ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចសាយ ឈុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៣

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី១៩ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ១៥:០០ នាទីនៅវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍ព្រឹទ្ធសភានីតិកាលទី៣ ដោយមានរបៀបវារៈ ៖

១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣។

២. ពិនិត្យ និងសម្រេច លើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣។

៣. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣។

៤. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣។

៥. កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣។

៦. ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ។

៧. ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន ) និងសាធារណរដ្ឋប្រជាមានិតចិន ។

៨. ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កអឺរ៉ុប ។

៩. ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ ស្ដីពីប្រកាសនីយបត្រតក្កកម្មវិញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ នស-រកម-០១០៣-០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នឈ២០០៣ ។

១០. ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្ដីពីជលផល ដែលត្រួវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស-រកម-០៥០៦-០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៦ ។

នៅក្នុងរបៀបវារះទី១ដល់ទី៤ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ជម្រាបជូនអំពីយោបល់ស្ដីការពិនិត្យសិក្សាលើសេចក្ដីស្នើច្បាប់ចំនួន៤ខាងលើ អង្គប្រជុំ បានអនុម័ត( ចំនួន៩សំលេង ) យល់ព្រមតាមសំណើរបស់គណៈកម្មការទី៦ ដាក់សេចក្ដីស្នើច្បាប់ទាំង៤នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣។

ចំពោះរបៀបវារៈទី៥ អង្គប្រជុំបានអនុម័ត( ចំនួន៩សំលេង ) យល់ព្រមតាមកាលបរិច្ឆេទ និងរបៀបវារះដូចដែលសម្ដេចប្រធានអង្គប្រជុំបានស្នើ ដោយកំណត់យកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ០៨ៈ០០ ព្រឹកដើម្បីបន្តសម័យប្រជុំលើកទី១១ ដោយមានរបៀបវារៈ៖

១ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

២ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

៣ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់

៤ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ចំពោះរបៀបវារៈទី៦ ដល់ទី១០ ក្រោយពីបានស្ដាប់លោក ឡោក ឆាយ អគ្គលេខាធិការស្ដីទី រាយការណ៍ និងដោយអង្គច្រជុំមិនមានយោបល់ពិភាក្សាបន្ថែម អង្គប្រជុំបានអនុម័ត( ចំនួន ១០ សម្លេង ) យល់ព្រមប្រគល់សេចក្ដីព្រាងច្បាប់ចំនួន ៤នេះ ទៅគណៈកម្មការដែលជាវិស័យមានសមត្ថកិច្ច (គ៩+គ៣) ពិនិត្យ សិក្សា និងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងសម័យប្រជុំពេញអង្គលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣ ផងដែរ៕ ហេង សូរិយា


ចែករំលែក៖