ខ្សែប្រយុទ្ធ Didier Drogba វីរបុរសក្លិបតោខៀវ Chelsea បានប្រកាសថាខ្លួនគ្រោងចូលនិវត្តន៍នៅឆ្នាំ ២០១៨ខាងមុខនេះ ខណៈដែលរូបគេកំពុងលេងឲ្យក្លិបមួយនៅសហរដ្ឋអាមេរិក ។
ខ្សែប្រយុទ្ធ Drogba បានថ្លែងប្រាប់សារព័ត៌មាន RMC Sport ថា “ខ្ញុំគិតថា ឆ្នាំក្រោយជារដូវកាលចុងក្រោយហើយសម្រាប់ខ្ញុំក្នុងនាមជាកីឡាករ។ ខ្ញុំត្រូវការពេលវេលាសម្រាប់គម្រោងផ្សេងៗទៀតក្នុងជីវិតរបស់ខ្ញុំ។ វាពិតជាល្អណាស់ ដែលនៅលេងបាល់បាន ប៉ុន្តែអាយុ៣៩ទៅហើយ ខ្ញុំត្រូវថយមកគិតគម្រោងផ្សេងទៀត”។
បច្ចុប្បន្ន Drogba កំពុងតែលេងឲ្យក្លិប Phoenix Rising ក្នុងលីក United Soccer របស់សហរដ្ឋអាមេរិក។ លើសពីនេះ ខ្សែប្រយុទ្ធរូបនេះ ជាកីឡាករដំបូងបំផុតដែលលេងក្នុងភាពកីឡាករផង និងធ្វើជាម្ចាស់ផងក្នុងក្លិបបាល់ទាត់អាមេរិក ដោយកីឡាកររូបនេះបានទិញភាគហ៊ុនមួយចំនួនក្នុងក្លិប Phoenix Rising ដែលជាក្លឹបខ្លួនកំពុងលេងឲ្យនៅពេលបច្ចុប្បន្ន។ លីក United Soccer នឹងចាប់ផ្ដើមនៅខែមីនា និងបញ្ចប់នៅខែវិច្ឆិកាឆ្នាំក្រោយ។ នេះមានន័យថា បើសិនជាគ្មានការប្រែប្រួលទេ Drogba នឹងចូលនិវត្តន៍នៅចុងឆ្នាំក្រោយ។
សូមបញ្ជាក់ថា កីឡាករសញ្ជាតិកូឌីវ័រ Drogba បានចំណាយពេលជាង ៩រដូវកាលលេងឲ្យក្លិប Chelsea ដោយខ្សែប្រយុទ្ធឆ្នើមរូបនេះរកគ្រាប់បាល់បាន១៥៧គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៣៤១លើកឲ្យក្លិបយក្សអង់គ្លេសមួយនេះ មុននឹងចាកចេញពីក្លិបកាលពីឆ្នាំ២០១៥ទៅកាន់សហរដ្ឋអាមេរិក ៕ ដេវីត