ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីកម្មសិក្សាអន្តរជាតិ SCG ផ្តល់បទពិសោធន៍ការងារមានតម្លៃនិងបរិយាកាសការងារចម្រុះសម្រាប់និស្សិត

ចែករំលែក៖

ភ្នំពេញ៖ និសិ្សតសាកលវិទ្យាល័យ៤៥នាក់ មកពីទូទាំងតំបន់អាស៊ាន រាប់បញ្ចូលទាំងនិស្សិតកម្ពុជា៦នាក់ផងនោះ បានចែករំលែកបទពិសោធន៍របស់ពួកគេ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីកម្មសិក្សាអន្តរជាតិរយៈពេល១ខែពេញ ដែលរៀបចំដោយក្រុមហ៊ុន អេសស៊ីជី (SCG) ដោយបញ្ជាក់ថា ពួកគេនឹងលើកទឹកចិត្តដល់មិត្តនិស្សិតផ្សេងទៀត ឲ្យដាក់ពាក្យសម្រាប់ការជ្រើសរើសនៅឆ្នាំក្រោយ។

ក្រុមហ៊ុន អេសស៊ីជី ដែលជាសាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ាន បានអនុវត្តកម្មវិធីកម្មសិក្សាពិសេសនេះ សម្រាប់និស្សិតឆ្នើមៗ អស់រយៈពេល៥ឆ្នាំមកហើយ។

កម្មវិធីនេះ ផ្ដល់ឱកាសដល់បេក្ខជនមកពីតំបន់អាស៊ានឲ្យទទួលបាននូវបទពិសោធន៍ការងារផ្ទាល់ តាមរយៈការបំពេញការងារនៅក្នុងបរិយាកាសការងារដែលមានវប្បធម៌ចម្រុះ នៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន SCG ក្នុងទីក្រុងបាងកក និងនៅតាមទីតាំងប្រតិបត្តិការផ្សេងទៀតក្នុងប្រទេសថៃ។

ជាមួយគ្នានេះដែរ កម្មវិធីនេះ មានបំណងចង់បំពាក់បំប៉ន ដល់និស្សិតកម្មសិក្សាទាំងអស់ នូវទស្សនៈស្ដីអំពីអភិបាលកិច្ចល្អសម្រាប់ក្រុមហ៊ុន និងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលទាំងនេះ គឺជាកត្តាសំខាន់នាំមកនូវភាពជោគជ័យដល់ក្រុមហ៊ុន អេសស៊ីជី ក្នុងដំណើរការអាជីវក្មអស់រយៈពេលជាង១០០ឆ្នាំមកនេះ។

និស្សិត ម៉ា វណ្ណារ៉ា ជានិស្សិតផ្នែកវិស្វកម្មអគ្គិសនី មកពីសាកលវិទ្យាល័យ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រទេសកម្ពុជា បាននិយាយថា “កម្មវិធីកម្មសិក្សាអន្តរជាតិរបស់ក្រុមហ៊ុន អេសស៊ីជី គឺជាកម្មវិធីល្អណាស់ សម្រាប់និស្សិតទាំងអស់ ដែលមានបំណងចង់ទទួលបានបទពិសោធន៍កាងារ។ ខ្ញុំបានរៀននូវចំណេះដឹងថ្មីៗ ក្រៅពីរៀនក្នុងសាលា ហើយខ្ញុំក៏អាចអនុវត្តនូវអ្វីដែលខ្ញុំរៀន សម្រាប់ការងារជាក់ស្ដែងទៅថ្ងៃអនាគតផងដែរ”។

កម្មវិធីកម្មសិក្សាសម្រាប់ឆ្នាំ២០១៧ បានបញ្ចប់កាលពីខែសីហា ដែលមាននិស្សិតមកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ឡាវ និងហ្វ៊ីលីពីន បានចំណាយពេលពេញ១ខែ ដើម្បីធ្វើការនៅតាមប្រតិបត្តិការនានារបស់ក្រុមហ៊ុន អេសស៊ីជី នៅទូទាំងប្រទេសថៃ ទៅតាមផ្នែកផ្សេងៗរបស់ក្រុមហ៊ុន រួមមានផ្នែកទីផ្សារ ផលិតកម្ម ការរចនា និងព័ត៌មានវិទ្យាជាដើម។

កញ្ញា ហាណា ផាទ្រីសា អាលបូឡាដូរ៉ា (Hannah Patricia L. Alboladora) ជានិស្សិតមកពីប្រទេសហ្វ៊ីលីពីន បាននិយាយផងដែរថា “សម្រាប់អ្នកដែលចង់ចូលរួមក្នុងកម្មវិធីកម្មសិក្សាអន្តរជាតិអេសស៊ីជីឆ្នាំក្រោយ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថា វាពិតជាមានតម្លៃណាស់។ អ្នកត្រូវតែប្រឹងប្រែងរៀបចំដាក់ពាក្យស្នើសុំ ហើយនៅពេលអ្នកបានមកធ្វើការទីនេះ អ្នកនឹងដឹងថា អ្នកបានសម្រេចចិត្តត្រឹមត្រូវ ពោលគឺប្រៀបបាននឹងការចូលមកកាន់ពិភពលោកថ្មីមួយទៀត ដែលអ្នកអាចទទួលបានបទពិសោធន៍ចាំបាច់ និងភាពរីករាយ ដែលខ្ញុំជឿជាក់និស្សិតផ្សេងទៀត គួរតែទទួលបានបទពិសោធន៍បែបនេះក្នុងនាមជាកម្មសិក្សាការី”។

និស្សិតជាកម្មសិក្សាការី បានទទួលនូវបទពិសោធន៍ដ៏មានតម្លៃ ពាក់ព័ន្ធនឹងមុខវិជ្ជាសិក្សារបស់គេរៀងៗខ្លួន ហើយពួកគេក៏បានចូលរួមចំណែកក្នុងសកម្មភាពទំនួលខុសត្រូវសង្គមថែមទៀតផង។ និស្សិតទាំងនោះក៏ត្រូវបានផ្ដល់ឱកាសធ្វើដំណើរទៅទស្សនាតំបន់រមណីយដ្ឋានល្បីៗបំផុតមួយចំនួនរបស់ប្រទេសថៃ។

លោក ភីយូ ធូរ៉ា ថាយ (Phyo Thura Htay) បានលើកឡើងថា “ក្រុមហ៊ុន អេសស៊ីជី គឺជាក្រុមហ៊ុនដែលទទួលបានជោគជ័យខ្លាំង ដូច្នេះហើយ កម្មវិធីនេះ គឺពិតជាសម្បូរទៅដោយគុណប្រយោជន៍ និងអត្ថប្រយោជន៍ជាច្រើន។ កម្មវិធីនេះ មិនមែនត្រឹមតែផ្ដល់ឱកាសបានធ្វើដំណើរកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅ គឺយើងធ្វើការងារជាក់ស្តែង និងបានរៀនសូត្រនូវចំណេះដឹងជាច្រើន”។

ចំពោះនិស្សិតកំពុងសិក្សានៅមហាវិទ្យាល័យ ដែលមានចំណាប់អារម្មណ៍ អាចចូលមកកាន់ទំព័រហ្វេសប៊ុករបស់កម្មវិធីនេះ https://www.facebook.com/SCGInternationalCareers និងរង់ចាំមើលការប្រកាសនាពេលឆាប់ៗខាងមុខនេះ សម្រាប់កម្មវិធីប្រចាំឆ្នាំ២០១៨៕ វឌ្ឍនា


ចែករំលែក៖