ព័ត៌មានទាន់ហេតុការណ៍៖

ខឹងកាប់ម្ចាស់មិនបានទាញដាវសាមូរ៉ៃកាប់ចំម៉ូតូនគរបាលក្របួចបានជនដៃដល់ម្នាក់ រីឯ៣នាក់ទៀតរត់រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ម្នាក់ក្នុងចំណោម៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គឃាត់ខ្លួននិងបក្ខពួក៣នាក់ទៀតកំពុងតែ រត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតែតាម ចាប់ខ្លួនក្រោយពេលដែលក្រុមជនដៃដល់ ខាងលើបានធ្វើសកម្មភាពយកដាវកាប់ ទៅលើយុវជន២នាក់បងប្អូនតែសំណាងល្អមិនមានរងរបួសទេគឺគ្រាន់តែខូចខាត ម៉ូតូស៊េរីទំនើបមួយគ្រឿងប៉ុណ្ណោះ ។

ហេតុការណ៍ក្រុមជនដៃដល់ដេញកាប់ មនុស្សដូចកាប់សត្វធាតុនោះបានបង្កឲ្យមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង ៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅមុខវិទ្យាល័យចាន់ថ្នាល ក្នុង ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកឧដុង្គបាននិយាយឲ្យដឹងថា ជនដៃដល់ដែលនគរបាលឃាត់ខ្លួនបាន ឈ្មោះ ប៊ុត ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ មុខ របរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំង អូរ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកបក្ខពួកក្រុមជនដៃដល់ចំនួន៣ នាក់ទៀតក្រោយបង្កហេតុបានរត់គេចខ្លួនសមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ។

មន្ត្រីនគរបាលដដែលបានបន្តថា ម៉ូតូដែលក្រុមជនដៃដល់កាប់បណ្តាលឲ្យរងការខូចខាតនោះម៉ាកហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខជា កម្មសិទ្ធិ២នាក់បងប្អូនជាជនរងគ្រោះឈ្មោះ ចេង គីមសេង ភេទប្រុស អាយុ១៧ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ចេង គីមសុង ភេទប្រុស អាយុ១៤ឆ្នាំ។ អ្នកទាំង២រស់នៅភូមិតានី ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ម៉ូតូខូចខាតត្រូវបានក្រុមជនសង្ស័យយកដាវសាមូរ៉ៃកាប់ត្រូវក្បាលផ្នែកខាងឆ្វេង ក្បាំង ខាងស្ដាំ តួខាងស្ដាំបណ្តាលឲ្យមានស្នាមតែ សំណាងល្អម្ចាស់ម៉ូតូបានរត់គេចខ្លួនផុត។

មន្ត្រីនគរបាលស្រុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុនោះក្មេងប្រុសរងគ្រោះជាម្ចាស់ម៉ូតូនោះបានជិះម៉ូតូឌុបគ្នា២នាក់បងប្អូននៅមុខវិទ្យាល័យចាន់ថ្នាល ស្រាប់តែក្រុមជនដៃដល់បានទៅបង្កជម្លោះរហូតទាស់ពាក្យសម្តីគ្នាក៏ឈានទៅដល់ប្រើ ហិង្សារហូតដល់ស្ទុះទៅទាញដាវសាមូរ៉ៃ កាប់មកលើក្មេងប្រុសទាំង២នាក់បងប្អូន ប៉ុន្តែសំណាងល្អពួកគេទាំង២នាក់រត់គេចខ្លួនទាន់កុំអីច្បាស់ជារងគ្រោះជាក់ជាមិនខានឡើយ។ បន្ទាប់មកក្មេងប្រុសទាំង២នាក់រត់ចោលម៉ូតូទើបក្រុមជនដៃដល់បានយកដាវកាប់ម៉ូតូស៊េរីទំនើបនោះបណ្តាលឲ្យរងការខួចខាត ។

ក្រោយបង្កហេតុរួចក្រុមជនសង្ស័យទាំង៤នាក់បានជិះម៉ូតូម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌ស្វាយ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ 1N-7002 នោះត្រូវជនបង្កជិះយក ទៅទុកនៅរោងគោខាងក្រោយផ្ទះឈ្មោះ ហង្ស ម៉ៅ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិ ត្រពាំងអូរ ឃុំព្នាយ ស្រុកសំរោងទង ។

ក្រោយកើតហេតុឪពុកម្តាយក្មេងប្រុសជាម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចស្រាវជ្រាវស្វែងរកក្រុមជនដៃដល់បង្កហេតុ។ លុះរហូតមកដល់វេលាម៉ោង២រសៀលថ្ងៃដដែលកម្លាំងនគរបាលបានឃាត់ខ្លួនបានជនដៃដល់ម្នាក់ឈ្មោះ ប៊ុត ភក្ដី ភេទប្រុស អាយុ២៦ឆ្នាំ និងជនសង្ស័យ ចំនួន៣នាក់ទៀតគឺឈ្មោះ សំ ឈុន ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងអូរ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ២នាក់ទៀតមិនស្គាល់ឈ្មោះ។ អ្នកទាំង៣បានបង្កហេតុនៅមុខវិទ្យាល័យចាន់ថ្នាល់កំពុងតែរត់គេចខ្លួននោះត្រូវសមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់ហើយ ។

តាមប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា ក្រុមជនដៃដល់ទាំង៤នាក់នេះជាក្រុមបងធំប្រចាំភូមិត្រពាំងអូរដែលតែងតែបង្កអសន្តិសុខក្នុងភូមិកន្លងមក។ ជាក់ស្តែងគ្រាន់តែរឿងតិចតួចសោះហ៊ានទាញដាវកាប់ក្មេងប្រុស២នាក់បែបនេះហើយចុះ ប្រសិនបើពេលយប់វិញក្រុមជនដៃដល់ ច្បាស់ជាមិនទុកជីវិតក្មេងប្រុសទាំង២នាក់នោះទៀតផងក៏មិនដឹង ។

បន្ទាប់ពីឃាត់ខ្លួនបានជនដៃដល់ម្នាក់នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការ បន្តតាមច្បាប់។ ចំណែកក្រុមជនដៃដល់៣នាក់ទៀតដែលរត់គេចខ្លួននោះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបន្តទៀត ៕ សេនាស័ក្តិ


ចែករំលែក៖