ខេត្តកណ្ដាលៈ រថយន្ដមួយគ្រឿង បើកឆ្លងផ្លូវបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងបើកក្នុងល្បឿនលឿនបុកពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្ដបង្កមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករត់គេចខ្លួនក្រោយពេលកើតហេតុ ។ ចំណែកឯជនរងគ្រោះបាត់បង់ជីវិតឈ្មោះ សាវី សៀងហៃ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ/ឃុំកោះចូរាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1K-5029 រួមដំណើរជាមួយឈ្មោះ ម៉ី ទូច ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិស្វាយត្បូង ឃុំស្វាយត្បូង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (រងរបួសធ្ងន់) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដបង្កបើកតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ដបង្កបានបត់ឆ្វេងឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្នពុំមើលឆ្វេងមើលស្ដាំនោះទេ ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ជិះដោយឈ្មោះ សាវី សៀងហៃនិងរួមដំណើរជាមួយឈ្មោះ ម៉ី ទូច ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បុកជាមួយនិងរថយន្ដពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូឈ្មោះ សាវី សៀងហៃ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រីឯអ្នករួមដំណើរជាមួយឈ្មោះ ម៉ី ទូច ទទួលរងរបួសធ្ងន់ ។ ចំណែកឯរថយន្ដបង្កបានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចវស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយពីធ្វើការពិនិត្យនិងវាស់វែងរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្ដាលមករថយន្ដបង្កបើកខ្វះការប្រុងប្រយ័ត្នធ្វេសប្រហែសមុនឆ្លងផ្លូវ រីឯអ្នកជិះម៉ូតូវិញ បើកក្នុងល្បឿនលឿនទើបឈប់មិនទាន់ជ្រុលទៅបុកជាមួយរថយន្ដស្លាប់យ៉ាងដូច្នេះ ។ ចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់រថយន្ដដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ