ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោកម៉ូតូគេរត់គេចខ្លួនបាន៣ឆ្នាំ ត្រឡប់ចូលស្រុកវិញ នគរបាលចាប់ដាក់ខ្នោះដដែល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យជាមុខសញ្ញាកាច់សោកម៉ូតូម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកបាកាន សហការគ្នា ចុះអនុវត្តន៍ដីកាសាលាដំបូងខេត្ត ដោយចាប់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ គេចខ្លួនពីមូលដ្ឋានរយៈពេល ៣ឆ្នាំ ក្នុងករណីកាច់សោកម៉ូតូនៅហាងខារ៉ាអូខេមួយកន្លែងនៅស្រុកបាកាន។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដើមរការ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរៈសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អៀក សីហា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមរការ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកបន្តថា ការចាប់ខ្លួនអនុវត្តន៍តាមដីកាលេខ ២៩ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ចេញដោយចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ខណៈជនសង្ស័យបានប្រព្រិត្តឡើងនៅចំណុចហាងខារ៉ាអូខេមួយកន្លែងខាងកើតគល់ស្ពាន ស្ថិតក្នុងភូមិ, ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យបាននាំមកបន្តនីតិវិធីនៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនរួចបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការតាមច្បាប់៕ ប៉ឹម ពិន

 


ចែករំលែក៖