ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកត្រូវឯកា ក្រោយទទួលស្គាល់ហ្ស៊េរុយសាឡឹមជារបស់អីុស្រាអែល

ចែករំលែក៖

នៅពេលនេះអំពើហិង្សាបានកើនឡើងរវាងជនជាតិអីុស្រាអែលនឹងជនជាតិប៉ាឡេស្ទីន បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ ជាមួយគ្នានេះឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ត្រូវបានប្រទេសជាសមាជិក រិះគន់យ៉ាងខ្លាំង ដោយសារតែសកម្មភាពទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល។

អំពើហិង្សា ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់ជនជាតិប៉ាឡេស្ទីន និងការវាយបករបស់អីុស្រាអែល គឺជាសញ្ញានៃការចាប់ផ្តើមអំពើហិង្សា ក្រោយពេល ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អីុស្រាអែល ក្នុងពេលដែលប្រទេសនៅជុំវិញពិភពលោកមិនទទួស្គាល់នោះ។ នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ ខែធ្នូ តំណាងអាមេរិក បានទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រទេសជាសមាជិកពីការសម្រេចខាងលើ របស់អាមេរិក។

សារព័ត៌មាន AFP បានផ្សាយថា ក្រោយការប្រកាសរបស់លោកត្រាំ ការធ្វើបាតុកម្មប្រឆាំងក៏បានកើតឡើង បង្កឲ្យមានការប៉ះទង្គិចគ្នានៅតំបន់ហ្ស៊េរុយសាឡឹម និង តំបន់ក្នុងទឹកដីប៉ាឡេស្ទីន ។ ជាមួយគ្នានោះកាំជ្រួចមីស៊ីល ៣ដើមត្រូវបានបាញ់សំដៅទៅលើទឹកដីអីុស្រាអែល ពីតំបន់កាហ្សា ហើយទាហានការពារអីុស្រាអែលបានបាញ់កម្ទេច ១ដើម និងមួយដើមទៀតធ្លាក់ចូលក្នុងតំបន់រហោឋាន ហើយមួយដើមទៀតធ្លាក់នៅក្នុងទីក្រុង Sderotប្រទេសអីស្រាអែល។មកទលពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់និងរងរបួសនៅក្នុងហេតុការបាញ់ប្រហារនៅឡើយទេ។

ក្រោយការវាយប្រហារនោះ អីុស្រាអែល បានបើកការវាយបកវិញ តាមដែនអាកាស ទៅលើ ទីតាំងយោធា២កន្លែងរបស់ក្រុមហាម៉ាស់ នៅតំបន់កាហ្សា ។ ហាម៉ាស់ គឺជាក្រុមប្រដាប់អាវុធអ៊ិស្លាម គ្រប់គ្រងនៅតំបន់កាហ្សា ។ មន្ត្រីសុខាភិបាលនៅតំបន់កាហ្សាបានឲ្យដឹងថា មានមនុស្ស ១៤នាក់រងរបួស នៅក្នុងការវាយប្រហារតាមដែនអាកាសនោះ។

កាលពីថ្ងៃទី៨ ខែធ្នូ ជនជាតិប៉ាឡេស្ទីន២នាក់ ស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា ជាមួយកម្លាំងទាហានអីុស្រាអែល នៅតាមបណ្តោយព្រំដែន កាហ្សា-អីុស្រាអែល។ នេះជាករណីស្លាប់ដំបូងបន្ទាប់ពីលោកត្រាំប្រកាសទទួលស្គាល់ តំបន់ហ្ស៊េរុយសាឡឹមជារបស់អីុស្រាអែល។

ជាមួយនឹងភាពតានតឹងនៅក្នុងតំបន់រស់នៅរបស់ជនជាតិប៉ាឡេស្ទីន ពលរដ្ឋអ៊ិស្លាមនៅជុំវិញពិភពលោក និងប្រទេសតំបន់អារ៉ាប់ មានបាតុកម្មផ្ទុះឡើង ប្រឆាំង ចំពោះសកម្មភាពខាងលើរបស់លោកត្រាំ។នៅពេលនេះមានពលរដ្ឋនៅក្នុងប្រទេសហ្ស៊កដង់ ទួរគី និងម៉ាឡេស៊ីបានធ្វើបាតុកម្មប្រឆាំងសកម្មភាពរបស់អាមេរិក។

ចំណែកនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ៥ប្រទេសនៅតំបន់អឺរ៉ុប បានប្រកាសថា គោលនយោបាយរបស់អាមេរិក គឺមិនគោរព ដល់សេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ ដោយនៅក្នុងសេចក្តីសម្រេចរបស់ អ.ស.ប បានប្រកាសថា តំបន់ភាគខាងកើត ហ្ស៊េរុយសាឡឹម គឺជាតំបន់ដែលអីុស្រាអែល ដណ្តើមគ្រប់គ្រង មិនមែនទឹកដីអីុស្រាអែលឡើយ។

ឆ្លើយតបទៅនឹងសកម្មភាពខាងលើឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានបញ្ជាក់ថា សេតវិមាន មានការមឺុងម៉ាត់នៅក្នុងការស្វែងរកសន្តិភាព ដល់អីុស្រាអែលនិងប៉ាឡេស្ទីន។

ការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល និងការជំរុញឲ្យមានការផ្លាស់ យកស្ថានទូតអាមេរិកមក នៅក្នុងទីក្រុងនេះ ពីសំណាក់រដ្ឋាភិបាលរបស់ ដូណាល់ ត្រាំ កាលពីថ្ងៃប៉ុន្មានថ្ងៃកន្លងទៅនេះ ពិតជាបានធ្វើឲ្យអន្តរជាតិ មានការរំជើបរំជូលយ៉ាងខ្លាំង ជាពិសេសបណ្តាប្រទេស ដែលកាន់សាសនាអ៊ិស្លាម តាមរយៈការប្រកាស ថ្កោលទោសអាមេរិកផង និងការបង្ហាញពីមតិរិះគន់ មិនសប្បាយចិត្តផង។

នៅក្នុងអំឡុងពេល ប្រវត្តិសាស្ត្រដ៏យូរអង្វែងណាស់ មកហើយទីក្រុង Jerusalem ត្រូវបានគេដឹងថា ជាទីក្រុងដែលធ្លាប់បានទទួលការបំផ្លិចបំផ្លាញ ទាំងស្រុងដល់ទៅ២ដង ការឡោមព័ទ្ធពីសំណាក់ទាហាន និងកងកម្លាំងនានាដល់ទៅ៦៧ដង និងការវាយប្រហារ ប្រមាណជា៥២ដងផ្សេងៗគ្នាផងដែរ។

វាក៏ត្រូវបានទទួលស្គាល់ថា គឺជាទីក្រុងដ៏ចំណាស់បំផុត របស់ពិភពលោកផងដែរ ដោយសារតែតំបន់ខ្លះ នៃទីក្រុងគឺជាផ្នែកនៃកន្លែងដែលមានមនុស្សរស់នៅ កាលពីចន្លោះពី៤.០០០ទៅ៣.០០០ឆ្នាំ មុនគ្រឹស្តសករាជ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅមកទល់បច្ចុប្បន្ន នៅតែមានការប្រទាញប្រទង់គ្នា រវាងក្រុមអ្នកជាតិនិយមអ៊ីស្រាអែល ជាមួយនឹងអ្នកជាតិនិយមប៉ាឡេស្ទីន ដែលបានធ្វើការបញ្ចេញយោបល់ ផ្សេងៗគ្នាដែលអះអាងថា ជនជាតិរបស់ខ្លួនជាម្ចាស់ដើម ដែលបានរស់នៅនៅក្នុងតំបន់នោះ តាំងពីយូរណាស់មកហើយ៕ ម៉ែវ សាធី


ចែករំលែក៖