វិមានប្រធានាធិបតីអាមេរិក និងកូរ៉េ ខាងត្បូង ព្រមទាំងទីក្រុងធំៗនៅក្នុងប្រទេសទាំងពីរគឺជាគោលដៅវាយប្រហាររបស់ មីស៊ីលបរមាណូកូរ៉េខាងជើង។
សារព័ត៌មាន The Korea Harald បាន ផ្សាយថា បញ្ជីគោលដៅខាងលើគឺជាការ ព្យាកររបស់គណៈកម្មាធិការអឺរ៉ុប ECFR ។ នៅក្នុងបញ្ជីនោះមានទាំងការិយាល័យ ប្រធានាធិបតីអាមេរិកនៅសេតវិមាន និង វិមានប្រធានាធិបតីកូរ៉េខាងត្បូង រួមទាំងទីក្រុងសំខាន់ៗរបស់ប្រទេសទាំងពីរ គឺទីក្រុង ញូវយ៉ក ទីក្រុងសេអ៊ូល ជាដើម។ ក្រៅពី នេះ ទីតាំងយោធារបស់អាមេរិកនៅក្នុង តំបន់អាស៊ីក្នុងនោះមានកូរ៉េខាងត្បូងនិង ជប៉ុន ក៏ស្ថិតនៅក្នុងគោលដៅវាយប្រហារ របស់កូរ៉េខាងជើងផងដែរ។
នៅក្នុងរបាយការណ៍បង្ហាញឲ្យឃើញ ថា កូរ៉េខាងជើង មិនអាចវាយប្រហារទៅ លើទីតាំង យោធា ដែលមិនធ្វើឲ្យស្លាប់ពលរដ្ឋស្លូតត្រង់នោះឡើយ។ កូរ៉េខាងជើងមិនអាចបែងចែកច្បាស់ក្នុងការប្រើប្រាស់អាវុធបរមាណូទៅលើគោលដៅយោធា ឬស៊ីវិលនោះឡើយ កូរ៉េខាងជើងអាចវាយប្រហារនៅគ្រប់ទីកន្លែង។
ប្រទេសផ្ដាច់ការកូរ៉េខាងជើង បាន ប្រកាសពីការបាញ់ បង្ហោះគ្រាប់មីស៊ីល ឆ្លងទ្វីប Hwasong-15 (ICBM) ដោយ ជោគជ័យនៅក្នុងការផ្សាយ តាមកញ្ចក់ ទូរទស្សន៍កណ្តាលកូរ៉េ (KCTV) របស់ រដ្ឋដែលមានសមត្ថភាព វាយប្រហារគោល ដៅដ៏សម្បើមមួយ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន KN News នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧។
នៅក្នុងការផ្សាយដ៏ពិសេសមួយ នៅម៉ោងព្យុងយ៉ាងអ្នកផ្សព្វផ្សាយលោក Ri Chun Hee បាននិយាយថា មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជា ឲ្យធ្វើតេស្ដមីស៊ីល ដែលមានសមត្ថភាព អាចវាយប្រហារដល់ដីគោក របស់សហរដ្ឋ អាមេរិកទាំងមូល ។
លោកបានលើកឡើងថា គ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប Hwasong-15 អាចវាយ ប្រហារលើតំបន់ ដីគោកទាំងមូលរបស់ សហរដ្ឋអាមេរិក ហើយវាអាចត្រូវបានភ្ជាប់ ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ធុនធ្ងន់ថែម ទៀតផង ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) របស់កូរ៉េខាងជើង បានរាយការណ៍នៅក្នុង សេចក្តីថ្លែង ការណ៍មួយដោយរដ្ឋាភិបាល របស់ក្រុងព្យុងយ៉ាងថា គ្រាប់មីស៊ីលថ្មីនេះ មានគុណសម្បត្តិច្រើនជាងមុន នៅក្នុង លក្ខណៈបច្ចេកទេស និងយុទ្ធសាស្ត្រ របស់ខ្លួន ដែលវាអាចហោះឡើងក្នុង រយៈ កម្ពស់រហូតដល់ទៅជិត ៥.០០០គីឡូម៉ែត្រ និងមានចម្ងាយជាង ១.០០០គីឡូម៉ែត្រផង ដែរ ដែលគ្រប់គ្រាន់ សម្រាប់វាយប្រហារ អាមេរិកទាំងមូល ៕ ម៉ែវ សាធី