ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នកាំកុងត្រូលនៅតែបន្តរកឃើញចំណីអាហារ និងបន្លែមួយចំនួនក្នុងផ្សារដើមគមានសារធាតុគីមីដដែល

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានចុះត្រួតពិនិត្យនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានចុះឆែកឆេរ ចំណីអាហារបន្លែប្រមាណជិតមួយរយមុខ នៅផ្សារដើមគដោយបានរកឃើញសារធាតុគីមីនៅក្នុងជី និងបន្លែមួយចំនួនដែលអាច នឹងប៉ះពាល់ដល់សុខភាពអ្នកហូបខ្លាំង។

ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាព ចំណីអាហារនៅផ្សារដើមគនោះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែ ស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា ការចុះ ពិនិត្យទំនិញនៅផ្សារដើមគនេះក្រុមការងារ របស់លោកបានយកទំនិញចំនួន៨៧មុខ ពីក្រុមអាជីវករផ្សារទៅពិនិត្យក្នុងរថយន្តដែលមានបន្ទប់ពិសោធន៍ស្វែងរកសារធាតុគីមីភ្លាមៗតែម្តង។ ដោយជាក់ស្តែងបាន ពិនិត្យរកឃើញមានសារធាតុគីមីថ្នាំបាញ់សត្វល្អិតនៅក្នុងផ្កាគូឆាយ ជីម្លូ ស្បៃរឿង និងស្ពៃក្រញាញ់ដែលសារធាតុទាំងនេះ នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នកបរិភោគហើយបន្លែ និងជីទាំងនេះសុទ្ធតែនាំចូលពីប្រទេសវៀតណាមផងដែរ ។

តែយ៉ាងណាក្តីទំនិញដែលបានរកឃើញមានសារធាតុគីមីនោះត្រូវបានមន្ត្រីជំនាញរបស់លោករឹបអូសយក និងឲ្យអាជីវករចុះកិច្ចសន្យាឈប់លក់និងបង្ហាញប្រភពពី ម្ចាស់ដើម និងម្ចាស់សហគ្រាសដែលផលិត ទៀតផង ។

ជាមួយគ្នានោះដែលលោក គង់ វុទ្ធី ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈ បច្ចេកទេសដោយញែកចេញពីគ្នារវាង គ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិត ផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ ផលិតផលហួសកាលបរិច្ឆេទជាដើម ។

លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ ការលាយបន្ថែមនូវសារធាតុគីមីទៅលើ ផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់។ តែយ៉ាងណាក្តីនៅក្នុងប្រតិបត្តិការក៏មានអាជីវករខ្លះមិនព្រមសហការជាមួយក្រុមជំនាញការងាររបស់លោកក្នុងការវែកមុខចំពោះប្រភព ដែលផលិតគ្រឿងបរិភោគដែលមានជាតិគីមីនេះផងទេ ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖