ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាកាយសម្ព័ន្ធជ្រើសរើសអត្តពលិកថ្នាក់ជាតិតាមលំនាំកីឡាជាតិ

ចែករំលែក៖

ភ្នំពេញ៖ ការជ្រើសរើសកីឡាករ កីឡាការិនី កាយសម្ព័ន្ធថ្នាក់ជាតិឆ្នាំនេះ ធ្វើឡើង តាមលំនាំកីឡាជាតិ ដោយ ក្លិបដែលមានបំណងដាក់កីឡាករ កីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួតតេស្តសមត្ថភាព ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមប្រកួតកីឡាជាតិ និងចូលរួមព្រឹត្តិការណ៍កីឡាកាយសម្ព័ន្ធនានា ក្នុងឆ្នាំ២០១៨ខាងមុខនេះ ។

លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់សារព័ត៌មាននគរវត្តដឹងកាលពីល្ងាចថ្ងៃទី៣១ ខែតុលាថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧នេះ គឺគ្រោងធ្វើនៅចុងខែវិច្ឆិកា ឆ្នាំ២០១៧ ដោយយកអនុវត្តតាមលំនាំស្តង់ដាកីឡាជាតិ។ ក្លិបដែលចូលរួមប្រកួតត្រូវចម្រាញ់ធ្វើតេស្តសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្លួនជាមុនសិន ទើបសហព័ន្ធអនុញ្ញាតឲ្យចូលរួមប្រកួត ។

លោក អគ្គលេខាធិការ បានពន្យល់ថា ការកំណត់យកស្តង់ដារបែបនេះ ដើម្បីពង្រឹងបច្ចេកទេសចម្រាញ់យកធនធានកីឡាករ កីឡាការិនីល្អៗ ឲ្យស្របតាមផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធ ក្នុងការសម្រួចទិសដៅឆ្ពោះដណ្តើមយកមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ។

ទន្ទឹមនឹងការត្រៀមខ្លួនចូលរួមប្រកួតប្រជែង កីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯក ថ្នាក់ជាតិនេះដែរ កីឡាករថ្នាល កំពុងបានហ្វឹកហាត់ក្នុងជំរំប្រមូលផ្តុំ របស់សហព័ន្ធបានលើកឡើងថា ការប្រកួតនេះពួកខ្លួនសង្ឃឹមថា អាចដណ្តើម បានចំណាត់ថ្នាក់ល្អ ខណៈដែលកន្លងមក បានហ្វឹកហាត់យ៉ាងខ្លាំងជាប្រចាំ។

លោក ណយ ផាន់ណា បញ្ជាក់បន្ថែមថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកជាតិ តាមការគ្រោងទុកមានរយៈពេល៦ថៃ្ង ដោយចាប់ផ្តើមពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ មានចំនួន២វិញ្ញាសាគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិ និង កាយសសម្ព័ន្ធអាស៊ីស្ទិក ៕ សារីម


ចែករំលែក៖