ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនយន្តហោះB-1B ២គ្រឿងទៅចូលរួមពិព័រណ៌ជើងអាកាសនៅទីក្រុងសេអ៊ុល

ចែករំលែក៖

អាមេរិកបងធំនៃយើងបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ចំនួន២គ្រឿងឲ្យហោះហើរនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃការចូលរួមពិធីពិព័រណ៌ជើងអាកាសរបស់ពួកគេ។

យន្តហោះទម្លាក់គ្រាប់បែកស៊ុបភើសូនិក ដែលប្រតិបត្តិការបានច្រើនទម្រង់ និងរយៈចម្ងាយឆ្ងាយនោះបានហោះហើរពីលើបន្ទាយជើងអាកាសទីក្រុងសេអ៊ុលរយៈពេល៨នាទី ដែលជាផ្នែកមួយនៃការចូលរួមពិព័រណ៌ជើងអាកាស ឬដែលគេហៅផ្លូវការថា ពិព័រណ៌អវកាសអន្តរជាតិ និងការពារជាតិទីក្រុងសេអ៊ុល(ADEX)ឆ្នាំ២០១៧។

យន្តហោះទី១ហោះហើរពីលើអាកាសក្នុងបន្ទាយជើងអាកាស អមដោយយន្តហោះចម្បាំង F-15 របស់កូរ៉េខាងត្បូង២គ្រឿង និងហោះហើរក្នុងកម្ពស់ទាបពី៤៥០ដល់៥០០ម៉ែត្រប៉ុណ្ណោះពីដី មុនពេលវាហោះចេញទៅទិសខាងលិច។ បន្ទាប់មក យន្តហោះ១ទៀតបានមកដល់ និងហោះហើរក្នុងកម្ពស់ត្រឹមតែ១៥០ម៉ែត្រដល់២០០ម៉ែត្រប៉ុណ្ណោះពីលើទីតាំងដដែលនោះ។

មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងមួយរូបថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ថា «កម្ពស់របស់ពួកវា ហោះទាបៗ ដែលយើងមើលឃើញកាន់តែច្បាស់ពីលើដី, មិនត្រឹមឮសំឡេងលាន់រំពងទេ ប៉ុន្តែធ្វើឲ្យយើងមានអារម្មណ៍ថាញ័រទទ្រើក ពេលយើងកំពុងសំឡឹងមើលវា»។

យន្តហោះទម្លាក់គ្រាប់បែកទាំងនេះបានចេញដំណើរពីបន្ទាយកងទ័ពជើងអាកាស​ Anderson ក្នុងតំបន់ Guam ។ ប្រភពអះអាងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិកទាំងនេះ ព្រមជាមួយយន្តហោះចម្បាំង F-15 របស់កូរ៉េខាងត្បូងបានធ្វើសមយុទ្ធដោយក្លែងបាញ់មីស៊ីលពីលើអាកាសចុះមកដីទៀតផង។

ការហោះហើរទាំងនេះកើតមានក្រោយ១១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក២គ្រឿងប្រភេទ B-1B បានធ្វើសមយុទ្ធយ៉ាងអស្ចារ្យមួយទាំងវេលាយប់នៅឈូងសមុទ្រភាគខាងលិច និងភាគខាងកើតរបស់កូរ៉េខាងត្បូងដើម្បីជាការបង្ហាញសាច់ដុំប្រឆាំងកូរ៉េខាងជើង។

ប្រភពពីមន្ត្រីអះអាងថា អាមេរិកមានបំណងហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B នៅកូរ៉េខាងត្បូងរៀងរាល់២ឬ៣សប្តាហ៍ម្តងដើម្បីជាការប្រឆាំងទៅនឹងប្រទេសកុម្មុយនីស្ត៕ ថាច់ យ៉ាត

 

 

 


ចែករំលែក៖