ខេត្តកំពង់ឆ្នាំង៖ លោកធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានអះអាងថា ចាប់ពីឆ្នាំនេះតទៅ ការប្រកួតជើងឯកថ្នាក់នឹងឈប់ប្រកួត ក្នុងសាលដូចពេលមុនទៀតហើយ ព្រោះសហព័ន្ធចង់បន្សំាំកីឡាករ កីឡាការិនីឲ្យ សមជាមួយសង្វៀន និងចង់ឲ្យកីឡាករកីឡាការិនីចំបាប់បុរាណវិវត្តន៍ខ្លួន ចូលហ្វឹកហាត់ចំបាប់សម័យ។ ម្យ៉ាងទៀតចង់បង្ហាញជូនប្រជាពលរដ្ឋខ្មែរ នូវលក្ខណៈប្រកួតចំបាប់បុរាណ និងចំបាប់សម័យថា តើមានលក្ខណៈខុសប្លែតគ្នាដូម្តេចខ្លះ ។
លោកមានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកការប្រកួតកីឡាចំបាប់ បុរាណ-សម័យជ្រើសរើសជើងឯកថ្នាក់ទូទាំងប្រទេស នៅក្នុងពហុកីឡដ្ឋានខេត្តកំពង់ឆ្នាំង ពិធីបើកការប្រកួតដោយមានការចូលពី លោក អ៊ុក សិទ្ធីជាតិ អគ្គនាយកកីឡា នៃក្រសួងអប់រំយុវជន និងកីឡា និងអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ។
លោកអគ្គលេខាធិកាបានបន្តថា ការប្រកួតកីឡាចំបាប់នៅទីវាល គឺយុទ្ធសាស្ត្ររបស់សហព័ន្ធក្នុងផ្សព្វផ្សាយពីកីឡាចំបាប់ ព្រោះមានប្រជាពលរដ្ឋខ្លះពួកគាត់នូវមិនទាន់យល់ មិនធ្លាប់ឃើញ ពីការប្រកួតចំបាប់សម័យបែបណា ព្រោះពួកគាត់ភាគច្រើនធ្លាប់ឃើញ បើទោះបីកន្លងមក អត្តពលិកចំបាប់ដណ្តើមបានមេដាយ ជាច្រើនពីលើឆាកអន្តរជាតិក៏ដោយ ។
លោកបានបន្តទៀតថា ការប្រកួតមានសមាគមកីឡាចំបាប់ចូលរួមចំនួន៨ គឺសមាគមក្រសួងមហាផ្ទៃ ក្លិបអូឡាំពិក ក្លិបចំបាប់យាយព្រីង ក្លិបចំបាប់ប្ញទ្ធីសែនខេត្តកំពង់ឆ្នាំង ក្លិបចំបាប់ឃ្លាំងមឿងខេត្តពោធិសាត់ បារមីម៉ឺនឯកខេត្តកណ្តាល ក្លិបចំបាប់ភ្នំពេញ សមាគមកីឡាចំបាប់ព្រៃវែង ។ ការប្រកួតនេះ មាន៥ប្រភេទទម្ងន់ គឺ ទម្ងន់៥៧គីឡូក្រាម បុរសចំបាប់សម័យ, ប្រភេទទម្ងន់៥០គីឡូក្រាមបុរសចំបាប់សម័យ ការប្រកួតមាន២ទឹក ក្នុង១ទឹកមាន៣នាទី សម្រាក់៣០វិនាទី ។
លោក ខេស៊ី ប៉ាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់ មានប្រសាសន៍ថា ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ដើម្បីឲ្យកូនខ្មែរគ្រប់រូបចូលរួម ថែរក្សាកីឡាចំបាប់បុរាណខ្មែរ ពិសេសការប្រកួតនេះ សម្រាប់ចម្រាញ់យកកីឡាករ កីឡាការិនី ដែលមានទេព្យកោសល្យ សម្រាប់ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា មានប្រសាសន៍ថា សហព័ន្ធមានលទ្ធភាពគ្រប់គា្រន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការរៀបចំការប្រកួតជ្រើសរើសជើងដោយខ្លួនឯង និងបែបបទរដ្ឋនានា ក្នុងគោលបំណងជំរុញឲ្យវិស័យកីឡាមានសមត្ថភាព អាចប្រកួតប្រជែងដណ្តើមយកមេដាយជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍នានាទាំងថ្នាក់ជាតិ និងអន្តរជាតិ ។
លោកបានបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតកីឡាទៅបានដោយសារតែប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំប្រទេសជាតិ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាក៏ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យជាច្រើនទៀត ៕ សារីម