ភ្នំពេញ៖ បុរសម្នាក់ បានលោតចេញពីលើម៉ូតូទាន់ពេលវេលា បណ្ដាលឲ្យរងរបួសស្រាល ខណៈដែលរថយន្តម៉ាកឡិចស៊ីសRX300 បើកបរមិនប្រយ័ត្នក៏ ជ្រុលទៅបុកម៉ូតូ ដួលចូលក្រោមរថយន្ត រងការខូចខាតយ៉ាងដំណំ ។
ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតំបន់អតីតបឹងកក់ តាមបណ្ដោយផ្លូវលេខ៦R សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-5819 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។ ចំណែកម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1K-2030 បើកបរដោយយុវជនម្នាក់សុំមិនបញ្ជេញឈ្មោះ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាកឡិចស៊ីស RX300 ពណ៌ស បើកបរក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែពេលនោះមានម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ បើកបរក្នុងទិសដៅស្របគ្នាជាមួយរថយន្តបង្ក លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរងគ្រោះបត់ឆ្វេងពីមុខរថយន្តបង្ក ពេលនោះម្ចាស់រថយន្តភាំង ច្រឡំជាន់ហ្គាស្មានតែហ្វ្រាំង ក៏ជ្រុលទៅបុក បណ្តាលឲ្យម៉ូតូដួលចូលក្រោមរថយន្ត ប៉ុន្តែសំណាងម្ចាស់ម៉ូតូលោតចេញទាន់ បណ្ដាលឲ្យរងរបួសស្រាល ។
ក្រោយពេលកើតហេតុ ភាគីរថយន្តបង្ក បានបើកទ្វាររថយន្តបម្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះចាប់ជាប់ រួចហៅសមត្ថកិច្ចឲ្យចុះជួយធ្វើអន្តរាគមន៍ ដោយសម្របសម្រួល ភាគីរថយន្តព្រមចេញថ្លៃខូចខាតជូនភាគីជនរងគ្រោះចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង៕ ស តារា