ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌពោធិ៍សែនជ័យនាំយកម៉ូតូ១គ្រឿងផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅវិទ្យាល័យក្រាំងស្លា

ចែករំលែក៖

ភ្នំពេញ៖ ឆ្លើយតបតាមការសន្យា ក៏ដូចជាការលើកទឹកចិត្តដល់សិស្យានុសិស្សទាំងពីរភូមិ គឺភូមិក្រាំង និងភូមិស្លា ស្ថិតក្នុងចារ ស្រុកព្រៃកប្បាស ខេត្តតាកែវនោះ នៅរសៀលថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០១៧ លោក ហែម ដារិទិ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបាននាំយកអំណោយម៉ូតូ១គ្រឿង ទៅផ្តល់ជូនសិស្សពូកែម្នាក់ ដែលបានប្រឡងជាប់និទ្ទេសA ក្នុងឆ្នាំសិក្សា២០១៦-២០១៧កន្លងទៅនេះ។

លោក ហែម ដារិទិ្ធ បានលើកឡើងថា ដើម្បីឆ្លើយតបទៅតាមការសន្យាចំពោះក្មួយៗទាំងអស់ ដូចជាការសន្យារបស់ក្រុមការងារគណៈប្រជាជនកម្ពុជាយើង ចុះជួយឃុំចារនេះ ហើយនៅថ្ងៃនេះបាននាំយកអំណោយនូវម៉ូតូ១គ្រឿងជូនដល់សិស្សពូកែរបស់វិទ្យាល័យក្រាំងស្លា។ លោកថា សិស្សឈ្មោះ ហេង សុវណ្ណារ៉ា គេទើបតែមានអាយុ១៧ឆ្នាំទេ ហើយគេបានប្រឡងបាននិទ្ទេសរហូតដល់ទៅ៩៩ជាងបន្ទុក។ នេះគឺជាមោទនៈភាពបំផុតរបស់វិទ្យាល័យក្រាំងស្លាយើងនេះ ហើយអ្វីដែលបានសន្យានោះ គឺក្រុមការងារគណៈបក្សប្រជាជនបាននាំយកមកផ្តល់ជូននៅថ្ងៃនេះ យើងមិនសន្យាខ្យល់នោះទេ។ សូមឲ្យក្មួយៗឆ្នាំក្រោយបន្តយកជ័យជំនះនិទ្ទេសA យើងនឹងផ្តល់ជូនថែមទៀត។ លោក ហែម ដារិទិ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុកដាក់បំផុតដល់ការសិក្សារបស់កូន ក្មួយសម្តេចនៅទូទាំងប្រទេស ហើយសម្តេចក៏បានផ្តាំផ្ញើដល់ក្មួយៗចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

លោក ហែម ដារិទិ្ធ ក៏បានលើកឡើងនូវទុក្ខលំបាកក្នុងជំនាន់ប៉ុល ពត គឺគ្មានឱកាសរៀនសូត្រដូចជំនាន់យើងនេះទេ ខំតែបានកងទ័ពរណៈសិរ្យរំដោះប្រទេសជាតិ រំដោះប្រជាជនទើបយើងទាំងអស់គ្នាបានរស់សុខសប្បាយ ក្មួយៗបានរៀនសូត្រ សំលៀកបំពាក់ល្អស្អាត ដេកស៊ីឆ្ងាញ់គ្រប់យ៉ាង គឺនៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន យើងនេះហើយ។

ដោយឡែកសិស្សឈ្មោះ ហេង សុវណ្ណារ៉ា បានប្រាប់ឲ្យដឹងថា រូបគេជាអតីតសិស្សថ្នាក់ទី១២B នៃវិទ្យាល័យក្រាំងស្លា ជាសិស្សជាប់និទ្ទេសA ក្នុងសម័យប្រឡងនៅថ្ងៃទី២៦សីហាឆ្នា២០១៧។ រូបគេទើបតែមានអាយុ១៧ឆ្នាំ ចំពោះការសិក្សាវិញរូបគេត្រូវបានលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ និងគ្រូៗរបស់គេ។ ហេង សុវណ្ណារ៉ា ថាគេបានគ្រប់គ្រងពេលវេលាបានត្រឹមត្រូវក្នុងការរៀនសូត្រ អក្សរបានស្អាតផ្ចិតផ្ចង់បំផុត ហើយសំរាប់អក្សរសាស្ត្រខ្មែររូបគេធ្វើបាន៤ទំព័រក្នុងរយៈពេល៤០នាទី ក្នុងសម័យប្រឡងនោះ។ ចំណែករូបវិទ្យា គីមីវិទ្យា គឺរូបគេគិតលេខដោយដៃផ្ទាល់តែម្តង។

ហេង សុវណ្ណារ៉ា ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុន សែន យ៉ាងជ្រៅបំផុតដែលបានផ្តល់ឱកាសឲ្យរូបគេក៏ដូចសិស្សដ៏ទៃ ទៀតចូលជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ជាពិសេសអាហារូបករណ៍។ ហេង សុវណ្ណារ៉ា ក៏បានថ្លែងអំណរគុណដល់លោកហែម ដារិទិ្ធ ដែលបានផ្តល់នូវម៉ូតូ១គ្រឿងដល់រូបគេផងដែរ នៅក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨នេះ៕ តាឡឹម

 


ចែករំលែក៖