ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វុីលីពីន ប្រកាសរំដោះបានទីក្រុងម៉ារ៉ាវីពីក្រុមភេរវកម្ម

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានប្រកាសថា កម្លាំងទាហាន បានរំដោះទីក្រុងម៉ារ៉ាវីទាំងស្រុងពីដៃក្រុមភេរវកម្មម៉ូតេ ដែលមានភាពជិតស្និទ្ធនឹងក្រុមភេរវកម្ម ISនៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់។

កាលពីថ្ងៃទី១៧ ខែតុលា ប្រធានាធិប តីហ្វុីលីពីន លោក ឌុយទែរតេបានប្រកាស ថា កម្លាំងទាហានរំដោះបានទីក្រុងម៉ារ៉ាវីទាំងស្រុង ហើយក្រោយរយៈពេល៥ខែ ដែលក្រុមម៉ូតេ ស្និទ្ធនឹង IS បានគ្រប់គ្រងទីក្រុងនោះអស់ជាច្រើនខែមក។

លោកឌុយទែរតេ បានបំពេញទស្សន កិច្ចទៅកាន់ទីក្រុងម៉ារ៉ាវី ក្រោយរយៈពេល ១ថ្ងៃដែលកម្លាំងទាហានប្រទេសនេះបានប្រកាសថា បានសម្លាប់មេដឹកនាំភេរវកម្ម​ម៉ូតេ នៅក្នុងការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំជាមួយកម្លាំងទាហានរដ្ឋាភិបាល។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មាន New York Times បានផ្សាយថា មានខ្មាន់ កាំភ្លើង ប្រមាណ៣០នាក់ កំពុងតែលាក់ខ្លួននៅទីក្រុងម៉ារ៉ាវីនៅឡើយ ហើយក្រុមនោះបានចាប់ពលរដ្ឋជាង៣០នាក់នៅទីនោះធ្វើជាចំណាប់ខ្មាំង។

សូមបញ្ជាក់ផងដែរថា សង្គ្រាមវាយ ប្រហាររវាងកម្លាំងទាហានរដ្ឋាភិបាលហ្វុីលីពីននឹងក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវីតាំងពី ចុងខែឧសភា ឆ្នាំ២០១៧មកទល់ពេលនេះ ទាហានហ្វុីលីពីនបានសម្លាប់ ខ្មាន់កាំភ្លើងក្រុមភេរវកម្ម៨២២នាក់ ។ ចំណែកទាហាន រដ្ឋាភិបាលវិញ ក៏មាន១៦២នាក់ស្លាប់ផង ដែរ រួមទាំងពលរដ្ឋស្លូតត្រង់៤៧នាក់ផ្សេងទៀត។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វុីលីពីន លោក Delfin Lorenzana បានបញ្ជាក់ថា កម្លាំងទាហានប្រទេសនេះកំពុងតែតាមចាប់ខ្លួន ភេរវករជនជាតិម៉ាឡេស៊ី ឈ្មោះ Mahmud Bin Ahmad ។

មន្ត្រីចារកម្មហ្វុីលីពីនបញ្ជាក់ថា ភេរវ​ករ Bin Ahmad ជាអ្នកផ្តល់ជំនួយនិង ជ្រើសរើស ខ្មាន់កាំភ្លើងឲ្យចូលជាមួយក្រុមអ៊ិស្លាមជ្រុលនិយម ដែលបានស្បថ ស្មោះត្រង់ នឹងក្រុមភេរវកម្ម IS ។

ការទទួលបានជ័យជម្នះខាងលើ របស់ កម្លាំងទាហានហ្វុីលីពីន ត្រូវបានប្រទេសនៅក្នុងតំបន់អបអរសាទរយ៉ាងខ្លាំង ។ កន្លងមកប្រទេសនៅក្នុងតំបន់ បង្ហាញពីក្តីបារម្ភខ្លាចក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី រីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយជាទីតាំងឈរជើងដ៏សំខាន់របស់ក្រុម IS គំរាម ​ ​ កំហែងដល់សន្តិភាពនៅក្នុងតំបន់អាស៊ានទាំងមូល៕ ម៉ែវ សាធី

 


ចែករំលែក៖