ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព ឆក់កាបូបស្ដ្រីម្នាក់បានសម្រេចត្រូវបានសមត្ថកិច្ចដេញតាមចាប់ បានវាយខ្នោះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែសាលាICE តាមបណ្ដោយផ្លូវ១៦៣ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យដែលធ្វើសកម្មភាពឆក់មានឈ្មោះ-ទី១ ចាន់ មករា អាយុ១៦ឆ្នាំមុខរបរសិស្ស ស្នាក់ផ្ទះគ្មានលេខ ផ្លូវ៥A សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និង ទី២ឈ្មោះ ចាន់ សីហា អាយុ១៦ឆ្នាំមុខ របរ សិស្ស ស្នាក់នៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។ ចំណែកស្ដ្រីរងគ្រោះមានឈ្មោះ នាង ស៊ីម អាយុ៣០ឆ្នាំមុខរបរមេផ្ទះស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមសម្ដីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ1FQ-0800 ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៣ លុះមកដល់ មណ្ឌលសុខភាពផ្សារដើមថ្កូវបានឈប់ទិញដូងរួចបានធ្វើដំណើរទៅមុខបន្ដទៀត ខណៈ មកដល់ចំណុចក្បែរសាលាICE ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GM-2986 បានមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបបានសម្រេចហើយជិះគេចខ្លួន ពេលនោះពួកខ្លួនជិះម៉ូតូដេញតាមរួចស្រែកបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជិះម៉ូតូដេញតាមមកដល់ចំណុចខាងក្រោយសាលាពេទ្យក្បែរមន្ទីរពេទ្យរុស្សី តាមបណ្ដោយផ្លូវ៤៣០ កែងនិងផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ទើបចាប់បានយកមកសាកសួរនៅប៉ុស្ដិ៍ទំនប់ទឹកភ្លាមៗតែម្ដង និងយកកាបូបជនរងគ្រោះបានមកវិញផងដែរ ។
ក្រោយមកដោយសារតែករណីកើតនៅទឹកដីសង្កាត់ ផ្សារដើមថ្កូវ សមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹក បានទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្ដិ៍ផ្សារដើមថ្កូវដើម្បីឲ្យមកយកជនសង្ស័យទៅ សាកសួរបន្ត និងកសាងសំណុំរឿងបញ្ជួនទៅអធិការខណ្ឌចំការមនចាត់ការបន្តតាមច្បាប់ ។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលផ្សារដើមថ្កូវ រួចបានប្រគល់កាបូបជូនជនរងគ្រោះវិញ ៕ ភារ៉ា ដង្កោ