ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញរៀបចំដាក់ផ្លូវ២ខ្សែឲ្យចរាចរជាផ្លូវឯកទិសអាចកាត់បន្ថយការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញបានធ្វើឲ្យខាតបង់ថវិកាជាច្រើន ក្នុងមួយឆ្នាំៗ ហើយនេះជាក្តីកង្វល់ដ៏ធំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលនៅពេលនេះ កំពុងដោះស្រាយគ្រប់មធ្យោបាយ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងបែបនេះ ខណៈលោក បានជួបប្រជុំជាមួយគណៈកម្មការបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងក្រសួង និងជាមួយតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុនហៅកាត់ ចៃកា JICA និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងខណ្ឌមួយចំនួនដែលពាក់ព័ន្ធ ដើម្បីពិភាក្សាដាក់ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ឲ្យចរាចរដោយឯកទិស ព្រោះផ្លូវឯកទិស នឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយផ្នែកធំសម្រាប់អ្នកធ្វើដំណើរ។ ពិធីនេះធ្វើឡើង កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ ។

តាមការបញ្ជាក់ពីលោកម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក្រោយកិច្ចប្រជុំខាងលើនោះបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា៖

រដ្ឋបាលរាជធានីបានណែនាំដល់ក្រុមការងារបច្ចេកទេសសិក្សាឲ្យអស់ពីលទ្ធភាព ដើម្បីរៀបចំដាក់ឲ្យចរាចរឯកទិស នៅលើផ្លូវលេខ១៩នៅខាងក្រោយព្រះបរមរាជវាំង និងតិរវិថីព្រះស៊ីសុវត្ថិ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ទន្ទឹមនឹងការបង្កើតផ្លូវឯកទិសថ្មីនេះ កម្លាំងនគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្ដរបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្លូវឯកទិសទាំង ១៣ ខ្សែ ដែលមានស្រាប់ឲ្យបានខ្ជាប់ខ្ជួនផងដែរ។

អ្នកនាំពាក្យបន្តប្រាប់នគរវត្តទៀតថា៖ នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ មានរថយន្តជាង៤៦ម៉ឺនគ្រឿង និងម៉ូតូជាង១លាន៦សែនគ្រឿង ដើម្បីដោះស្រាយចរាចរខាងលើរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននិងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុនហៅកាត់ចៃកាJICA ដើម្បីរៀបចំផ្លូវមួយចំនួនក្នុងខណ្ឌចំនួន៤ កណ្ដាលក្រុងទៅជាផ្លូវឯកទិស។ ដោយសារតែកំណើនយានយន្តខាងលើនេះជាបញ្ហាកក្ដាកកស្ទះចរាចរដើម្បីដោះស្រាយ។ ដោយសព្វថ្ងៃនេះ យើងមានផ្លូវឯកទិសស្រាប់១៣ខ្សែ គ្រោងរៀបចំផ្លូវឯកទិស ក្នុងខណ្ឌ៤កណ្ដាលក្រុងមាន៧មករា ចំការមន ដូនពេញ និងទួលគោក ដែលជាខណ្ឌអំណោយផលក្នុងការរៀបចំផ្ឡុវឯកទិសនេះ មានសារសំខាន់។

ពាក់ព័ន្ធកំណាត់ផ្លូវ២ខ្សែទៀតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវឯកទិសបន្ថែមទៀត នោះគឺផ្លូវលេខ១៩ និងតិរវិថីព្រះស៊ីសុវត្ថិ ។

ចំពោះវិថីព្រះស៊ីសុវត្ថិ យើងនឹងដាក់ឯកទិសពីទន្លេសាប ឬពីកាំបូឌីយ៉ាណា រីឯផ្លូវលេខ១៩ក៏ដូចគ្នា។ គម្រោងនេះមានបំណងតែមួយគត់ គឺកាត់បន្ថយឲ្យបានការកកស្ទះចរាចរ ខណៈរាជធានីភ្នំពេញបាននឹងកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរ រួមនិងការខាតបង់ថវិកាយ៉ាងច្រើនផងនោះ។

លោក ម៉េត មាសភក្ដី បានបន្ដប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តទៀតថា៖ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យក្រុមការងារសិក្សាឲ្យអស់ពីលទ្ធភាព ដើម្បីរៀបចំដាក់ឲ្យចរាចរឯកទិស នៅលើផ្លូវលេខ១៩ និងតិរវិថីព្រះស៊ីសុវត្ថិ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ទន្ទឹមនឹងការបង្កើតផ្លូវឯកទិសថ្មីនេះ លោកអភិបាលរាជធានី ក៏បានជំរុញ ឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្ដរបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្លូវឯកទិសទាំង ១៣ ខ្សែ ដែលមានស្រាប់ឲ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានី ក៏បានរំលឹកផ្លូវ១១ខ្សែ ដែលដាក់ជាអទិភាពលើកដំបូងរៀបចំសណ្ដាប់ធ្នាប់បានល្អប្រសើរមែន ហើយមកដល់ពេលនេះ ហាក់ដូចជានៅសល់ទីតាំងមួយចំនួនមិនទាន់បានគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរបានល្អ។

លោកអភិបាលរាជធានីបានណែនាំបន្តឲ្យអាជ្ញាធរខណ្ឌទាំងអស់ស្ថិតក្នុងទីតាំងផ្ឡូវទាំង១១ខ្សែនេះ យកចិត្តទុកដាក់ផ្លូវ និងទីតាំងទាំង១១នេះបន្តទៀត សូមពិចារណាកំណត់ពេលវេលាឱសានវាទដើម្បីស្នើសុំឲ្យបងប្អូនចូលរួមបន្ទាប់ពីបញ្ចប់ឱសានវាទនេះហើយ យើងនឹងកំណត់វិធានការរដ្ឋបាលតែម្ដង៕ សំរិត


ចែករំលែក៖