ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយឃាតកដែលបាញ់និងបោកគ្រាប់បែកបណ្តាលឲ្យរបួសសមត្ថកិច្ចកងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ កម្លាំងកងរាជអាវុធ ហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានស្រាវជ្រាវរហូតតាមចាប់ខ្លួនជនល្មើសជាឃាតកដែលតដៃជាមួយសមត្ថកិច្ចដោយគប់គ្រាប់បែក២គ្រាប់ និងបាញ់ មន្ត្រីកងរាជអាវុធហត្ថម្នាក់ឲ្យរបួសជើង កាលពី២ថ្ងៃមុន ខណៈដែលកម្លាំងសមត្ថ កិច្ចចុះបង្ក្រាបដើម្បីចាប់ខ្លួនពាក់ព័ន្ធអំពើ ឃាតកម្មនៅខេត្តកណ្តាលនាពេលកន្លង ទៅ ។

លោក ងួន រិទ្ធី មេបញ្ជាការកងរាជអាវុធ ហត្ថស្រុកអន្លង់វែងឲ្យដឹងថា កម្លាំងរបស់លោកចាប់ខ្លួនជនល្មើសបានហើយ ប៉ុន្តែ មិនទាន់អាចប្រាប់លម្អិតបានឡើយ ព្រោះ ពេលនេះកំពុងដំណើរការតាមនីតិវិធីសិន។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធ ហត្ថខេត្តសៀមរាបសហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ពាក់ព័ន្ធ ករណីឃាតកម្មនៅខេត្តកណ្តាល ហើយរត់គេចខ្លួនមករស់នៅស្រុកអន្លង់វែង។

មន្ត្រីកងរាជអាវុធហត្ថបានបន្ថែមថា ពេលសមត្ថកិច្ចកងរាជអាវុធហត្ថកំពុងព័ទ្ធចាប់ក៏ត្រូវបានជនសង្ស័យគប់គ្រាប់បែក២គ្រាប់ និងបាញ់មកលើសមត្ថកិច្ចកងរាជ អាវុធហត្ថបណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ឈ្មោះ អ៊ុយ ចយ រង របួសស្រាលត្រង់ជើង។ រីឯជនសង្ស័យ ក្រោយបាញ់តបតរួចក៏បានរត់គេចខ្លួន ចូលក្នុងព្រៃ ។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះកើតឡើងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាឲ្យតាមចាប់ជនល្មើស ឲ្យខាងតែបាន ៕ ប៉ែន នួន


ចែករំលែក៖