ភ្នំពេញ៖ នៅទីបំផុតចំណងស្នេហារបស់តារាចម្រៀងស្រី ធីណាតា ជាមួយគូដណ្តឹងជាមន្ត្រីក្រសួងមហាផ្ទៃនោះ បានដើរដល់ផ្លូវទាល់ហើយ។ ដល់ផ្ទូវទាល់ ព្រោះតែចិត្តគំនិតមិនត្រូវគ្នា គឺការរស់នៅមិនចុះសម្រុងនឹងគ្នា។
ធីណាតា បានសម្រេចចិត្តភ្ជាប់ពាក្យកាលពីអំឡុងខែមករា ឆ្នាំ២០១៦ ជាមួយបុរសពោះម៉ោយម្នាក់ឈ្មោះម៉ន គង់ ដែលជាបុរសពោះម៉ាយកូនមួយ និងជាកូនកំព្រាគ្មានឪពុកម្តាយ។ គូដណ្តឹងនាងវ័យ៤៣ឆ្នាំ ជាវេជ្ជបណ្ឌិត និងជាមន្ត្រីក្រសួងមហាផ្ទៃ ដែលពួកគេចង់ចូលរោងការជាមួយគ្នាជាយូរមកហើយ ប៉ុន្តែត្រូវបានពន្យារពេលរហូតបែកបាក់គ្នានៅពេលនេះ។
បាត់មុខមួយរយៈ ធីណាតា បានបង្ហាញវត្តមានជាថ្មី ប៉ុន្តែពេលនេះនាងបែរជាទម្លាយរឿងរ៉ាវស្នេហាប្រេះឆាទៅវិញ។ ប្រេះឆា ព្រោះតែស្នេហានេះ មិនអាចបន្តទៅមុខបានគ្រាដែលនាង និងគូដណ្តឹងរស់នៅមិនចុះសម្រុងនឹងគ្នា បើទោះបីជាកន្លងមកនាង ព្យាយាមសម្របសម្រួលគ្នាជាច្រើនលើកច្រើនសារទៅហើយក៏ដោយ។ នាងថា នាង និងអតីតគូដណ្តឹងគ្មានសល់អ្វីក្រៅពីមុខជំនួញរួមគ្នាទេ។ នាងថា មិនចង់មានការសម្របសម្រួលជាថ្មីឡើយ ហើយនាងបិទផ្លូវស្នេហ៍ត្រឹមនេះ។
នាងថា ការជួបគ្នាគឺជារឿងនិស្ស័យប៉ុន្តែរស់នៅមិនចុះសម្រុង ចិត្តគំនិតខ្វែងគ្នាច្រើនគឺមិនអាចបន្តជីវិតជាមួយគ្នាទៅទៀត បានទេ ហើយនាងជ្រើសរើសផ្លូវបែកមុនពេលមានសមាជិកគ្រួសារថ្មីក្នុងបន្ទុក ហើយក៏គ្មានទ្រព្យសម្បត្តិធំដុំអ្វីត្រូវបែងចែកគ្នានោះដែរ។
នាងថា កន្លងមកចេះតែមានរឿងតឹងសសៃកដាក់គ្នាច្រើន ហើយក៏មិនចង់ទម្លាយប្រាប់គេដែរព្រោះតែនាងគិតថា ជារឿងគ្រួសារ ប៉ុន្តែពេលនេះនាងសម្រេចចិត្តហើយថា នឹងបញ្ចប់ ព្រោះតែអាចបើកឱកាសឲ្យភាគីទាំងសងខាងទទួលយកស្នេហ៍ថ្មី និងប្រកាសលែងពាក់ព័ន្ធនឹងគ្នាទៅថ្ងៃមុខ។
នាងថា ទោះបែកគ្នាប៉ុន្តែសម្រាប់មុខជំនួញផ្នែកគ្រឿងសម្អាង និងអាហារបំប៉នដែលរកស៊ីរួមគ្នាគឺនៅដំណើរការដដែល ហើយនាងនឹងបន្តការងារសិល្បៈដដែល គ្រាដែលនាងត្រូវចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកទី៦នៅចុងឆ្នាំនេះ ដោយចំណាយពេលប្រមាណ៣ខែនិង អាចបន្តច្រើនខែទៅមុខទៀតបើមានឱកាសច្រៀងបន្ត។
នាងក៏មិនប្រាកដដែររថានឹងទទួលយកស្នេហ៍ថ្មីនៅពេលណានោះដែរដោយនាងចង់ទុកពេលវេលាខ្លះនៅម្នាក់ឯងសិន ប៉ុន្តែប្រសិនបើជួបស្នេហ៍ថ្មីលើទឹកដីក្រៅប្រទេសនាងនឹងពិចារណាជាថ្មី៕ វឌ្ឍនា