ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិដែលដឹកនាំដោយគ្រូបង្វឹកថ្មីមានការដោះដូរកីឡាករមួយចំនួនខុសពីគ្រូបង្វឹកចាស់

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមបញ្ជីរាយនាមមន្ត្រីបច្ចេកទេស និងកីឡាករប្រមូលផ្តុំហាត់ហ្វឹកហ្វឺនត្រៀម ពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាក្រុមជម្រើសជាតិចូលរួមប្រកួតAFC Asian Cup UAE 2019 Qualifiers Final Round ដែលនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ ហ្ស៊កដានី នៅថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ គ្រូបង្វឹកថ្មីរបស់កម្ពុជាគឺលោក ប្រាក់ សុវណ្ណារ៉ា មានការដោះដូរកីឡាករមួយចំនួនខុសពីគ្រូបង្វឹកចាស់លោក Leonardo Vitorino ជនជាតិប្រេស៊ីល ដែលទើបតែចែកផ្លូវជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ។

លោក ប្រាក់ សុវណ្ណារ៉ា ដែលទើបត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នោះ បានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង២៥នាក់របស់ខ្លួនហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ បញ្ជីឈ្មោះនេះ បានបង្ហាញឲ្យឃើញពីការខុសប្លែកគ្នា ក្នុងការជ្រើសរើសកីឡាកររវាងលោក សុវណ្ណារ៉ា នឹងអតីតគ្រូបង្គោលលោក Leonardo Vitorino ដោយមានបញ្ចូលកីឡាករមួយចំនួនដែលមិនជាប់ជាជម្រើសជាតិ ត្រូវបានជាប់ជាជម្រើស ជាតិវិញ ។

តាមរយៈបញ្ជីឈ្មោះបឋមនេះគឺកីឡាករ ឃួន ឡាបូរ៉ាវី, ឆុំ ភីសា, ធារី ចន្ថាប៊ីន, សរ ពិសិដ្ឋ, អូន ចាន់ផល្លីន, ប្រាក់ ធីវ៉ា, ជួន ចាន់ចាវ, សឿត បារាំង និងកីឡាករ ពេជ្រ សុវណ្ណខេមរិន ដែលធ្លាប់ត្រូវបានលោក Leonardo ជ្រើសរើសឲ្យចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា គឺគ្មានឈ្មោះនៅក្នុងជម្រើសរបស់លោក ប្រាក់ សុវណ្ណារ៉ា នោះទេ។

ផ្ទុយពីនេះខ្សែប្រយុទ្ធជើងចាស់២រូបគេ គួច សុកុម្ភៈ និង កែវ សុខង៉ន រួមទាំងកីឡាករ អ៊ុក សុធី, សារ៉េត គ្រីយ៉ា, សុខ សុវណ្ណ, រ៉ឹង ប៊ុនហៀង, ច្រឹង ពលរដ្ឋ និង ឆេង ម៉េង ត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា ជ្រើសរើសឲ្យចូលរួមក្នុងជម្រើសជាតិជាថ្មី ហើយកីឡាករ តាំង សុភ័ក្ត បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ ជាលើកដំបូងដែរ ។

សូមបញ្ជាក់ថា ក្រោយការតែងតាំងជាគ្រូបង្វឹកថ្មីនេះ លោក ប្រាក់ សុវណ្ណារ៉ា នឹងត្រូវនាំក្រុមគោព្រៃកម្ពុជាហ្វឹកហាត់ដំបូងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីត្រៀមជួបជាមួយក្រុមជម្រើសជាតិវៀតណាមនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ៥ថ្ងៃបន្ទាប់មកទៀតពោលគឺថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងត្រូវទទួលភ្ញៀវហ្ស៊កដានី ក្នុងពានរង្វាន់ AFC Asian Cup 2019 ។ ការប្រកួតទាំងពីរនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោងន៦ និង៣០នាទីល្ងាច ៕ សារីម


ចែករំលែក៖