ខេត្តកំពង់ស្ពឺ៖ កម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះបង្ក្រាបទីតាំង ផលិតស្រោមញាត់សាច់ក្រក ដែលធ្វើអំពីពោះវៀនសត្វគ្រប់ប្រភេទ ប្រើសារធាតុគីមីចំនួនរាប់សិបតោនគ្មានគុណភាព និងស្តង់ដារប្រឈមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ដ៏ធ្ងន់ធ្ងរ នៅចំណុចភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីទូច យុទ្ធា និងលោកឧត្តមសេនីយ៍ត្រីទូច គង្គា ប្រធាន-អនុប្រធានក្រុមប្រតិបត្តិការពិសេស លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្រោមការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ លោកសឿ ឡងឌី និងមានការចូលរួមសហការ ពីកម្លាំងជំនាញកាំកុងត្រូល តំណាងខាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ខាងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ។
ទីតាំងខាងលើនេះ បានរក្សាទុកនូវពោះវៀនសត្វគ្រប់ប្រភេទសម្រាប់យកមកផលិតធ្វើជាស្រោមញាត់សាច់ក្រក ដើម្បីចែកចាយលក់នៅតាមទីផ្សារ ក្នុងនោះ មានពោះវៀនសត្វគ្រប់ប្រភេទរាប់សិបតោន ដែលប្រើសារជាតិគីមី អាចប្រឈមទៅនឹងបញ្ហាប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ជាអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ។
សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់អំពីចំនួនពោះវៀនសត្វគ្រប់ប្រភេទដែលបង្ក្រាបនៅក្នុងទីតាំងនោះ មានប៉ុន្មានតោន ដែលប្រើសារធាតុគីមី ខណៈកំពុងត្រួតពិនិត្យ និងបន្តនីតិវិធីក្នុងប្រតិបត្តិការនេះ៕ សុខ ខេមរា