ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំប្រណាំងទូក សាកល្បង ដើម្បី រកទូកណាដែលលឿនជាងគេ និងទទួល បានរង្វាន់ លើកទឹកចិត្ដ ពីសាលារាជធានី និងត្រៀម ចូលរួមអ៊ុំប្រណាំងថា្នក់ជាតិ ចូលរួមអបអរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង ប្រព្រឹត្ត ទៅនៅថ្ងៃទី២-៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ ពិធីនេះបាន ប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅមុខវត្ដឧណ្ណាលោម ដោយមានការចូលរួមជាអធិបតីភាព ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំង មន្ដ្រីរាជការ ក្រោមឱវាទ និងប្រជា ពលរដ្ឋយ៉ាង ច្រើនកុះករផងដែរ ដែលក្នុងនោះក៏មានការ ចូលរួម ពីបណ្តាខណ្ឌទាំង១២ ចំនួន៣៩ទូក និងមានកីឡាករ កីឡាការិនីចំនួន២៨៦៧នាក់ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មាននគរវត្តឲ្យដឹងថា៖ ក្រុមកីឡាករចំណុះទូក ដែលត្រូវចូលរួមប្រកួតឆ្នាំនេះ នឹងមានចំណុះទូក ចំនួន ១៨,០០០ នាក់ ទៅ២ម៉ឺននាក់ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញបាន ត្រៀមរៀបចំ ឲ្យស្នាក់នៅលើទីតាំង តំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុម ហ៊ុនOCIC លើទំហំដីជាង៣ហិកតា ដោយមានការរៀបចំតបណ្តាញទឹក, ភ្លើង, បង្គន់អនាម័យ រួចជាស្រេច ដោយទីតាំងនេះ អាជ្ញាធររាជធានី ក៏បានត្រៀបរៀបចំ ការប្រគំតន្ត្រី ជូនទស្សនា ផងដែរ។
លោកបន្តថា៖ ចំពោះទីតាំងចតទូក ត្រូវបានរៀបចំបែងចែកជា៥ មណ្ឌលតាមដងទន្លេសាប ស្ថិតនៅប៉ែកខាងជើងស្ពាន ជ្រោយចង្វារ ទាំងអស់ ដោយមិនអនុញ្ញាតឲ្យចត នៅខាងត្បូងស្ពាននោះទេ ដែលតាមព័ត៌មានចុងក្រោយចំនួន ទូកចូលរួមប្រកួតឆ្នាំនេះ មកពីខេត្តក្រុងទូទាំងប្រទេសមានចំនួន២៧១ទូក ដោយមានកីឡាករ កីឡាការិនី ចំនួន ១៨០០០នាក់ ទៅ២ម៉ឺននាក់។
លោកម៉ឹត មាសភក្តី បានបន្ថែមថា៖ ចំពោះបង្គន់អនាម័យទាំងចល័ត និងអចល័ត ត្រូវបានរៀបចំឡើងចំនួន៤៦៦ទីតាំង, ការតុបតែងលំអរភ្លើងបំភ្លឺសាធារណៈ តាមដងវិថី និងតាមសួនច្បារនានា ត្រូវបានរៀបចំរួចជាស្រេច ហើយដែរ ។ ដោយឡែកចំពោះ រថយន្តសង្គ្រោះបន្ទាន់ ក៏បានត្រៀម ចំនួន ៥៩គ្រឿង ក្នុងនេះ រថយន្ត របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន១៥គ្រឿង ត្រូវបានដាក់ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង រយៈពេល៣ថ្ងៃនៃពិធី បុណ្យរួម ជាមួយស្តង់សង្គ្រោះចំនួន១២គោលដៅផ្សេងទៀត។
លោកបន្តថា ៖ដោយឡែកចំពោះការរៀបចំទីតាំង សប្បាយ កំសាន្ដ ការប្រគុំតន្ត្រី សិល្បៈ និងពិព័រណ៍មានជាង១០ទីតាំង។
ក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ រួមសហការជាមួយ ក្រុមហ៊ុនស៊ីនទ្រី នឹងប្រើប្រាស់កម្លាំងកម្មករចំនួន ៨៥០នាក់ដើម្បីប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅ ក្រុងក្នុងអំឡុងពិធីបុណ្យ រួមទាំងការបញ្ជៀសរថយន្តធំ មិនឲ្យចូលក្រុងតាមច្រកចូលរាជធានីភ្នំពេញទាំង៦ ផងដែរ ។
លោកម៉េត មាសភក្តី បានបន្ដថា៖ ការងារសំខាន់ និងចាំបាច់មួយទៀតនោះ គឺការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងបាន មធ្យោបាយគ្រប់គ្រាន់ ក្នុងការការពារព្រះរាជពិធីបុណ្យ និងធានាបាននូវភាពសប្បាយរីក រាយ ជូនប្រជាពលរដ្ឋដែលនឹងចូល មករាជធានីភ្នំពេញរាប់លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះផងដែរ ៕ សំរិត