ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ក្រោយបញ្ចប់សង្គ្រាមស៊ីវិលការដោះស្រាយវិបត្តិផ្ទៃក្នុងគឺជារឿងសំខាន់

ចែករំលែក៖

វត្តមានរបស់ប្រធានាធិបតីស៊ីរី នៅក្នុងការដឹកនាំប្រទេសដដែលបានធ្វើឲ្យបក្សប្រឆាំង មិនពេញចិត្តនៅក្នុងការចរចាសន្តិភាពខាងមុខនៅទីក្រុងហ្សឺណែវ ប្រទេស បែលហ្សុិក ដោយក្រុមប្រឆាំងនឹងស្នើឲ្យ ដកតំណែងប្រធានាធិបតីអាល់អាសាដ។

ក្រុមប្រឆាំងស៊ីរី ក៏ដូចជាក្រុមជនជាតិ ឃើដ ព្រមទាំងរដ្ឋាភិបាលប្រទេសលោកខាងលិច មិនអនុញ្ញាតឲ្យប្រធានាធិបតីស៊ីរីបន្តកាន់តំណែងប្រធានាធិបតីក្នុងប្រទេសនេះទៀតឡើយ។

កន្លងមកថ្មីៗ ប្រមុខគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខស៊ីរីលោក Nasr Hariri បានលើកឡើងថា គណៈប្រតិភូគណបក្ស ប្រឆាំងស៊ីរី នៅក្នុងកិច្ចចរចាសន្តិភាព នៅទីក្រុងហ្សឺណែវ មានបំណងលើកឡើង ពីការ ដកតំណែងប្រធានាធិបតីលោក បាសា អាល់អាសាដ ហើយគ្រោងនឹងចរចា ជាមួយ ក្រុមអ្នកចរចារបស់លោក នៅក្នុងកិច្ចចរចាដោយផ្ទាល់មួយនេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោកហារីរី បានអំពាវនាវឲ្យមានមហា អំណាចធំ ៗ ជាពិសេសរុស្ស៊ី ដើម្បីដាក់ សម្ពាធរដ្ឋាភិបាលលោក អាសាដ ឲ្យចូលទៅក្នុងការចរចារពិតប្រាកដមួយ ស្តីពីការ ផ្លាស់ប្តូរនយោបាយ ដែលបន្តដោយរដ្ឋ ធម្មនុញ្ញថ្មី និងការបោះឆ្នោតដោយសេរី ស្របតាមផែនទីបង្ហាញផ្លូវរបស់យូអិន ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៦ឆ្នាំមក នេះ ។

លោកហារីរី បានប្រាប់សន្និសីទសារ ព័ត៌មាន បន្ទាប់ពីបានទៅដល់ទីក្រុងហ្សឺ ណែវ សម្រាប់កិច្ចចរចា ដែលដឹកនាំដោយ យូអិន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកានេះថា “យើងសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនយោបាយ ដែលសម្រេចឲ្យមានការទម្លាក់លោកអាសាដ ជាបន្ទាន់ គឺជាគោលដៅរបស់យើង” ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោក អាល់ អាសាដ ត្រូវ ប្រឈមនឹងបញ្ហាធំមួយទៀតគឺក្រុមជនជាតិឃើដ ក្រោយពេលទទួលបានជ័យជម្នះលើក្រុមភេរវកម្ម IS ។ ក្រុមជនជាតិឃើដ បានគ្រប់គ្រងទីតាំងជាច្រើននៅក្នុងប្រទេសស៊ីរី ហើយក្រុមនេះ អាចទាមទារឯករាជ្យ ផ្តាច់ខ្លួនចេញពីស៊ីរី។

កន្លងមកក្រុមជនជាតិឃើដនៅក្នុង ប្រទេសអីុរ៉ាក់ក៏មានសកម្មភាព បោះឆ្នោត ទាមទារផ្តាច់ខ្លួនដែរ តែត្រូវបានរដ្ឋាភិបាលអីុរ៉ាក់រារាំង។

ក្នុងពេលនេះស្របពេលរដ្ឋអ៊ិស្លាមជ្រុលនិយម ជិតទទួលបរាជ័យនៅក្នុងប្រទេសស៊ីរីនោះ ទីក្រុងដាម៉ាស់ តាមសេចក្តីរាយ ការណ៍ គឺកំពុងតែកំណត់ចក្ខុវិស័យ លើ តំបន់ដែលកងកម្លាំង ដឹកនាំដោយពួក ឃើដកាន់កាប់ រួមទាំងវាលអណ្ដូងប្រេងនៅភាគខាងកើត ដោយប្រថុយនឹងការ ប្រឈមមុខដាក់គ្នាជាថ្មី។

អ្នកវិភាគបាននិយាយថា ប្រធានាធិបតី ស៊ីរី បាសា អាល់អាសាដ ហាក់ទំនងជា ត្រូវបានជំរុញ ដោយព្រឹត្តិការណ៍ក្នុង ប្រទេស អុីរ៉ាក់ ទីដែលអាជ្ញាធរឃើដ ទទួលរងការ ប៉ះទង្គិចដ៏ធំ ចាប់តាំងពីរដ្ឋ ក្នុងតំបន់បានធ្វើចលនាប្រឆាំង នឹងប្រជា មតិទាមទារឯករាជ្យពីអុីរ៉ាក់។

មេបញ្ជាការមួយរូប ដែលជាផ្នែកនៃ សម្ព័ន្ធយោធា មានរួមបញ្ចូលទាំង កង កម្លាំងប្រយុទ្ធស៊ីអុីតគាំទ្រ ដោយអុីរ៉ង់ មកពីទូទាំងតំបន់ បាននិយាយថា “ចំពោះ ធន ធានរបស់ប្រជាជនស៊ីរី នៅភាគខាង កើតមានប្រេង និងរបស់ផ្សេងទៀត យើង នឹង មិនអនុញ្ញាត ឲ្យអ្នកណាម្នាក់បន្តគ្រប់គ្រងទៀតទេ ហើយក៏មិនអនុញ្ញាតឲ្យ បង្កើតតំបន់ ឬក៏គិតអំពីស្វ័យគ្រប់គ្រង ដែរ”។

កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានលើកឡើងថា ប្រធានាធិបតីស៊ីរី លោកបាសា អាល់ អាសាដ និងគ្រួសារគ្មានតួនាទីណាមួយ សម្រាប់អនាគតរបស់ស៊ីរីឡើយ។

លោក Tillerson បានបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំបានគាំទ្រ កិច្ចពិភាក្សាដោយសន្តិភាពនៅទីក្រុងហ្សឺណែវ នាថ្ងៃទី២៨ ខែវិច្ឆិកា ដោយចាត់ ទុកថានេះជាវិធីសាស្ត្រល្អបំផុតសម្រាប់ បញ្ចប់សង្គ្រាមអូសបន្លាយរយៈពេលជាង៦ឆ្នាំនៅស៊ីរី ឈានដល់ដំណាក់កាល ផ្លាស់ប្តូរ នយោបាយនិងបោះឆ្នោត។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងទីក្រុងនៃប្រទេសស្វុីស ជាទីបញ្ចប់នៃ ដំណើរទស្សនកិច្ច មួយសប្ដាហ៍ ទៅកាន់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតារ ប៉ាគីស្ថាន និងឥណ្ឌា លោក Tillerson បានប្រាប់អ្នក សារព័ត៌មានថា សហរដ្ឋអាមេរិក ចង់ឲ្យ ប្រទេសស៊ីរីទាំងមូលដែលរួបរួមគ្នា ដោយ គ្មានតួនាទីសម្រាប់លោក បាសា អាល់ អាសាដ នៅក្នុងរដ្ឋាភិបាល។

លោក Tillerson បានមានប្រសាសន៍ បន្តដូច្នេះថា “វាជាទស្សនៈរបស់យើង ហើយខ្ញុំបាននិយាយបែបនេះ ជាច្រើនដង មកហើយថា យើងមិនជឿថានឹងមាន អនាគតសម្រាប់របបអាសាដ និងគ្រួសារ របស់អាសាដទេ គឺសម័យកាលរបស់ គ្រួសារ អាសាដ នឹងមកដល់ទីបញ្ចប់ ហើយនៅមានបញ្ហាតែមួយនោះ គឺថា តើត្រូវធ្វើរឿងនោះ ឲ្យកើតឡើងដោយ វិធីណាប៉ុណ្ណោះ”។

អាមេរិក អាចនឹងទម្លាក់រដ្ឋាភិបាលស៊ីរី របស់លោកអាសាដ ដោយយកហេតុផល នៃការប្រើប្រាស់អាវុធគីមី សម្លាប់ពលរដ្ឋ ស្លូតត្រង់។ យោងតាមសេចក្តី រាយការណ៍ មួយរបស់ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី ត្រូវតែទទួលខុសត្រូវទៅលើការសម្លាប់មនុស្សយ៉ាង រង្គាលដោយការ វាយប្រហារដោយអាវុធ គីមី នៅក្នុងទីក្រុងដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគខាងជើង-ភាគខាងលិច ប្រទេសកាលពីថ្ងៃទី៤ ខែមេសា ។

ក្រុមរដ្ឋអំណាចបានបញ្ជាក់ថា ពួកគេ គឺ”ទទួលខុសត្រូវ” ក្រុងដាម៉ាស់ បានប្រើប្រាស់ថ្នាំប្រភេទសរសៃប្រសាទ Sarin នៅ ក្នុងក្រុង Khan Sheikhhoun ដោយបាន សម្លាប់មនុស្សអស់ជាង៨០នាក់ ។

“ថ្ងៃនេះ នៅក្នុងរបាយការណ៍បាន បញ្ជាក់ពីអ្វីដែលយើងបានដឹងជាយូរមកហើយ ថាវាពិតជាត្រឹមត្រូវ” ។ លោក Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែង យ៉ាងដូច្នេះ ។

នៅពេលនេះសង្គ្រាមប្រឆាំងក្រុមភេរវកម្ម នៅស៊ីរីអាចសន្និដ្ឋានថាបានយកឈ្នះទាំងស្រុង បើទោះបីក្រុមភេរវកម្ម នៅបើកការវាយបកទៅលើទាហានរដ្ឋាភិបាលស៊ីរីវិញក្តី។ រុស្ស៊ីក៏បានប្រកាសកាត់បន្ថយចំនួនទាហាននៅក្នុងប្រទេសស៊ីរីនោះដែរ ៕ ម៉ែវ សាធី


ចែករំលែក៖