទាំងពីរ ធ្វើការភ្ជាប់គណនីរបស់ពួកគេបាន ដើម្បីបង្កើនភាពងាយស្រួលដល់កម្មវិធីធនាគារចល័ត និងកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់របស់ស្ថាប័នទាំងពីរ ។

ក្រោមកិច្ចព្រមព្រៀងនេះ អតិថិជននឹងអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលរវាងគណនីចល័ត ផាយ ផេ និងគណនីធនាគារ ABAដោយប្រើកម្មវិធីទូរស័ព្ទ ផាយ ផេ និងកម្មវិធី ABA Mobile។

លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា៖ “នេះគឺជាការបោះជំហានដ៏ធំមួយសម្រាប់ក្រុមហ៊ុន ផាយ ផេ ហើយយើងមានសេចក្តីរំភើបនៅពេលបានចុះហត្ថលេខាធ្វើជាដៃគូជាមួយធនាគារ ABAដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាធនាគារដែលមានការច្នៃប្រឌិតថ្មី ឈានមុខគេបំផុតនៅកម្ពុជា។ នៅពេលនេះ យើងអាចនិយាយបានថា ផាយ ផេ គឺជាកម្មវិធីមិនប្រើសាច់ប្រាក់ពិតៗ ពីព្រោះអតិថិជនអាចផ្ទេរប្រាក់ រវាងគណនីធនាគារ ABAជាមួយនឹងគណនី ផាយ ផេហើយបន្ទាប់មកពួក គាត់អាចប្រើប្រាស់ប្រាក់នោះ ដើម្បីទិញទំនិញ និងសេវាកម្មផ្សេងៗពីពាណិជ្ជករដៃគូដោយពុំចាំបាច់កាន់ក្រដាសប្រាក់ឡើយ”។

ភាគីទាំងពីរដែលស្ថិតក្នុងភាពជាដៃគូថ្មីនេះបានប្តេជ្ញាចិត្តគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ហិរញ្ញវត្ថុឆ្លើយតបតាមត្រូវការ ដោយជួយកៀងគរប្រជាពលរដ្ឋ ដែលមិនប្រើប្រាស់សេវាធនាគារឲ្យចូលក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុផ្លូវការមួយនេះ ។

នាយកប្រតិបត្តិរបស់ធនាគារ ABAលោក Askhat Azhikhanov បានមានប្រសាសន៍ថា៖ “ធនាគារ ABAតែងនាំមុខគេក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលនៅកម្ពុជា ហើយកម្មវិធីធនាគារចល័ត និងធនាគារតាមអ៊ីនធឺណិតរបស់យើង ក៏បានផ្លាស់ប្ដូររបៀបដែលប្រជាជនប្រើប្រាស់សេវាធនាគារនៅកម្ពុជាផងដែរ ។ ភាពជាដៃគូ ជាមួយក្រុមហ៊ុន ផាយ ផេ នេះ គឺជាការបោះជំហានមួយទៀតសម្រាប់យើង ដើម្បីផ្តល់ជម្រើសនៃមធ្យោបាយ ទូទាត់ចល័តបន្ថែមដល់អតិថិជនរបស់យើង ដោយក្នុងនោះក៏មានការបញ្ចុះតម្លៃពិសេសៗ ដែលមានផ្ដល់ជូនដោយដៃ គូអាជីវកម្មរបស់ក្រុមហ៊ុន ផាយ ផេ ថែមទៀតផងដែរ”។

លោក Askhat Azhikhanov បានបន្ថែមទៀតថា៖ “ភាពជាដៃគូនេះគឺជាគ្រឹះសម្រាប់បង្កើតឲ្យមានសេវាកម្មប្រកបដោយភាពច្នៃប្រឌិតថ្មីបន្ថែមលើសពីការទូទាត់ដោយមិនប្រើសាច់ប្រាក់ទៅទៀត ហើយយើងពិតជាពេញចិត្តខ្លាំងណាស់ដែល ផាយ ផេ បើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធី ផាយ ផេ ដោយភ្ជាប់ទៅកាន់គណនី ABAរបស់បុគ្គលិក។ នេះគឺជាមធ្យោបាយមួយដែលកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពក្នុងការគ្រប់គ្រងបញ្ជីបៀវត្សរ៍ ហើយយើងជឿថាប្រតិបត្តិការបែបនេះនឹងក្លាយជាទីចំណាប់អារម្មណ៍នៃបណ្ដាក្រុមហ៊ុនអាជីវកម្មជាច្រើននៅកម្ពុជា”៕ វឌ្ឍនា


ចែករំលែក៖