ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរក្រសួងចុះត្រួតពិនិត្យសាប៊ូដុះខ្លួនសង្ស័យក្លែងក្លាយនិងបន្លំស្លាក់យីហោនៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី កម្លាំង មន្រ្តីអន្តរក្រសួងដែលដឹកនាំដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ស្រី ម៉ាកនី ចុះត្រួតពិនិត្យនៅទីតាំងផ្ទះមួយកន្លែងនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញដើម្បីត្រួតពិនិត្យលើសម្ភារវត្ថុតាងដោយសង្ស័យសាប៊ូជាច្រើនម៉ាក់ជាផលិតផលក្លែងក្លាយនិងក្លែងម៉ាក់យីហោ។

មន្រ្តីដែលបានចុះត្រួតពិនិត្យរួមគ្នានោះគឺមានមកពីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាលនិងក្រសួងពាណិជ្ជកម្មរួមទាំងសមត្ថកិច្ចមូលដ្ឋានផងដែរ។

ក្នុងប្រតិបត្តិត្រួតពិនិត្យនោះ លោក ឃ្លាំង សាម៉េត ប្រធានការិយាល័យនិយ័តកម្ម នាយកដ្ឋានឱសថនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះបន្ទាប់ពីគណៈកម្មការអន្តរក្រសួងមានការសង្ស័យក៏ប៉ុន្តែមិនទាន់ប្រកដថាក្លែង ក្លាយឬយ៉ាងណាទេតែសម្រាប់ស្លាក់យីហោគឺមានក្លែងបន្លំ។

លោក ឃ្លាំង សាម៉េតបានបន្តទៀតថា ប្រសិនបើគណៈកម្មការធ្វើការពិនិត្យរួចហើយឃើញថាផលិតផលនេះ ក្លែងក្លាយខាងក្រសួងនឹងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដើម្បីបញ្ជាក់ថាផលិតផលនេះ ប្រើប្រាស់នឹងធ្វើឲ្យមានផលប៉ះពាល់សុខភាពខាងក្រៅ និងមានបញ្ហាស្បែករបស់ពួកគេជាដើម។

ថ្លែងនៅក្នុងកិច្ចប្រតិបត្តិការនោះដែរ លោក វរសេនីយ៍ត្រី ម៉ាត់ យូសុះនាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានឲ្យដឹងថាផលិតផលដែលសង្ស័យថាក្លែងក្លាយនេះគឺមាន ចំនួន៩ម៉ាកនិង៧៦៧កេះស្មើនិង១០តោន។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក វរសេនីយ៍ត្រីម៉ាត់ យូសុះបានលើកឡើងថាផលិតផលនេះខាងគណៈកម្មការពុំទាន់ធ្វើការរឹបអូសនោះ ទេដោយរក្សាទុកនៅកន្លែងទីតាំងដដែលដោយរងចាំសេចក្តីសម្រេចរបស់តុលាការនិងមន្រ្តីជំ នាញដែលពួកគេយកទៅធ្វើការត្រួតពិនិត្យ។

ដោយឡែកសម្រាប់ម្ចាស់ផលិតផលនិងម្ចាស់ទីតាំងដែលមានឈ្មោះថា តៅ ប្រសិទ្ធ ភេទប្រុសអាយុ៣៨ឆ្នាំហើយនាពេលនេះត្រូវបានគេចខ្លួន មន្រ្តីនឹងធ្វើការកោះអញ្ជើញគាត់ឲ្យមកដោះស្រាយទៅតាមនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃនឹងមិនលើកលែងឲ្យ ម្ចាស់ផលិតផលរួចខ្លួននោះឡើយក្រោយពីពិនិត្យឃើញថាផលិតផលនេះពិតជាក្លែងក្លាយនិង បន្លំម៉ាកយីហោមែននោះ។

សូមរំលឹកថាកាលពីកន្លងទៅថ្មីៗនេះមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានសន្យាថានឹង ខិតខំធ្វើយ៉ាងណាបោសសំអាត់ផលិតផលក្លែងក្លាយ និងក្លែងបន្លំយីហោឲ្យអស់នៅប្រទេស កម្ពុជាខណៈផលិតផលក្លែងក្លាយនោះវានឹងធ្វើឲ្យមានផលប៉ះពាលខ្លាំងដល់សុខភាព របស់ អ្នកប្រើប្រាស់នោះ។

ជាមួយគ្នានោះកាលពីពេលកន្លងទៅថ្មីៗនេះដែរមន្រ្តីសមត្ថកិច្ចក្រសួងមហាផ្ទៃបានធ្វើការដុតកំទេចនូវផលិតផលក្លែងក្លាយប្រមាណជិតមួយរយតោនក្រោយពីរឹបអូសបានពីឈ្មួញទុច្ចរិត។ ផលិត ក្លែងទាំងនោះភាគច្រើននាំចេញពីប្រទេសថៃ វៀតណាម អាមេរិក បារាំង ហុងកុង និងចិនជាដើម៕ តាឡឹម


ចែករំលែក៖