នៅបណ្តាខេត្តភាគកណ្តាលប្រទេសវៀតណាម ប្រឈមនិងឥទ្ធិពលនៃព្យុះ ទី១៤ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជា ទឹកជំនន់ជន់លិចតំបន់ជាច្រើន នៅតំបន់ ភាគកណ្តាលនៃប្រទេសនេះ។
មន្ត្រីគ្រប់គ្រងទប់ស្កាត់គ្រោះធម្មជាតិវៀតណាម បានឲ្យដឹងនៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា នេះថា គ្រោះទឹកជំនន់ បានបង្ក ឡើងដោយទឹកភ្លៀង ធ្លាក់ចុះយ៉ាងគំហុក នៅតំបន់ភាគកណ្តាលនៃ ប្រទេសវៀត ណាម ក្នុងរយៈពេល៣ថ្ងៃមកនេះ បាន សម្លាប់មនុស្សអស់២នាក់ និងម្នាក់កំពុង បាត់ខ្លួន ។
គណៈកម្មាធិការកណ្តាលត្រួតពិនិត្យ និងទប់ស្កាត់ គ្រោះមហន្តរាយធម្មជាតិ នៃប្រទេសវៀតណាម បានឲ្យដឹងថា បុរសអាយុ៥២ឆ្នាំ និងស្ត្រីអាយុ៨១ឆ្នាំ អ្នកទាំងពីររស់នៅតំបន់ភាគកណ្តាល នៃខេត្ត Thua Thien Hue ត្រូវបានលង់ ទឹកស្លាប់ នៅក្នុងគ្រោះទឹកជំនន់ ហើយស្ត្រី វ័យ៣៦ឆ្នាំម្នាក់ មកពីខេត្តដូចគ្នា បានត្រូវទឹកហូររសាត់នាំទៅបាត់ដំណឹងឈឹង ។
គ្រោះទឹកជំនន់នៅវៀតណាម ក៏បាន បង្កការបំផ្លិចបំផ្លាញ ផ្ទះពលរដ្ឋ អស់ជិត ៨.៣០០ខ្នង នៅក្នុងខេត្ត Thua Thien Hue និងភាគកណ្តាលខេត្ត Quang Tri បង្កការខូចខាតដីស្រែចម្ការ អស់១០ ហិកតា និងបង្កឲ្យមានគ្រោះបាក់ដី នៅក្នុងខេត្ត Quang Tri ហើយរំខានដល់ការ ធ្វើដំណើរ តាមរថភ្លើង ពីតំបន់ខាងជើងទៅកាន់តំបន់ខាងត្បូង ។
កន្លងមកកាលពីព្យុះទី ១២និង ទី១៣ បានវាយប្រហារ នៅភាគកណ្តាលប្រទេស វៀតណាម និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់បណ្តាលឲ្យមាន អ្នកស្លាប់និង របួសជាច្រើន បំផ្លាញទ្រព្យសម្បត្តិរាប់សិបលានដុល្លារ។ ៣ប្រទេសរងផលប៉ះពាល់ ខ្លាំងជាងគេនោះគឺ ហ្វុីលីពីន មានអ្នកស្លាប់ ៨នាក់ របួស១៥នាក់ បំផ្លាញទ្រព្យសម្បត្តិ ជិត៦លានដុល្លារ។ ប្រទេសកម្ពុជា ស្លាប់ ម្នាក់ របួស៣នាក់ ខាតបង់ ជិត៤លាន ដុល្លារ និងប្រទេសវៀតណាម រងផលប៉ះ ពាល់ខ្លាំងជាងគេ ដោយមានអ្នកស្លាប់ រហូតដល់១៥០នាក់ របួស ១៩២នាក់ បំផ្លាញទ្រព្យសម្បត្តិ ជិត៦០០លានដុល្លារ អាមេរិក៕ ម៉ែវ សាធី