ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិពិសេស! ប្រធានាធិបតីអាមេរិករំលែកទុក្ខដល់ជនរងគ្រោះដោយការបាញ់ប្រហារនៅរដ្ឋតិចសាស

ចែករំលែក៖

ប្រធានាធិបតី ដូណាល់ ត្រាំ បានរំលែកទុក្ខដល់ជនរងគ្រោះក្នុងការបាញ់ប្រហារនៅរដ្ឋតិចសាស ។ លោកប្រធានាធិបតីបានបញ្ជាក់ថា អាមេរិកនឹងធ្វើគ្រប់យ៉ាងដើម្បីការពារពលរដ្ឋរបស់ខ្លួន គេចផុតពីការបាញ់ប្រហារ។

នៅថ្ងៃទី៦ ខែវិច្ឆិកា លោកត្រាំ បានថ្លែងពីប្រទេសជប៉ុនថា លោក សូមរំលែកទុក្ខដល់គ្រួរសារជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារ កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា សម្លាប់មនុស្ស ២៧នាក់ នៅរដ្ឋតិចសាស និងជាង២០នាក់ទៀតរងរបួស។ លោកត្រាំបានបញ្ជាក់ថា«យើង មិនអាច រៀបរាប់ពីការឈឺចាប់របស់ គ្រួសារជនរងគ្រោះដែលបាត់បង់ សាច់ញាតិ។ ទាំងនោះគឺជាការបាត់បង់យ៉ាងធំធេង ប៉ុន្តែយើង ចាំបាច់ត្រូវតែ ក្លាហានក្រោកឈរឡើង ប្រឆាំងក្រុមភេរវកម្ម។ អាមេរិកនឹងធ្វើគ្រប់យ៉ាង ដើម្បីការពារពលរដ្ឋរបស់ខ្លួន។ ជាមួយគ្នានេះ នឹងសហការជាមួយមន្ត្រីក្នុងតំបន់ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ» ។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា មានការបាញ់ប្រហារមួយកើតឡើងនៅ ព្រះវិហារ Sutherland Springs ស្ថិតនៅក្នុងតំបន់ Wilson រដ្ឋតិចសាស អាមេរិក សម្លាប់មនុស្ស២៧នាក់ និង ជាង២០នាក់រងរបួស ។ នេះជាការបាញ់ប្រហារ ទ្រង់ទ្រាយធំបំផុតទៅលើព្រះវិហារ ប្រវត្តិសាស្ត្រអាមេរិក។

នៅមិនទាន់មានការអះអាង បញ្ជាក់ឲ្យច្បាស់នៅឡើយ អំពីមូលហេតុដែលនាំឲ្យ ឈានទៅដល់ការ បាញ់ប្រហារបែបនេះ ប៉ុន្តែគេអាចដឹងបានត្រឹមថា តំបន់ដែលកើតហេតុនេះ គឺជាសហគមន៍ដែល មិនមានការសហការល្អ ជាមួយនឹងរដ្ឋាភិបាលអាមេរិកឡើយដោយការពីឆ្នាំ២០០០ វាមានមនុស្សរស់នៅតែត្រឹម ៣៦២នាក់ប៉ុណ្ណោះ។

ការបាញ់ប្រហារនាពេលនេះ បានធ្វើឲ្យគេនឹកឃើញដល់ការបាញ់ប្រហារនាពេលកន្លងមកនៅទីក្រុងឡាសវីហ្គាស សម្លាប់មនុស្សជាច្រើន ទើបតែកន្លងផុតទៅ បានជាងមួយខែប៉ុណ្ណោះ ។ ការបាញ់ប្រហារមុនៗព្រឹត្តិការណ៍ ឡាសវេហ្គាស និងការបាញ់ប្រហារនៅ តិចសាស ក៏បានបន្សល់ទុកនូវការឈឺចាប់ការបាត់បង់យ៉ាងធំធេងដល់ មនុស្សជំនាន់ក្រោយរបស់អាមេរិក។ ការបាញ់ប្រហារកាលពីយប់ថ្ងៃទី១ ខែតុលា សម្លាប់មនុស្ស៥៩នាក់ និងជាង៥០០នាក់ទៀតរងរបួសគឺជារឿងដ៏រន្ធត់បំផុត នៅលើទឹកដីអាមេរិក។

ខាងក្រោមនេះ ជាការបាញ់ប្រហារនៅអាមេរិកសម្លាប់មនុស្សជាច្រើននាពេលកន្លងមក៖

បាញ់ប្រហារនៅហាង McDonald San Ysidro (២១នាក់ស្លាប់ និង១៩នាក់ ទៀតរងរបួស)

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៨៤ លោក James Hubertyជាងផ្សារដែក និងជាបុគ្គលិកការពារ បានត្អូញត្អែរប្រាប់ ភរិយាថា លោកដូចជាមានបញ្ហាផ្លូវចិត្ត។ ដូច្នេះហើយ ទើបនៅថ្ងៃទី១៧ ខែកក្កដា Huberty បានទូរស័ព្ទទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប្រាប់ពីអាការរបស់លោកដើម្បី ឲ្យគ្រូពេទ្យត្រួតពិនិត្យ។ ដោយសារតែគ្រូពេទ្យឃើញស្ថានភាពមិនទាន់ប្រញាប់ ក៏បានឲ្យលោកស្ថិតនៅក្នុងបញ្ជីរង់ចាំត្រួត ពិនិត្យក្នុងរយៈពេល៤៨ម៉ោង និងដោយខកចិត្ត ព្រោះឲ្យលោករង់ចាំយូរ នៅព្រឹក ថ្ងៃទី១៧ ខែកក្កដាដដែលនោះ លោក Huberty បានថើបលាប្រពន្ធ និងកូនៗ។ លុះ នៅវេលាម៉ោង៤រសៀល គាត់ក៏បានយក កាំភ្លើង៣ដើម និងគ្រាប់រាប់រយគ្រាប់ចូលទៅកាន់ហាង McDonald ដែលមានចម្ងាយពីផ្ទះប្រហែល២០០ម៉ែត្រ បើកការបាញ់ ប្រហារតែម្តង បណ្តាលឲ្យមានមនុស្ស២១នាក់ស្លាប់ និង១៩នាក់រងរបួស។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា Hubertyបានចូលទៅកាន់ហាងខាងលើ ហើយមនុស្សនៅទីនោះបាននាំគ្នាសើច ដោយយល់ថា ជាការលេងសើច។ ក្រោយ មក១ម៉ោងHubertyវិលត្រឡប់មកវិញ ក៏បានបាញ់រះអស់២៤៥គ្រាប់ ទៅលើហ្វូង មនុស្សដោយប្រើប្រាស់កាំភ្លើងផ្សេងៗ គ្នា។ កម្លាំងពិសេស SWAT ក៏បានបាញ់ពីលើដំបូលផ្ទះសម្លាប់ជនដៃដល់តែម្តង។

ការបាញ់ប្រហារនៅភោជនីយដ្ឋាន Lubyសម្លាប់មនុស្ស២៣នាក់ និងរបួស ២០នាក់

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩១ លោក George Hennard ដែលជាអតីតនាវិកអត់ការងារធ្វើ បានបើករថយន្តដឹកទំនិញធុនធំក្នុងល្បឿនលឿនសម្រុកចូលក្នុងភោជនីយដ្ឋាន Lubyចំពេលមានពិធីបុណ្យក្នុងតំបន់ដែលមានមនុស្សជាច្រើនចូលរួមពិធីជប់លៀង។ ក្រោយពេលបើកបុក ជនដៃ ដល់ក៏បានយកកាំភ្លើងបាញ់រះទៅលើហ្វូងមនុស្ស ដោយស្រែកថា «ជាការសងសឹក ស្ត្រីទាំងអស់គឺជាពស់ពិស»។

តាមការស្រាវជ្រាវ George Hennardជាមនុស្សប្រកាន់ពណ៌សម្បុរ និងស្អប់ស្ត្រី យ៉ាងខ្លាំង។ មនុស្សនៅក្នុងភោជនីយដ្ឋានបានវាយបំបែកកញ្ចក់នៅខាងក្រោយភោជនីយដ្ឋាន បើកផ្លូវជួយមនុស្សរាប់រយនាក់ រត់ចេញពីទីនោះ។ នៅក្នុងការប៉ះទង្គិចជាមួយប៉ូលិស ជនដៃដល់ត្រូវប៉ូលិសបាញ់ ចំ៤គ្រាប់ ដោយមិនអាចគេចខ្លួនបាន ក៏សម្រេចចូលលាក់ខ្លួននៅក្នុងបន្ទប់ទឹក បាញ់សម្លាប់ខ្លួនឯងតែម្តង។ នៅក្នុងការបាញ់ប្រហារនោះ មានមនុស្ស២៣នាក់ស្លាប់ និង២០នាក់រងរបួស។

ការបាញ់ប្រហារនៅមជ្ឈមណ្ឌល ពាណិជ្ជកម្ម Auronra ស្លាប់១២នាក់ និង របួស៧០នាក់

ការបាញ់ប្រហារក្នុងពិធីសម្ពោធបើកបញ្ចាំងខ្សែភាពយន្ត Batman «The Dard Knight Rises » នៅក្នុងមហោស្រព Century16 ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Aurora ក្នុងទីក្រុង Denver នាព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជនដៃដល់ដែលបាញ់ប្រហារនោះ ឈ្មោះ James Holmes អតីតនិស្សិតពេទ្យអាយុ២៤ឆ្នាំ ពាក់អាវការពារគ្រាប់ ពាក់ របាំងមុខការពារជាតិពុលចូលរួមក្នុងពិធីខាងលើដូចជាអ្នកគាំទ្រដទៃទៀតនៅក្នុង ខ្សែភាពយន្ត។ ក្រោយមកជនដៃដល់ក៏បានបោះគ្រាប់បែកផ្សែង២គ្រាប់ កុំឲ្យគេ មើលឃើញហើយ ក៏បានដកកាំភ្លើងបាញ់ប្រហារអស់៧៦គ្រាប់ ទៅលើហ្វូងមនុស្សបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និង៧០ នាក់រងរបួស។ ក្រោយការស្រាវជ្រាវឆែកឆេរប៉ូលិសក៏បានរកឃើញគ្រាប់បែក៣០គ្រាប់ ហ្គាស១១០លីននិងសម្ភារបំផ្ទុះកែច្នៃផ្សេងទៀត។

នៅក្នុងការកាត់ក្តី James Holmes ជាប់គុក១ជីវិត និងត្រូវទទួលទោសបន្ថែមទៀតរហូតដល់៣.៣១៨ឆ្នាំ ពីបទព្យាយាម សម្លាប់មនុស្សនិងរក្សាទុកជាតិផ្ទុះ។

ការបាញ់ប្រហារនៅក្លិបរាត្រី Orlando ស្លាប់៤៩នាក់ របួស៥៣នាក់

នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ លោក Omar Mateenបុគ្គលិកការពារអាយុ២៩ឆ្នាំ បានបើករថយន្តទៅកាន់ក្លិប រាត្រីរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដោយយកកាំភ្លើងទៅជាមួយ និងគ្រាប់ជាច្រើន គ្រាប់។ នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ជនដៃដល់ បានសម្រុកចូលទៅខាងក្នុង រួចបាញ់ប្រហារទៅលើហ្វូងមនុស្សដែលកំពុងតែសប្បាយនៅទីនោះ។ ពេលដំបូងមនុស្សជាច្រើនស្មានតែជាសំឡេងកាំជ្រួច តែក្រោយ មកមនុស្សនៅខាងក្នុងចាប់ផ្តើមចលាចល។ រយៈពេល៤៥នាទី ប៉ូលិសជាង១០០នាក់បានចូលទៅដល់ឡោមព័ទ្ធទីនោះ និង បាញ់ប្រហារជាមួយខ្មាន់កាំភ្លើង។ មនុស្សជាច្រើនត្រូវចាប់ធ្វើជាចំណាប់ខ្មាំង រហូត ដល់ម៉ោង៥ទៀបភ្លឺ ទើបប៉ូលិសបាញ់សម្លាប់ជនដៃដល់ដោយជោគជ័យ។

ក្រោយការស្រាវជ្រាវ ជនដៃដល់មាន ទំនាក់ទំនងជិតស្និទ្ធនឹងក្រុមភេរវកម្ម ដោយបានប្រកាសស្មោះត្រង់នឹងក្រុមIS។

ការបាញ់ប្រហារនៅទីក្រុងឡាសវេ ហ្គាសស្លាប់៥៩នាក់ របួស៥២៧នាក់

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧អាមេរិកប្រឈមនឹងការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមិនធ្លាប់មានពីមុនមកដោយមានអ្នកស្លាប់ និងរបួសច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកដោយមានចំនួន អ្នកស្លាប់ និងរបួសជិត៦០០នាក់ ហើយជនដៃដល់បាញ់ប្រហារតែម្នាក់ឯងប៉ុណ្ណោះ។

ជនដៃដល់មានឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ បានបាញ់ប្រហារពីលើសណ្ឋាគារ Mandalay Bay ជាន់ទី៣២ ដែលគាត់ស្នាក់នៅទៅលើហ្វូងមនុស្សជាង២២ពាន់នាក់នៅខាងក្រោម ដែល កំពុងតែទស្សនាការប្រគំតន្ត្រីកណ្តាលវាល។ជនដៃដល់បានធ្វើអត្តឃាតមុន ពេលប៉ូលិសចូលទៅដល់។ ក្រោយមកប៉ូលិសក៏បានឆែកឆេរផ្ទះរកឃើញកាំភ្លើងគ្រប់ប្រភេទចំនួន៤២ដើម។ នៅពេលនេះប៉ូលិសមិនទាន់អាចសន្និដ្ឋានពីមូលហេតុនៃការបាញ់ប្រហារខាងលើនោះឡើយ។ប៉ុន្តែក្រុមភេរវកម្ម IS បានចេញមុខប្រកាស ទទួលស្គាល់ថា ជាសកម្មភាពរបស់ក្រុមខ្លួន ដោយបុរសវ័យ៦៤ឆ្នាំខាងលើ បាន ចូលក្នុងសាសនាអ៊ិស្លាមកាលពីខែមុន៕ ម៉ែវ សាធី


ចែករំលែក៖