ព័ត៌មានទាន់ហេតុការណ៍៖

លិខិតឆ្លងដែនប្រទេសសឹង្ហបុរីមានឥទ្ធិពលបំផុតលើពិភពលោក

ចែករំលែក៖

ជនជាតិសឹង្ហបុរីពិតជាមានមោទនភាព នៅពេលដែលប្រទេសតូចមួយ តែមានឥទ្ធិពលបំផុតលើពិភពលោក។ ជនជាតិសឹង្ហបុរីអាចធ្វើដំណើរទៅកាន់ប្រទេស១៥៩លើពិភពលោក ដោយមិនចាំបាច់សុំទិដ្ឋការ (វីសា)ឡើយ។

តាមតារាងចំណាប់ថ្នាក់របស់គេហទំព័រ Passportindex បានផ្សាយថា លិខិតឆ្លងដែនសឹង្ហបុរី ឈរលំដាប់កំពូល ជាលិខិតឆ្លងដែនដែលមានឥទ្ធិពលបំផុតលើពិភពលោក ក្រោយពេលដែលប្រទេស ប៉ារ៉ាហ្គាយ បានអនុញ្ញាត្តិឲ្យពលរដ្ឋសឹង្ហបុរី ចូលទៅកាន់ប្រទេសរបស់ខ្លួនដោយមិនចាំបាច់សុំវីសា។

លោក Hon Philippe May អគ្គនាយកប្រតិបត្តិ ការិយាល័យ Arton Capital នៅក្នុងប្រទេសសឹង្ហបុរីបានឲ្យដឹងថា នេះជាលើកទី១ដែលប្រទេស នៅក្នុងទ្វីបអាស៊ីហើយស្ថិតនៅក្នុងតំបន់អាស៊ាន ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក ។ ពលរដ្ឋប្រមាណ ៣,៤លាននាក់ មានលិខិតឆ្លងដែនសឹង្ហបុរីអាចធ្វើដំណើរទៅកាន់១៥៩ប្រទេសមិនចាំបាច់សុំទិដ្ឋការឡើយ។

ក្នុងពេលជាមួយគ្នានេះប្រទេសអាល្លឺម៉ង់ធ្លាក់ចុះលំដាប់លេខ២ គឺលិខិតឆ្លងដែនអាចធ្វើដំណើរទៅបាន១៥៨ប្រទេស។ ចំណែកប្រទេសស្វីស និងកូរ៉េខាងត្បូងឈរលំដាប់លេខ៣ដូចគ្នា។ ចំណែកអាមេរិក ឈរលំដាប់លេខ៦ ជាមួយម៉ាឡេស៊ី អៀកឡង់ និងកាណាដា។

លិខិតឆ្លងដែនអាមេរិកធ្លាក់ឥទ្ធិពល ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ប្រទេសជាច្រើនដូចជា ទួរគី និងអាហ្វ្រិកកណ្តាល បានស្នើរដល់ពលរដ្ឋអាមេរិក ត្រូវតែសុំវីសាមុនពេលចូលទៅកាន់ប្រទេសរបស់ខ្លួន។

ចំណែកអាហ្វហ្គានីស្ថាន ស្ថិតនៅចុងតារា ដោយមានតែ២២ប្រទេសប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅមិនបាច់សុំវីសា៕ ម៉ែវ សាធី

 


ចែករំលែក៖