ព័ត៌មានទាន់ហេតុការណ៍៖

សម្ពន្ធមិត្តដឹកនាំដោយអាមេរិកទទួលស្គាល់ថាបានវាយប្រហារច្រឡំសម្លាប់ពលរដ្ឋស្លូតត្រង់ស៊ីរី និងអ៊ីរ៉ាក់

ចែករំលែក៖

ពលរដ្ឋស្លូតត្រង់ស៊ីរី និងអ៊ីរ៉ាក់៥១នាក់ស្លាប់ នៅក្នុងការវាយប្រហារច្រឡំពីលើដែនអាកាស១៦លើកកន្លងមក ចាប់តាំងពីខែកុម្ភៈ ដល់ខែកញ្ញា ឆ្នាំ២០១៧។

សម្ពន្ធមិត្តយោធាប្រឆាំងក្រុមភេរវកម្ម IS ដឹកនាំដោយអាមេរិក កាលពីថ្ងៃទី២៦ ខែតុលា បានទទួលស្គាល់ថា ពលរដ្ឋស្លូតត្រង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី កើនឡើងដល់ទៅ៧៨៦នាក់ ចាប់តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ គឺបានស្លាប់ ដោយសារតែការវាយប្រហារច្រឡំតាមដែនអាកាស។

នៅក្នុងសេចក្តីប្រកាសរបស់សម្ពន្ធមិត្ត អាមេរិកនៅក្នុងខែកញ្ញា កម្លាំងទាហានសម្ពន្ធមិត្តបាន ត្រួតពិនិត្យឡើងវិញ នូវរបាយការណ៍ចំនួន១២៧ ក្នុងនោះ មានទាហានប្រទេសសម្ពន្ធមិត្ត វាយប្រហារច្រឡំ បណ្តាលឲ្យពលរដ្ឋស្លូតត្រង់ដល់ទៅ៥១នាក់បានស្លាប់ នៅក្នុងឆ្នាំនេះ។

ប៉ុន្តែតាមរបាយការណ៍របស់អង្គការមនុស្សធម៌អន្តរជាតិបានឲ្យដឹងថា ពលរដ្ឋស៊ីរី និងអ៊ីរ៉ាក់សា្លប់ដោយការវាយប្រហារតាមដែនអាកាសរបស់អាមេរិក និងសម្ពន្ធមិត្ត គឺច្រើន ជាងតួលេខរបស់អាមេរិក និងសម្ពន្ធមិត្ត គឺមានរហូតដល់ទៅ៥.៦៣៧នាក់ មិនមែន ៧៨៦នាក់ដូចការលើកឡើងនោះឡើយ។

កម្លាំងវាយប្រហារក្រុមភេរវកម្មដឹកនាំដោយអាមេរិក បានបើកការវាយប្រហារទៅលើ ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។ ក្រៅពីពលរដ្ឋ ក៏នៅមានទាហានស៊ីរី និងអ៊ីរ៉ាក់ ដែលត្រូវអាមេរិកវាយប្រហារច្រឡំ ធ្វើឲ្យទាហានរដ្ឋាភិបាលស៊ីរីចោទប្រកាន់ទៅលើអាមេរិកថា បានវាយប្រហារ ដើម្បីរារាំងការឆ្ពោះទៅមុខរបស់ទាហានស៊ីរីក្នុងការដណ្តើមទីតាំងមកគ្រប់គ្រងវិញ។

នៅពេលនេះស៊ីរី និងអ៊ីរ៉ាក់ដណ្តើមបានទីតាំងជាច្រើនមកគ្រប់គ្រងវិញ ដោយពឹងលើកម្លាំងខ្លួនឯង និងមានការជួយអន្តរាគមន៍ពីរុស្ស៊ី។ បច្ចុប្បន្ន ទាហានស៊ីរីដណ្តើមបានទីតាំងមកវិញស្ទើរតែទាំងស្រុង ដោយនៅសល់ប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលក្រុម IS គ្រប់គ្រង។

ចំណែកនៅក្នុងប្រទេសអ៊ីរ៉ាក់វិញ កងកម្លាំងអ៊ីរ៉ាក់ ជិតបើកប្រតិបត្តិការវាយលុកចុងក្រោយ ដើម្បីដណើ្តមយកមកវិញ នូវទីតាំងអ៊ីរ៉ាក់ចុងក្រោយ ដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងនៃកណ្ដាប់ដៃរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមជ្រុលនិយមនៅឡើយ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដោយបានរាយការណ៍ថា យោងតាមសេចក្តីថ្លែងការណ៍មួយ ពីទីបញ្ជាការប្រតិបត្តិការចម្រុះ ក្នុងទីក្រុងបាដាដ បានឲ្យដឹងថា ក្រដាស់ផ្សព្វផ្សាយដំណឹង ដែលកងកម្លាំងទ័ពអាកាសអ៊ីរ៉ាក់ បានទម្លាក់នៅតំបន់ al-Qaim និងតំបន់ Rawa ស្ថិតនៅភាគខាងលិចព្រំដែន មានខ្លឹមសារថា “កងកម្លាំងសន្តិសុខរបស់អ្នក ក្នុងពេលបច្ចុប្បន្ននេះ នឹងមករំដោះអ្នកហើយ”៕ ម៉ែវ សាធី


ចែករំលែក៖