ព័ត៌មានទាន់ហេតុការណ៍៖

ផលិតករស្នើឲ្យរដ្ឋាភិបាលជួយសម្រួលលើការកាត់ពន្ធជាច្រើនពីវិស័យភាពយន្ត

ចែករំលែក៖

ភ្នំពេញ ៖ ភាពយន្តដែលជាវិស័យសិល្បៈទី៧របស់ខ្មែរ ចាប់ផ្តើមមានសន្ទុះបន្តិចក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណផលិតករជាច្រើនបង្ហាញពីក្តីព្រួយបារម្ភនៃការធ្លាក់ចុះជាថ្មីនៃវិស័យនេះក្រោយពីការយកពន្ធទៅលើបុគ្គលិកទាំងអស់ដែលជាប់កាតព្វកិច្ចបម្រើវិស័យភាពយន្ត។

អគ្គនាយផលិតកម្ម LD Pictureបានបញ្ជាក់ថា លោកពិតជាបារម្ភខ្លាំងថាវិស័យនេះប្រឈមនឹងហានីភ័យក្រោយពីមន្ត្រីពន្ធដាទាមទារឲ្យសិល្បករផលិតករជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ លោកថាសម្រាប់ផលិតករត្រូវផលិតរឿងចាក់បញ្ចាំងចែកភាគរយជាមួយរោងភាពយន្តហើយ ត្រូវបង់ពន្ធជាច្រើនដែលរដ្ឋបានកំណត់ទៀត ដូចនេះអ្នកផលិតភាពយន្តខ្លះអាចនឹងផ្អាកដំណើរការផលិត ឬឈប់ផលិតតែម្តងព្រោះតែក្រៅពីចំណាយខ្ពស់ប្រឈមនឹងការខាតបង់ហើយត្រូវជាប់កាតព្វកិច្ចបង់ពន្ធជាច្រើនផងដែរ។

លោក និងផលិតករផ្សេងទៀតសូមស្នើសុំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលឲ្យជួយអនុគ្រោះទៅលើការបង់ពន្ធក្នុងវិស័យភាពយន្តខ្មែរ។

លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តខ្មែរនិងជាចាងហ្វាងផលិតកម្មដើមត្នោតបានលើកឡើងថា តាមការពន្យល់ពីមន្ត្រីពន្ធដារនាពេលថ្មីៗនេះ រាល់បុគ្គលិកដែលបម្រើក្នុងវិស័យភាពយន្តដែលទទួលបានប្រាក់បៀវត្សទាំងអស់ ត្រូវមានកាតព្វកិច្ចបង់ពន្ធជូនទៅរដ្ឋ មិនថាអ្នកនិពន្ធ ក្រុមអ្នកកាត់តវីដេអូ ឬតារាសម្ដែងភាពយន្តឡើយ។បន្ថែមពីនេះលោក និងផលិតករផ្សេងទៀតសូមស្នើសុំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលឲ្យជួយអនុគ្រោះទៅលើការបង់ពន្ធក្នុងវិស័យភាពយន្តខ្មែរ ដោយលើកលែងពន្ធពី១០ ទៅ១៥ ឆ្នាំចាំបង់ពន្ធ ដោយរងចាំឲ្យវិស័យខាងលើនេះដើរទៅមុខបានបន្តិចសិន។

លោកស្នើឲ្យរដ្ឋកំណត់ពន្ធ លើផលិតកម្មទាំងអស់ហ្នឹងពីខ្នាតមធ្យមមកត្រឹមខ្នាតតូចវិញ ព្រោះតែផលិតកម្មពិបាកនឹងធ្វើរបាយការណ៍រៀងរាល់ខែ គ្រាដែលផលិតកម្មខ្លះមួយឆ្នាំផលិតបានតែមួយរឿងនោះ។

ជុំវិញគម្រោងក្នុងការដាក់លិខិតស្នើសុំទៅក្រសួងវប្បធម៌ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល លោក និងផលិតករមួយចំនួនទៀត នឹងដាក់ក្នុងពេលឆាប់ៗ ដើម្បីឲ្យពួកគេបង្ហាញពីក្ដីកង្វល់របស់ខ្លួនចំពោះការយកពន្ធនេះផងដែរ៕ វឌ្ឍនា

 


ចែករំលែក៖