ព័ត៌មានទាន់ហេតុការណ៍៖

៥៩ប្រទេសជុំវិញពិភពលោកទិញអាវុធពីរុស្ស៊ីនៅឆ្នាំ២០១៧

ចែករំលែក៖

សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ី ពូទីន ដោយលោកបានបញ្ជាក់ថា ប្រទេសរបស់លោក បានលក់អាវុធ និងសម្ភារយោធាឲ្យប្រទេសចំនួន៥៩ លើពិភពលោកនៅក្នុងឆ្នាំ២០១៧នេះ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតស្តីអំពីបញ្ហាយោធា លោក ពូទីន បញ្ជាក់ថា «នៅក្នុងឆ្នាំ២០១៧ អាវុធរបស់រុស្សុីបានលក់ទៅឲ្យ៥៩ប្រទេស ជុំវិញពិភពលោក និងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាយោធាមាននៅក្នុងប្រទេសជាង៨០លើពិភពលោក។ ចំណុចសំខាន់គឺ ការបញ្ជាទិញអាវុធបានកើនឡើងជាបន្តបន្ទាប់»។

ការលក់អាវុធរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០១៧នេះ មានទឹកប្រាក់រហូតដល់ទៅ១៥,៣ពាន់លានដុល្លារ។ ជាមួយគ្នានេះ ប្រធានគណៈកម្មការការពារជាតិរុស្ស៊ីលោក Viktor Bondareyបានប្រកាសថា ទីក្រុងមូស្គូនៅតែបន្តសហការលើបច្ចេកវិទ្យាយោធា បើទោះបីមានការដាក់ទណ្ឌកម្មពីអាមេរិក ក្នុងគោលដៅដករុស្ស៊ីចេញពីទីផ្សារអាវុធលើពិភពលោកក្តី។

លោក Viktor Bondarey បន្តទៀតថា អាមេរិកបានបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ហើយពេលនេះ គឺសម្តៅទៅលើក្រុមហ៊ុនផលិតអាវុធរបស់រុស្ស៊ី។ ទាំងនោះគឺជាការខិតខំរបស់អាមេរិកក្នុងការរុញរុស្ស៊ីឲ្យឃ្លាតចេញពីទីផ្សារអាវុធលើពិភពលោក និងនៅតំបន់អឺរ៉ុប។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏បានបញ្ជាក់ផងដែរថា ការកែប្រែ និងការអភិវឌ្ឍឥតឈប់ឈរ រួមទាំងការប្រើប្រាស់នៅក្នុងសមរភូមិផងពិតជាជួយឲ្យរុស្ស៊ីកាន់តែទទួលបានទំនុកចិត្តពីប្រទេសដៃគូរ។

លោក ពូទីន បញ្ជាក់ថា រុស្ស៊ីកំពុងតែ ពិចារណាលក់អាវុធបន្ថែមទៀតដល់ប្រទេសជាសម្ពន្ធមិត្ត ក៏ដូចជាពង្រឹងវិស័យផលិតអាវុធឲ្យកាន់តែមានប្រសិទ្ធភាព។

រុស្ស៊ី គឺជាប្រទេសដែលចំណាយប្រាក់ច្រើនលំដាប់ទី៣ សម្រាប់ការពារជាតិ បន្ទាប់ពីអាមេរិក និងចិន។ ក្រុមហ៊ុនផលិតអាវុធការពារជាតិទាំងអស់របស់រុស្ស៊ី ក៏ស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ដោយត្រៀមផ្តល់អាវុធគ្រប់ពេលដែលសម្ពន្ធមិត្តត្រូវការ។

ប្រធានាធិបតី ពូទីន បានស្នើដល់បណ្តាក្រុមហ៊ុនផលិតអាវុធទាំងអស់ ក៏ដូចជាក្រុមហ៊ុនឧស្សាហកម្មផ្សេងៗទៀត ត្រូវតែត្រៀមលក្ខណៈបំពេញកាតព្វកិច្ចពេលមានសង្គ្រាមកើតឡើងគ្រប់ពេលវេលា។ លោក ពូទីន បញ្ជាក់ថា សង្គ្រាមអាចកើតឡើងបានគ្រប់ពេលវេលា ហើយបណ្តាក្រុមហ៊ុនទាំងនោះ ត្រូវតែត្រៀមលក្ខណៈផលិតគ្រប់ពេលវេលាដែលចាំបាច់ដែរ។

ការលើកឡើងខាងលើរបស់លោក ពូទីន គឺនៅក្នុងកិច្ចប្រជុំជាមួយបណ្តាមេទ័ព នៅទីក្រុងស៊ូជី កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ កន្លងមក លោក ពូទីន បានបញ្ជាក់ថា ប្រសិនបើចង់នាំមុខលើអឺរ៉ុបស្តីពីបច្ចេកវិទ្យាយោធា គឺចាំបាច់ត្រូវតែល្អជាងនេះ៕ ម៉ែវ សាធី


ចែករំលែក៖