ខេត្តស្វាយរៀង៖ យោងតាមលោកកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់សារព័ត៏មាននគរវត្តឲ្យដឹងនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ថា រហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលសង្ស័យរងផលប៉ះពាល់សារធាតុគីមី ដោយគ្រាប់បែករបស់អាមេរិកទាំង៣៦នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយមិនសភាពធ្ងន់នោះទេ ខណៈអ្នកជំងឺទាំងនេះភាគច្រើនមានបញ្ហារមាសលើរាងកាយ និងបញ្ហាជាច្រើនទៀតផងដែរ។
លោកបន្តថា ប្រជាពលរដ្ឋទាំង៣៦នាក់ ត្រូវបានដឹកមកពីមន្ទីរពេទ្យស្រុករមាសហែក ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រយៈពេល៤ថ្ងៃមកហើយ។
គួររំលឹកថា ពាក់ព័ន្ធករណីគ្រាប់បែកគីមីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យប្រើកញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ព្រោះសម្តេចគ្មានសង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់ បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ នៅលើទឹកដីនៃខេត្តស្វាយរៀងនោះឡើយ បើទោះបីជាផ្លូវច្បាប់ទាំងសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ មានតួនាទីចូលរួមទទួលខុសត្រូវលើអាវុធគីមីនេះក្តី ដោយយោងទៅតាម អនុសញ្ញាអន្តរជាតិ សី្តពីអាវុធគីមីរបស់អង្គការសហប្រជាជាតិ។
អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ប្រាប់សារព័ត៌មាននគរវត្តថា គ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង ជាប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៊ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៊ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។
គួររំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕ យឹម សុថាន