ព័ត៌មានទាន់ហេតុការណ៍៖

ចោរចិត្តស្លុយគាស់ទ្វារឃ្លាំងចូលលួចខ្សែភ្លើង ម្ចាស់គេឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញៈ ចោរចិត្តស្លុយម្នាក់ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងមួយកន្លែងចូលលួចយកសម្ភារៈមួយចំនួន កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចឃ្លាំងគ្មានលេខមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុម១ ភូមិ- សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សាន់ ភក្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះម្ចាស់ឃ្លាំងឈ្មោះ កែវ វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មន្ត្រីរាជការ ស្នាក់នៅកន្លែងកើតហេតុ។រីឯ សម្ភារៈដែលជនសង្ស័យធ្វើសកម្មភាពលួចនោះរួមមាន៖ ខ្សែភ្លើង១ដុំ និងទុយោបាញ់ទឹកមួយចំនួន។

ប្រភពពីម្ចាស់ឃ្លាំងបានឲ្យដឹងថា មុនពេលឃាត់ខ្លួន រូបគាត់បានក្រោកពីដំណេកដើរសំដៅទៅឃ្លាំងក្នុងគោលបំណងចាក់សោបើកទ្វារឃ្លាំង ខណៈពេលដើរទៅដល់មាត់ទ្វារ ស្រាប់តែឃើញទ្វារឃ្លាំងចំហ ហើយក៏ឃើញជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពដើរកាត់ខ្សែភ្លើងយកទៅទុកម្តុំ ។

ម្ចាស់ឃ្លាំងបានបន្តទៀតថា មិនដឹងថា ជនសង្ស័យលួចកាត់សោរគាស់ទ្វារចូលតាំងពីពេលណានោះទេហើយនៅពេលឃើញចូលទៅដល់ក្នុងឃ្លាំង ស្រាប់តែជនសង្ស័យប្រញាប់ប្រញាល់ប្រមូលខ្សែភ្លើង និងទុយោបាញ់ទឹកមួយចំនួនធំ ដែលរូបគេបានធ្វើសកម្មភាព កាត់បាននោះយកទៅច្រកបាវ និងច្រកថង់យួរស្ពាយរត់ឡើងរបងលោតចូលក្នុងដីឡូត៍មួយដែលមានទឹកដក់នៅក្បែរនោះ។ ភ្លាមៗនោះ គាត់បានស្រែកឆោឡោថា ចោរៗបង្កឲ្យមានការភ្ញាក់ដល់អ្នករស់នៅជិតខាងនាំគ្នាជួយព័ទ្ធចាប់បានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប៉ាកតែម្តង។

បច្ចុប្បន្នជនសង្ស័យរូបនេះរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ អរុណរះ


ចែករំលែក៖