នៅថ្ងៃទី២២ ខែវិច្ឆិកា កម្លាំងទាហាន អន្តរជាតិ UNC បានបើកឃ្លីបវីដេអូ បង្ហាញ ពីការភៀសខ្លួនចេញពីកូរ៉េខាងជើង ទៅ កាន់កូរ៉េខាងត្បូងហាក់បីដូចជានៅក្នុងខ្សែភាពយន្ត។
UNC ជាសម្ពន្ធមិត្តគាំទ្រកូរ៉េខាងត្បូង ទាំងនៅក្នុងសង្គ្រាមឧបទ្វីប និងពេលនេះ បានបង្ហាញពីឃ្លីបវីដេអូស្តីពីការរត់ភៀសខ្លួនរបស់ទាហានកូរ៉េខាងជើង ប្តូរស្លាប់ទៅកាន់កូរ៉េខាងត្បូង។
សារព័ត៌មាន Korea Herald បានដក ស្រង់សម្តី UNC បញ្ជាក់ថា កម្លាំងទាហាន កូរ៉េខាងជើងបានឆ្លងផុតរនាំងការពារ យ៉ាងតឹងតែង ចូលដល់ទឹកដីកូរ៉េខាងត្បូង ហើយទាហានកូរ៉េខាងជើង នៅតែបន្ត ដេញតាមចូលដល់ទឹកដីកូរ៉េខាងត្បូង ទៀត។ សកម្មភាពទាំងនោះ ត្រូវបាន UNC បញ្ជាក់ថា ជាការបំពានកិច្ចព្រម ព្រៀងឈប់បាញ់កាលពីឆ្នាំ១៩៥៣។
អ្នកនាំពាក្យ UNC បានបញ្ជាក់ថា «កិច្ច ព្រមព្រៀងឈប់បាញ់កំពុងតែត្រូវបានកូរ៉េខាងជើងបំផ្លាញដោយការចាកចេញនោះ ប៉ុន្តែនៅតែបន្តរក្សាដដែល។ UNC បាន ប្រកាសពីការបំពានខាងលើរបស់ភាគីកូរ៉េខាងជើង ហើយស្នើឲ្យមានកិច្ចប្រជុំពិភាក្សា ពីបញ្ហាខាងលើ។
វីដេអូឃ្លីបបង្ហាញពីការភៀសខ្លួនរបស់ទាហានកូរ៉េខាងជើង មានរយៈពេល៧ នាទី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា គឺប្រៀបដូចជាឆាកប្រយុទ្ធយ៉ាងសាហាវក្នុងខ្សែភាពយន្ត។ ពេលដំបូង រថយន្តយោធា១គ្រឿង បានបើកចូលទៅកាន់ច្រកព្រំដែនឆ្លងកាត់កន្លែងត្រួតពិនិត្យជាច្រើនរបស់កូរ៉េខាងជើង មុនពេលជាប់ផុងក្នុងប្រឡាយមិន អាចទៅមុខរួច។ ទាហានរត់ចោលជួរនោះ បានចាកចេញពីរថយន្តបន្តរត់ទៅកាន់ទឹកដីកូរ៉េខាងត្បូង ពេលនោះទាហានការពារ កូរ៉េខាងជើង នៅចម្ងាយតែប៉ុន្មានម៉ែត ប៉ុណ្ណោះ ក៏រត់ទៅកាន់កន្លែងរថយន្តជាប់ ផុង ហើយបាញ់ជាច្រើនគ្រាប់ទៅលើទាហានដែលកំពុងរត់ភៀសខ្លួននោះ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ទាហានកូរ៉េខាងជើងដែលរត់ភៀសខ្លួននោះបានឆ្លងផុតព្រំដែនប្រទេសទាំង២ ហើយទាហានកូរ៉េខាងជើងក៏វិលត្រឡប់ទៅវិញ។
រូបភាពវីដេអូមិនឃើញកន្លែងដែល ទាហាននោះ ត្រូវបាញ់ចំនោះទេ ប៉ុន្តែបានឃើញទាហានដេកសន្លប់នៅក្បែរជញ្ជាំងបេតុង។ ទាហានកូរ៉េខាងត្បូង៣នាក់ ក៏ បានទៅអូសទាហាននោះទៅកាន់កន្លែងសុវត្ថិភាព។
ទាហានរូបនោះបានរងរបួសជាទម្ងន់ ដោយត្រូវគ្រាប់ ពី៥ទៅ៦គ្រាប់ ហើយត្រូវ បានឧទ្ធម្ភាគចក្រ អាមេរិកដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
នៅថ្ងៃទី២២ ខែវិច្ឆិកា គ្រូពេទ្យកូរ៉េខាងត្បូងបានប្រកាសថា ទាហានរូបនោះ បាន ដឹងខ្លួនឡើងវិញហើយ ក្រោយពីការវះកាត់ ចំនួន២លើក យកគ្រាប់ចេញ។ នៅពេល នេះ គាត់អាចដកដង្ហើមបានហើយ មិនចាំបាច់ប្រើម៉ាស៊ីនជំនួយទៀតទេ។
វេជ្ជបណ្ឌិត Lee Cook Jong បានបញ្ជាក់ នៅក្នុងសន្និសីទកាសែតថា «គាត់មិនស្លាប់ ឡើយ»ប៉ុន្តែគ្រូពេទ្យ ត្រូវតែតាមដានអាការ បន្តទៀត ខ្លាចមានមេរោគនៅត្រង់កន្លែង របួស៕ ម៉ែវ សាធី