ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ ការដាក់កូរ៉េខាងជើងជាប្រទេសគាំទ្រភេរវកម្មមិនអាចដោះស្រាយវិបត្តិបានឡើយ

ចែករំលែក៖

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ថា ការដែលអាមេរិកដាក់កូរ៉េខាងជើងចូលក្នុងបញ្ជីជាប្រទេសដែលគាំទ្រក្រុមភេរវកម្មជាថ្មីនោះ គឺធ្វើឲ្យស្ថានភាពកាន់តែតានតឹង មិនអាចដោះស្រាយវិបត្តិនោះឡើយ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ អ្នកនាំពាក់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក មិនបានធ្វើឲ្យភាពតានតឹងល្អប្រសើនោះឡើយ ផ្ទុយទៅវិញគឺកាន់តែធ្វើឲ្យមានភាពតានតឹងបន្ថែមជាងមុនទៀត។ ប៉ុន្តែនៅពេលនេះ ឱកាសនៃកិច្ចពិភាក្សាទ្វេភាគី និងពហុភាគី នៅតែមាន ដើម្បីធ្វើឲ្យស្ថានភាពល្អប្រសើរឡើងវិញ។

ការវិភាគខាងលើរបស់រុស្ស៊ី ធ្វើឡើងក្រោយពេលដែលអាមេរិកបានដាក់កូរ៉េខាងជើងចូលក្នុងបញ្ជីប្រទេសគាំទ្រក្រុមភេរវកម្ម និងដាក់ទណ្ឌកម្មបន្ថែមទៅលើ ទីក្រុងព្យុងយ៉ាង។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត កងទ័ពកូរ៉េខាងត្បូងនិងអាមេរិក បានចោទប្រកាន់កូរ៉េខាងជើង ថាបានរំលោភលើបទឈប់បាញ់នៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលដែលទាហានកូរ៉េខាងជើងម្នាក់ បានរត់ឆ្លងព្រំដែនខណ្ឌចែកកូរ៉េទាំង២។ រូបភាពវីដេអូដែលផ្សព្វផ្សាយដោយទីក្រុងសេអ៊ូល បានបង្ហាញឲ្យដឹងថា ពួកទាហានកូរ៉េខាងជើង បានខិតខំព្យាយាមឃាត់ខ្លួនទាហានរត់ចោលជួរ ដើម្បីកុំឲ្យឆ្លងកាត់រូចខ្សែបន្ទាត់ក្រហម។

នៅក្នុងខ្សែអាត់វីដេអូ គេឃើញទាហានដែលរត់ចោលជួរនោះ បានឡើងជិះឡាន Jeep មួយគ្រឿង ដោយបើកយ៉ាងលឿនស្លេវ សម្តៅតម្រង់ទៅកាន់តំបន់ព្រំដែនខណ្ឌចែកកូរ៉េទាំង២។

នៅពេលបើកជិតទៅដល់គំនូសបន្ទាត់ព្រំដែន និងនៅសល់តែ២ទៅ៣ម៉ែត្រទៀតប៉ុណ្ណោះ ស្រាប់តែឡានហ្ស៊ីបរបស់ទាហាននោះ បើកធ្លាក់ទៅក្នុងអូរមួយ ដែលជំរុញឲ្យទាហាននេះ រត់ចុះពីរថយន្តភ្លាម ដើម្បីគេចខ្លួនជាបន្តដោយថ្មើរជើងវិញម្តង។ មិនតែប៉ុណ្ណោះ ទាហានរូបនេះ វិះៗតែត្រូវសមមិត្តរបស់ខ្លួនចាប់បានទៅហើយ។

ក្នុងពេលនោះហើយ ដែលកងទាហានកូរ៉េខាងជើង បានបាញ់រះទៅលើទាហានដែលរត់ភៀសខ្លួននោះ ហើយការបាញ់រះនេះ គឺនៅជិតគ្នាបំផុតពីកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ មិនតែប៉ុណ្ណោះ ទាហានរបស់កូរ៉េខាងជើងម្នាក់ បានសាកល្បងដេញតាមចាប់ទាហានដែតរត់គេចខ្លួននោះ ថែមទាំងបានឆ្លងកាត់ព្រំដែនមួយភ្លែតដែរ មុននឹងបកត្រឡប់ចូលទៅក្នុងទឹកដីកូរ៉េខាងជើងវិញ។

តាមរយៈវីដេអូរបស់សេអ៊ូលដដែល ទាហានរត់គេចខ្លួននោះ បន្ទាប់មកបានរត់ចូលទៅដល់ទឹកដីកូរ៉េខាងត្បូង តែខ្លួនប្រាណរបស់គេ ក៏ត្រូវទទួលរងគ្រាប់កាំភ្លើងចំនួន៥គ្រាប់ មុននឹងសន្លប់បាត់ស្មារតី នៅក្បែរជញ្ជាំងព្រំដែន៕ ម៉ែវ សាធី


ចែករំលែក៖