ភ្នំពេញ៖ រសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នា ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Vatché PAPAZIAN នាយកគម្រោងទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ (Project Manager in Unit of Agriculture, Rural Development and Biodiversity, AFD-Paris) នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Vatché PAPAZIAN និងសហការី ដែលបានមកបំពេញបេសកកម្មក្នុងរយៈពេល ១០ថ្ងៃ នៅកម្ពុជា ដើម្បីពិនិត្យវាយតម្លៃទៅលើប្រព័ន្ធធារាសាស្ត្រ និងព្រែកនានា ដែលក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តក្រោមហិរញ្ញប្បទានពី AFD ក្នុងជំហានទី១ កន្លងមក ក៏ដូចជាការចុះពិនិត្យវាយតម្លៃលើទីតាំងគម្រោងថ្មីៗ ដែលនឹងត្រូវអនុវត្តក្នុងជំហានទី២ បន្តទៀត ។
លោក PAPAZIAN ក៏បានជម្រាបជូនលោករដ្ឋមន្ត្រីថា នេះគឺជាបេសកកម្មលើកចុងក្រោយរបស់លោកមកកាន់កម្ពុជា ។ ក្រោយពេលបញ្ជប់បេសកកម្មនេះ លោកនឹងត្រូវចូលនិវត្តន៍ ហើយលោកស្រី Alexia Hoffmann និងបន្តការងារពីលោក ។
លោក PAPAZIAN បានជម្រាបជូនលោករដ្ឋមន្ត្រីបន្ថែមថា ក្នុងជំហានទី២ នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានគ្រោងនូវកញ្ចប់ថវិកា ប្រមាណ ២០០ លានអ៉ឺរ៉ូ បន្ថែមទៀត សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម យកទៅអភិវឌ្ឍន៍គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងព្រែកនាំដីល្បប់នានា ។
គម្រោងជំហានទី ២ នេះ នឹងត្រូវអនុវត្តក្នុងរយៈពេល ៨ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ តទៅ ដោយបែងចែកចេញជា ៤ ដំណាក់កាល ។
លោកបន្តថា សម្រាប់ដំណាក់កាលទី១ ឆ្នាំ ២០១៨-២០១៩ ក្រសួងធនធានទឹក និងឧតុនិយម នឹងមានកញ្ចប់ថវិកាសរុបប្រមាណពី ៧១,៥- ៧៣,៥ លានអ៉ឺរ៉ូ ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ប្រតិភូ AFD នៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលជានិច្ចកាលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ៕ សុខ ខេមរា