ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានៅកុងហ្គោទាហានរក្សាសន្តិភាពអង្គការសហប្រជាជាតិរាប់សិបនាក់ស្លាប់

ចែករំលែក៖

យ៉ាងហោចណាស់ទាហានរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (ទាហានមួកខៀវ)១៤នាក់ស្លាប់ និង ជាង៥៣នាក់ រងរបួសនៅក្នុងការវាយប្រហារនៅតំបន់ភាគខាងកើតនៃសាធារណរដ្ឋកុងហ្គោ។

កម្លាមងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅកុងហ្គោ បានឲ្យដឹងថា កម្លាំងទាហានរក្សាសន្តិភាព រងការវាយប្រហារពីក្រុម បះបោរ ADFស្ថិតនៅខេត្ត Kivu។ ក្រៅពីកម្លាំងទាហាន រក្សាសន្តិភាព ស្លាប់ នៅមានទាហានរបស់កុងហ្គោ៥នាក់ទៀតស្លាប់ផងដែរ ។

អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា នេះជាការវាយប្រហារ អាក្រក់បំផុតទៅលើកម្លាំងរក្សាសន្តិភាព មិនធ្លាប់មានពីមុនមក។

ស្ថានភាពនៅកុងហ្គោជាច្រើនឆ្នាំកន្លងមក មិនអាចរក្សាបាននៅសន្តិសុខស្ថេរភាព នោះឡើយ ដោយក្រុមបះបោរនៅក្នុងប្រទេស តែងតែដណ្តើមគ្រប់គ្រងនៅតំបន់ជាច្រើន។ នៅក្នុងសេចក្តីប្រកាស កម្លាំងរក្សាសន្តិភាពនៅក្នុង ប្រទេសកុងហ្គោ បានបញ្ជាក់ថា កម្លាំងបះបោរបានវាយប្រហារទៅលើទីតាំងយោធា Semuliki ស្ថិតនៅក្នុងតំបន់ Beni កាលពីថ្ងៃទី៨ ខែធ្នូ។

មន្ត្រីយោធាកុងហ្គោល លោក Mama Sidikou «ខ្ញុំសូមថ្កោលទោស ដល់ការវាយប្រហារ ទៅលើកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ រដ្ឋាភិបាលកុងហ្គោនឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ជូនក្រុមអ្នកទោសមកដាក់ទោសទៅតាមផ្លូវច្បាប់។

នៅក្នុងបណ្តាញសង្គម Twitter លោក Jean Pierre Lacroix អគ្គលេខារង អង្គការសហប្រជាជាតិ ទទួលបន្ទុករក្សាសន្តិភាពបានបញ្ជូនជំនួយទៅកាន់ទីកន្លេងកើតហេតុ ដើម្បីជម្លៀស ក្រុមរក្សាសន្តិភាព ក្នុងនោះមានក្រុមសុខាភិបាលផងដែរ។

ចំណែកអគ្គលេខា អ ស ប លោក Guterres ក៏បានបញ្ជាក់ផងដែរថា«ពិតជារឿងឈឺចាប់ និងខកចិត្តយ៉ាងខ្លាំង ក្រោយដឹងថា កម្លាំងរក្សាសន្តិភាពរងការវាយប្រហារ ។ ខ្ញុំសូមរំលែកទុក្ខដល់គ្រួសារ ទាហានរងគ្រោះនៅក្នុងការវាយប្រហារខាងលើ»។

អំពើហិង្សានៅក្នុង ប្រទេសកុងហ្គោ បានធ្វើឲ្យពលរដ្ឋជាង១,៧លាននាក់ ចាកចោលផ្ទះសម្បែងភៀសខ្លួនទៅកាន់ តំបន់មានសុវត្ថិភាព៕ ម៉ែវ សាធី


ចែករំលែក៖